ឋានសួគ៌​ ​​”ជ្រលង​ឧទ្យាន​ប្រាសាទ​បញ្ចុះសព” ​ល្បី​រន្ទឺ​លើ​លោក ​អ្នក​ទេសចរ​ថា​ចង់​ស្លាប់​ទីនេះ

ចង់​រស់​​នៅ​ទី​នេះ ឬ​ទីនោះ ជា​ពាក្យ​សាមញ្ញ​ទៅ​ហើយ ​ហើយ​ក៏​កម្រ ឬ​ក៏​មិន​ធ្លាប់​មាន​អ្នក​និយាយ​សោះ​ថា ទៅ​ដល់​កន្លែង​ណាមួយ​ហើយ ចង់​ស្លាប់​នៅ​ទី​នោះ ដោយ​សប្បាយ​រីករាយ​ទេ។

 

“…គ្រាន់​តែ​ឃើញ ខ្ញុំ​ចង់​ស្លាប់​នៅ​ទី​នេះ”។ ស្ដាប់​ទៅ​ហាក់​កំប្លែង​បន្តិច​ តែ​នេះ​ជា​ការ​លើក​ឡើង​របស់​ទេសចរ​កម្ពុជា​មួយ​រូប​កំពុង​ឈរ​ក្នុង​ទី​កម្សាន្ត​ និង​សំលឹង​​ពី​ទិដ្ឋភាព​ទី​ឋាន​បញ្ចុះ​សព​លើ​កោះ O’ahu។

 

ហ៊ុមព័ទ្ធ​ដោយ​សមុទ្រ​ជាប់​មេឃ ព្រឹក្ស​ព្រៃ​ចម្រុះ​ពណ៌​​ ឯ​ពពក​កកកុញ​លើ​កំពូល​ភ្នំ ​ទី​បញ្ចុះ​សព​​ដ៏​ថ្លៃ និង​រៀបចំ​ជា​សួន​មាន​ទាំង​ផ្លូវ​យ៉ាង​មាន​របៀបរៀបរយ ​”ជ្រលង​ឧទ្យាន​ប្រាសាទ​បញ្ចុះសព” ​(Valley of the Temples Memorial Park) ​បាន​អន្ទង​ចិត្ត​ទេសចរ​ដែល​ទិញ​សំបុត្រ​ចូល​ទៅ​កម្សាន្ត សរសើរ​មិន​ដាច់​ពី​មាត់​ពី​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល របស់​ឧទ្យាន​ទីឋាន​បញ្ចុះ​សព រហូត​មាន​អ្នក​ខ្លះ​​​ថា ខ្លួន​ចង់​ស្លាប់ ​និង​បញ្ចុះ​នៅ​ទីនេះ​ដ៏​ស្ងប់ស្ងាត់​នេះ។

 

 ឋានសួគ៌​ ​​”ជ្រលង​ឧទ្យាន​ប្រាសាទ​បញ្ចុះសព” ​ល្បី​រន្ទឺ​លើ​លោក ​អ្នក​ទេសចរ​ថា​ចង់​ស្លាប់​ទីនេះ ឋានសួគ៌​ ​​”ជ្រលង​ឧទ្យាន​ប្រាសាទ​បញ្ចុះសព” ​ល្បី​រន្ទឺ​លើ​លោក ​អ្នក​ទេសចរ​ថា​ចង់​ស្លាប់​ទីនេះ

សាច់​ញាតិ​គ្រួសារ​សព​​ទៅ​លេង ​និង​ផ្កា​ដាក់​មុខ​ថ្នូរ  (ថតដោយ៖ Huawei P9 )

 

ជម្រាល​ឧទ្យាន​បញ្ចុះសព​លើ​កោះ ​ជាប់​ជើង​ភ្នំ មួយ​នេះ​​ស្ថិត​នៅ​​ប្រជុំ​​ភ្នំ Ko’olau លើ​កោះ​ O’ahu ក្រុង ហ័នឺលូលូ ​ភាគ​ខាង​ជើង ​រដ្ឋ​ហាវ៉ៃ ​សហរដ្ឋ​អាមេរិក ​បង្កើត​ដោយ​កំពូល​អ្នក​ជំនួញ​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​ជនជាតិ​អាមេរិក លោក Paul Trousdale កាល​ពី​ឆ្នាំ​ ១៩៦៣។ ក្រៅ​ពី​គោលបំណង​នៃ​ការ​បង្កើត​ឧទ្យាន​បញ្ចុះសព​ផង ​និង​យក​ជា​ទី​កម្សាន្ត​សម្រាប់​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​ផង​នោះ ដី ឬ​ទីតាំង​សម្រាប់​បញ្ចុះ​សព ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី​ខ្ទង់​ពាន់​ដុល្លារ ទៅ​ខ្ទង់​ម៉ឺន​ដុល្លារ។

 

បើ​និយាយ​ពី​ការ​ទិញ​លក់​ ទីតាំង​បញ្ចុះសព​ ​មិន​ខុស​ពី​អី​ពី​ដីឡូតិ៍​នៅ​កម្ពុជា​ទេ ព្រោះ​តម្លៃ​គឺ​អាស្រ័យ​ទៅ​លើ​ទីតាំង និង​ទំហំ។ ​សម្រាប់​អ្នក​មាន​ប្រាក់​ក្រាស់ក្រែល អាច​ឆ្លាក់​ស្លាក​ឈ្មោះ​មុខ​ថ្នូរ​បាន ក្នុង​ទំហំ​ធំ​គួរ​សម​មួយ​បាន ដោយ​តម្លៃ​ចាប់​ពី​ខ្ទង់​ម៉ឺន​ដុល្លារ​ឡើង​ឡើង​ទៅ។ ​ដោយ​ឡែក​សម្រាប់​ក្រុម​គ្រួសារ​ដែល​ចង់​បញ្ចុះ​សមាជិក​របស់​ខ្លួន​ដែល​បាន​ចែកឋាន​ក្នុង​បរិវេណ​ខាង​លើ ​តែ​ដុល្លារ​ស្ដើង គឺ​បាន​ត្រឹម​បំពង់​ថូ​ផ្កា​ជា​តំណាង​តូចៗ ប៉ុណ្ណោះ។

 

ឋានសួគ៌​ ​​”ជ្រលង​ឧទ្យាន​ប្រាសាទ​បញ្ចុះសព” ​ល្បី​រន្ទឺ​លើ​លោក ​អ្នក​ទេសចរ​ថា​ចង់​ស្លាប់​ទីនេះ

ថូផ្កា​មុខ​ថ្នូរ តំណាង​ឲ្យ​​ ថ្នូរ​មួយ ​ដែល​ទំហំ​ដី​ប៉ុណ្ណេះ​មាន​តម្លៃ​ប៉ុន្មាន​ពាន់​ដុល្លារ​អាមេរិក

ឋានសួគ៌​ ​​”ជ្រលង​ឧទ្យាន​ប្រាសាទ​បញ្ចុះសព” ​ល្បី​រន្ទឺ​លើ​លោក ​អ្នក​ទេសចរ​ថា​ចង់​ស្លាប់​ទីនេះ

ថ្នូរ (ម៉ុង)​ចិន ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

 

មិន​ខុស​ពី​ដីឡូតិ៍​ត្រង់​ទំហំ ទីតាំង ឬ​តម្លៃ​នោះ​ជា​រឿង​មួយ​ដែល​មិន​ពិបាក​គិត​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វី​ដែល​អ្នក​រកស៊ី​មិន​អាច​មើល​រំលង​បាន​គឺ ឈ្មួញ​កណ្ដាល ​ដែល​​​ទិញ​ទីតាំង​បង្កក​ទុក​លក់​​​ចំណេញ​ពេល​ក្រោយ។

 

ថ្វី​ត្បិត​តែ​ជា​ជនជាតិ​អាម៉េរិកាំង ប៉ុន្តែ​ David C. មាន​មិត្តភ័ក្ដិ​ជា​ជនជាតិ​ចិន ​ក៏​ជា​អ្នក​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ហុងស៊ុយ​មិន​ចាញ់​ប្រជាជន​អាស៊ី ឬ​ចិន​ដែរ។ ប៉ុន្មាន​ឆ្នាំ​មុន David រំលឹក​ថា ​ខ្លួន​មាន​បំណង​ទិញ​ទី​បញ្ចុះ​សព​ខ្លួន និង​ភរិយា​ក្នុង ​”ជ្រលង​ឧទ្យាន​ប្រាសាទ​បញ្ចុះសព” និង​បន្ត​ពឹង​ពាក់​មិត្តភ័ក្ដិ​ជា​ជនជាតិ​ចិន​ដែល​ចេះ​មើល​ទីតាំង​ភូមិសាស្ត្រ ចេះ​ទស្សន៍ទាយ និង​ចេះ​មើល​​ហុងស៊ុយ​ផង​នោះ​ឲ្យ​ជួយ​គុនគូ មើល​ពី​កន្លែង​ដែល​គេ​បម្រុង​នឹង​ទិញ​ថា​តើ​ល្អ ឬ​អាក្រក់ ដើម្បី​កុំ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់​ក្ដៅក្រហាយ​ដល់​​កូនចៅ​ជំនាន់​ក្រោយ ក្រោយ​ពេល​បញ្ចុះ។ មិត្តភ័ក្ដិ​ជា​ជនជាតិ​ចិន​របស់​បុរស​អាម៉េរិកាំង​​ឆ្លើយ​មិន​បង្អង់​ថា “ទីតាំង​នៅ​ទី​ខ្ពស់​អែប​ជើង​ភ្នំ ជាប់​សមុទ្រ ​ជា​តំបន់​កន្ទុយ​នាគ…​ជើង​លេខ​ថា​ល្អ​ណាស់”។ បាន​ភ្លើង​ខៀវ​ប៉ុណ្ណេះ ដេវីឌ មិន​បង្អង់​ទេ ក៏​ប្រញាប់​ទិញ កន្លែង​ទុក​បញ្ចុះ​សព​ខ្លួន និង​ភរិយា​បាន ២កន្លែង ​ក្នុង​តម្លៃ ៣០០០​ដុល្លារ។ រហូត​មក​ទល់​ពេល​នេះ អត់​ទាន់​មាន​សមាជិក​ណា​ម្នាក់​បាត់​បង់​ជីវិត​នៅ​ឡើយ​ទេ។ ដេវីឌ​បន្ត​ថា “…ឥឡូវ​គេ​សុំ​ទិញ​វិញ​​ ២ម៉ឺន​ដុល្លារ…”

 

ឋានសួគ៌​ ​​”ជ្រលង​ឧទ្យាន​ប្រាសាទ​បញ្ចុះសព” ​ល្បី​រន្ទឺ​លើ​លោក ​អ្នក​ទេសចរ​ថា​ចង់​ស្លាប់​ទីនេះ

 

មិន​ថា​អ្នក​នយោបាយ ​អ្នក​អប់រំ​សាសនា​ល្បីៗ ឬ​អ្នក​ជំនួញ​គ្រាក់ៗ​​ប្រចាំ​រដ្ឋហាវ៉ៃ របស់​អាមេរិក សុទ្ធ​តែ​បញ្ចុះ​នៅ​ទី​នេះ ដោយ​បែងចែក​តាម​ឋានានុក្រម និង​តម្លៃ​ដី។ ទី​បញ្ចុះ​សព លើ​ដែនដី​កោះ​របស់​រដ្ឋ​ហាវ៉ៃ មិន​មែន​មាន​តែ​ ​”ជ្រលង​ឧទ្យាន​ប្រាសាទ​បញ្ចុះសព” ​(Valley of the Temples Memorial Park) មួយ​ប៉ុណ្ណោះ​ទេ​ដែល​ដាក់​លក់ ​ឬ​ឈ្មួញ​កណ្ដាល​ប្រកប​របរ​ទិញ​លក់ ប៉ុន្តែ​កន្លែង​បញ្ចុះ​សព​ផ្សេងៗ​ក៏​ត្រូវ​បាន​គេ​កំពុង​ធ្វើ​ជំនួញ​យ៉ាង​គគ្រឹកគគ្រេង​ពេញ​អនឡាញ ​ដោយ​សារ​ទេសភាព ​ទីតាំង (កោះ/ភ្នំ/សមុទ្រ) ព្រម​ទាំង​ការ​បោះ​ទុន​វិនិយោគ​លើ​ការ​រៀបចំ​ទី​បញ្ចុះ​សព​ទាំង​នោះ​ជា​តំបន់​កម្សាន្ត​ និង​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​គ្រប់ច្រកល្ហក​ថែម​ទៀត​ផង៕

 

វីដេអូ៖​

 

 

ដោយ៖ ចិត្ត