កូន​មន្ត្រី​ធំ​ៗ​នៅ​កម្ពុជា​​ អាច​រត់​តុ​តាម​ហាង​ដូច​កូន​ប្រធានាធិបតី​អា​មេ​រិ​ក​ទេ?

នៅ​​ពេល​កូនស្រី​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​ បាន​ធ្វើការ​បម្រើ​ការងារ​តាម​ហាង នាង​បាន​ធ្វើ​​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ទូ​ទាំង​ពិភព​លោក។ វា​ពិតជា​គ្មាន​នរណា​នឹក​ដល់​ឡើយ​ថា​ កូន​ប្រធានាធិបតី​នៃ​ប្រទេស​ធំ​ជាងគេ​បំផុត​ សុខចិត្ត​មក​ធ្វើ​ការងារ​ជា​អ្នកបម្រើ​បែប​នេះ​ ។

ដោយ​បាន​បន្ទាបខ្លួន​បែប​​នេះ នាង​មិន​បាន​ធ្វើឱ្យ​​ខូច​តម្លៃ​ជា​កូន​ប្រធានាធិបតី​ទេ​ ។ នាង​បាន​ជួយ​លើកមុខ​មាត់​ឪពុក​របស់​នាង​ទៅ​វិញ​ ដែល​មានកូន​ស្រី​មិន​ក្រអឺតក្រទម ​ហើយ​ចេះ​ចង់​ស្វែង​យល់​ពី​ជីវិត​ជាក់ស្តែង​​នៅ​ក្នុង​សង្គម​ ។

ករណី​របស់​កូនស្រី​​លោក​អូ​បា​ម៉ា ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ ដែល​អាច​លើកយក​មក​ពិភាក្សា​ នៅ​ក្នុង​បរិបទ​កម្ពុជា​ ដែល​កូន​អ្នកធំ​ និង​​អ្នកមាន​ខ្លះ​ បាន​បង្ក​បញ្ហា​នៅ​ក្នុង​សង្គម ​ដោយ​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​សង្គម​ និង​ឪពុក​ម្តាយ​របស់​ពួក​គេ​ ។

វា​ចាំបាច់​ណាស់​ ដែល​កូន​របស់​អ្នកធំ​ និង​អ្នកមាន​ ត្រូវ​ចេះ​រស់នៅ​ដាក់ខ្លួន​ សម្រប​ខ្លួន ​​ជាមួយនឹង​មហាជន​​ឱ្យ​បាន​ល្អ ​។ ឪពុក​ម្តាយ​​របស់​ពួក​គេ ​បាន​តំណែង​ធំ​ គឺ​ដោយសារ​តែ​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​របស់​ប្រជាជន ​ដើម្បី​ឱ្យ​​ពួក​គេ​ចូល​កាន់​តំណែង​បម្រើ​ប្រជាជន​ប៉ុណ្ណោះ​ ។ មន្ត្រី​ទាំងអស់​ មាន​តួនាទី​បម្រើប្រជាជន ​ហើយ​មិនមែន​ជា​ចៅហ្វាយនាយ​របស់​ប្រជាជន​ឡើយ​។ ប៉ុន្តែ​គួរ​ឱ្យ​​សោកស្តាយ មន្ត្រី​ខ្លះ​ និង​កូនចៅ​របស់​ពួក​គេ​បាន​ភ្លេច​គិត​អំពី​តួនាទី​ជា​អ្នកបម្រើ​ប្រជាជន​នេះ ​។

ការ​រស់នៅ​ដ៏​សាមញ្ញ​របស់​មន្ត្រី​ និង​កូនចៅ​របស់​ពួក​គេ​នឹង​ធ្វើ​ឱ្យ​​មានការ​ស្រឡាញ់​ កាន់តែ​ច្រើន​ពី​ប្រជាជន​។ ផ្ទុយ​មក​វិញ វា​គ្រាន់​តែ​បង្ហាញ​អយុត្តិធម៌​ ក្នុង​សង្គម​ប៉ុណ្ណោះ កាលណា​មន្ត្រី​ជិះឡាន​ថ្លៃ​ហួសហេតុ​ដល់​ខ្ទង់សែន​ដុល្លារ ទៅ​ជួ​ប្រជាជន​ក្រីក្រ​តាម​ជនបទ​ដែល​រក​ប្រាក់​ចំណូល​បាន​ត្រឹម​១០០​ ឬ​២០០​ដុល្លារ​ នៅ​ក្នុង​មួយ​ខែ​ ដោយ​ប្រឈម​មុខ​នឹង​ជីវភាព​ខ្វះខាត​ ។ នៅ​ពេល​ដែល​អ្នក​​ក្រីក្រ​តាម​ខេត្ត​ឃើញ​រូបភាព​បែប​នេះ វា​នឹង​ធ្វើ​អោយ​ពួក​គេ​ឈឺចាប់​ច្រើន​ជាង​ការ​សប្បាយ​នៅ​ក្នុង​ការ​ជួប​ជាមួយនឹង​មន្ត្រី​ទាំងនោះ​។

ចំណែក​កូនចៅ​របស់​មន្ត្រី​ ក៏​ត្រូវ​តែ​ប្រតិបត្តិ​ខ្លួនឱ្យ​​បាន​ល្អ ​នៅ​ក្នុង​សង្គម ​ដើម្បី​កុំឱ្យ​ជះ​ឥ​ទ្ធិ​ពល​អាក្រក់​ដល់​ឪពុក​ម្តាយ​របស់​ខ្លួន​។ ភាព​ហ៊ឺហារ​ហួសហេតុ​របស់​ពួក​គេ​ និង​ការ​បង្ក​បញ្ហា​របស់​ពួក​គេ ​នៅ​ក្នុង​សង្គម​នឹង​ផ្តល់​ផល​អាក្រក់​ដល់​ទាំង​សង្គម​ និង​ឪពុក​ម្តាយ​របស់​ពួក​គេ​ ៕