មិនគួរ! ឡានកុងតឺន័រនៅស្ងៀមហើយ ជិះទៅបុក​​ស្លាប់​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​​ជ្រុល​ពេក ក៏​ទៅ​បុក​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ ដែល​កំពុង​តែ​ឈប់​រង់ចាំ​ស្តុប ​បណ្តាល​ឱ្យ​បែក​ក្បាល​​​​ស្លាប់​​​ក្នុង​ឈាម​ ​ដែលហេតុការណ៍នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៧​ និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ​សីហា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភ្លើងស្តុប​កែង​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភពពី​​កន្លែង​កើតហេតុ​ថា គេ​រក​​ឃើញ​កាត​ការងារ​របស់​ជន​រង​គ្រោះ​ឈ្មោះសៀ ចាន់​ណា អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​.ស ពាក់​ស្លាក​លេខភ្នំពេញ​1BW-7673 ។

​ប្រភពបន្ត​​ថា មុន​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង បោះពួយ​យ៉ាង​ល្បឿន​លឿន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​កំពុង​តែ​ឈប់​រង់ចាំ​ភ្លើងស្តុប ប៉ុន្តែ​ម៉ូតូជិះ​លឿន​ពេក​មើល​អត់​ឃើញ​រថយន្ត​ឈប់​បាន​ជិះ​ទៅ​បុក​គូទ​រថយន្ត​កុងតឺន័រ​ចែង​ចំហៀង​ខាងឆ្វេង​ បណ្តាល​ឲ្យ​រយះ​ក​ដួល​បោក​នឹង​ថ្នល់​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​ខ្ទាត​ទៅ​មុខ​ជាង​២០​ម៉ែត្រ ចំណែក​រថយន្ត​កុងតឺន័រ​បាន​បត់​ឆ្វេង​បើក​ទៅ​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ភ្លាម​បាន​រក​លេខ​ទូរស័ព្ទ​ទាក់ទង​ទៅ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​។