ចំណី​អាហារ​តាម​ផ្លូវ​! គួរ​បន្ត​ញ៉ាំ កាត់បន្ថយ ឬ​បញ្ឈប់​?

ចំណី​អាហារ​តាម​ផ្លូវ​! គួរ​បន្ត​ញ៉ាំ កាត់បន្ថយ ឬ​បញ្ឈប់​?

​ឆ្ងាញ់​! ឆ្ងាញ់​! ឆ្ងាញ់​! នេះ​ជា​សំដី ដែល​ខ្ញុំ​បានលឺ ពេល​ជិះ​កាត់ កន្លែង​ញ៉ាំ​អី​នៅតាម​ផ្លូវ​។​

​ចំណី​តាម​ចិញ្ចើមផ្លូវ ជា​របស់​ដែល​យុវវ័យ​មួយចំនួន ចូលចិត្ត​ញ៉ាំ​ជា​ក្រុម ឬ​សង្សារ ពីព្រោះ វា​មើលទៅ​សប្បាយ ឆ្ងាញ់ ហើយ​ចំណាយ​លុយ​តិច ប៉ុន្តែ អ្វី​ដែល​ពួកគេ​មើលរំលង​នោះ គឺ​បញ្ហា​សុខភាព​។​

​ស្ថិត​ក្នុង​អាយុ​នេះ យុវវ័យ​មិន​ងាយ​ឈឺ​ផ្តេសផ្តាស​នោះ​ទេ ពីព្រោះ ពួកគេ​មាន​រាងកាយ​មាំមួន និង​អង្គកា​រពារ​រាងកាយ​មាំមួន ប៉ុន្តែ ពេល​ឈានដល់​អាយុ​ចាស់​បន្តិច អ្វីៗ​នឹង​ប្រែប្រួល ហើយ​សូម្បី​តែ​ត្រូវ​ទឹកភ្លៀង ក៏​ងាយ​នឹង​ឈឺ​ដែរ​។ ដូច្នេះ យុវវ័យ​គួរតែមាន​ទម្លាប់ ក្នុង​ការថែរក្សា​សុខភាព តាមរយៈ​ការ​ញ៉ាំ​ស្អាត និង​ការ​ហាត់ប្រាណ​។​

​អាហារ​តាម​ចិញ្ចើមផ្លូវ មើល​ទៅ​ស្រស់ស្អាត និង​គួរ​ឲ្យ​ឆ្ងាញ់ ប៉ុន្តែ តើ​បងប្អូន​មាន​ដឹង​ទេ ការ​ចម្អិន និង​ការ​ទុកដាក់​របស់​វា​យ៉ាងណាដែរ​?

​ចំណី​តាមផ្លូវ​ភាគច្រើន ជា​របស់​មាន​ដាក់​ជាតិគីមី និង​ក្លាសេ ដើម្បី​ថែរក្សា​ទុកឲ្យ​បានយូរ​។ ចំណី​តាមផ្លូវ​ភាគច្រើន ចម្អិន​មិនបាន​ឆ្អិន​ល្អ ដោយសារ​តែ​ភ្ញៀវ​ច្រើន ហើយ​ភ្លើង​មាន​កម្រិត​។ ចំណី​តាមផ្លូវ​ភាគច្រើន គ្មាន​អនាម័យ ត្រូវ​ខ្យល់ និង​ធូលី​ដី​។​

​ក្រៅពីនេះ អ្នក​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ដូចជា ៖
១. ការ​រាគ​
២. ក្តៅខ្លួន​
៣. ចុកពោះ​
៤. គ្រុ​នក្តៅ​
៥. ការឆ្លង​មេរោគ​នានា​។​

​យ៉ាងណាមិញ យើង​ក៏​ឃើញ​មាន កន្លែង​មួយ​ចំនួន បាន​អនុវត្ត​ត្រឹមត្រូវ ក្នុងការ​ទុកដាក់ និង​ថែរក្សា​អនាម័យ​បានល្អ ដោយ​ដាក់​ក្នុង​ទូកញ្ចក់ និង​ចម្អិន​តាម​ស្តង់ដារ ដែល​អាច​ទទួលយកបាន​។​

​ដូច្នេះ មុន​នឹង​សម្រេចចិត្តថា​ញ៉ាំ បងប្អូន​ត្រូវ​ត្រួតពិនិត្យ​មើល​ជាមុនសិន ថា​តើ​គួ​រញ៉ាំ ឬ​មិន​ញ៉ាំ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។