ដឹង​ថា​រឿង “Jailbreak” ចំណាយ​លុយ​ផលិត​ប៉ុន្មាន​អត់?

រឿង “Jailbreak” បាន​បញ្ចប់​ដំណើរ​ការ​ថត​របស់​ខ្លួន​ហើយ​កាល​ពី​ពេល​ថ្មី​នេះ ដោយ​គ្រោង​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា​ក្នុង​ដើម​ឆ្នាំ ២០១៧ ខាង​មុខ។ បើ​តាម​អ្នក​នាំ​រឿង Jimmy Henderson បង្ហើប​ថា ភាពយន្ត​មួយ​នេះ​ចំណាយ​លុយ​អស់​ប្រមាណ ៥០ម៉ឺន​ដុល្លារ​ឯណោះ។

 

ដឹង​ថា​រឿង “Jailbreak” ចំណាយ​លុយ​ផលិត​ប៉ុន្មាន​អត់?លោក Jimmy Henderson និង​តារា​សម្ដែង Jean Paul-Ly

លោក Jimmy Henderson ជឿជាក់​ថា ស្នាដៃ​របស់​លោក​នឹង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​មោទនភាព​មិន​ខាន ។ លោក​និយាយ​ថា៖” នេះ​ជា​ខ្សែ​ភាពយន្ត​ល្អ​បំផុត ដែល​មិន​ធ្លាប់​បាន​ធ្វើ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ ​ព្រោះ​វា​មាន​ឈុត​ឆាក​ប្រយុទ្ធ​គ្នា​ដែល​មាន​គុណភាព​ខ្ពស់ និង​ការ​សម្ដែង​ដ៏​អស្ចារ្យ”។

 

បុរស​ជនជាតិ​អ៊ីតាលី​ខាង​លើ​បន្ថែម​ថា ស្នាដៃ​របស់​លោក​មួយ​នេះ​ត្រូវ​បាន​​ផលិត​ឡើង​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ក្នុង​នោះ​លោក​បាន​ចំណាយ​លុយ​ជា​ច្រើន​លើ​គម្រោង ហើយ​បាន​ប្រមូល​មនុស្សម្នា​ជា​ច្រើន ដើម្បី​ចូលរួម​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​​កន្លង​មក​ទាំង​តួ​សម្ដែង និង​ក្រុម​ការងារ​បច្ចេកទេស។

 

ជាមួយ​គ្នា​នោះ​លោកJimmy Henderson អះអាង​ថា រឿង “Jailbreak” គឺ​ជា​វណ្ណកម្ម​ទី​៥​របស់​លោក​ហើយ​នៅ​ប្រទេស​កម្ពុជា។ កន្លង​មក​លោក​ធ្លាប់​បាន​ផលិត​រឿង “រត់”, “ហនុមាន”, “ព្រៃ​ខ្សឹប” និង​ភាពយន្ត​បែប​ភ័យ​រន្ធត់​មួយ​ទៀត។ ប៉ុន្តែ​ភាពយន្ត​ទាំង​នោះ​មាន​ខ្ទង់​ចំណាយ​ធំ​ដូច​លើក​នេះ​ទេ។

 

យ៉ាង​ណា​មិញ ប្រភព​ដដែល​បន្ថែម​ថា បន្ទាប់​ពី​ការ​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​ហើយ​នោះ លោក​ក៏​មាន​គម្រោង​នាំ​យក​ភាពយន្ត​មួយ​នេះ ទៅ​ចាក់​បញ្ចាំង​នៅ​បណ្ដា​ប្រទេស​អាស៊ី​មួយ​ចំនួន​ផង​ដែរ។ ហើយ​ប្រសិន​បើ​ជោគជ័យ​ក្នុង​តំបន់ ផែន​ការ​បន្ទាប់​គឺ​នាំ​​រឿង “Jailbreak” ទៅ​ចាក់​បញ្ចាំង​នៅ​បណ្ដា​ប្រទេស​ក្រៅ​តំបន់​អាស៊ី​បន្ត​ទៀត៕

 

ដឹង​ថា​រឿង “Jailbreak” ចំណាយ​លុយ​ផលិត​ប៉ុន្មាន​អត់?

អត្ថបទ៖ សំ ជំនាញ