គេថា ពស់ថ្លាន់នេះ ចង់​វារទៅមើល​​តាំងពិព័រណ៍

ខេត្តស្វាយរៀង ​៖ ​​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ខាង​មុខ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ ភ្ញាក់​ផ្អើល​​​បន្ទាប់​ពី​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​​កំពុង​លូន​កាត់​ផ្លូវ ​​​ដោយ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​ ដើម្បី​រក្សា​ទុក​ប្រគល់​ឲ្យ​មន្ត្រី​សង្កាត់​រដ្ឋបាល​ជលផល​ស្វាយ​រៀង​យក​ទៅ​ដាក់​កន្លែង​សុវត្ថិភាព​ ​។

​ពលរដ្ឋ​នាំ​គ្នានិយាយ​សើច​ថា​ ប្រហែលជា​ពស់ថ្លាន់​នេះ​ ចង់​មក​មើល​គេ​តាំង​ពិ​ព​ណ័​ថៃ​ហើយ​មើលទៅ​ ទើប​ខំ​លូន​ចេញពី​ព្រៃ​មក​កាត់​ថ្នល់ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​ដល់​កន្លែង​តាំង​ពិ​ព័រណ៍ផ​ង ក៏​​ត្រូវ​គេ​ឃើញ​នាំ​គ្នា​ស្ទាក់​ចាប់​បាន​ រួច​យក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ។

ហេតុការណ៍​នេះ​ ត្រូវ​​ពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​០៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩​ សីហា​ ២០១៦ ស្ថិត​​នៅ​ភូមិ​កៀន​សាំង​សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ។ សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​ឱ្យ​​ដឹង​ថា ​នៅ​យប់មិញ​នេះ ​មាន​ពលរដ្ឋ​បាន​ចាប់​បាន​ពស់ថ្លាន់​មួយ​ក្បាល​ប្រវែង​ប្រហែល​៣​ម៉ែត្រ ​ទម្ងន់​ប្រមាណ​ជិត​២០​គីឡូក្រាម ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​រក្សា​ទុក​រង​ចាំ​ម្ចាស់​គេ​មក​យក​ទៅ​វិញ​ហើយ​ បើ​គ្មាន​ម្ចាស់​ទេ​សមត្ថកិច្ ច​និង​ប្រគល់​អោយ​ខាង​ជំនាញ​សង្កាត់​រដ្ឋបាល​ជលផល​ស្វាយ​រៀង​យក​ទៅ​អភិ​រក្ស​ ។