អស់រលីង​ហ្មង ! ទាំង​កម្មករ ទាំង​រោងចក្រ​ស៊ូ​ស្តា

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ស៊ូ​ស្តា​ត្រូវ​បាន​ក្រុម​ចោរ​គាស់​ចូល​យក​​ប្រាក់​ទុក​សម្រាប់​បើក​ប្រាក់ខែ និង​ប្រាក់​ថែម​ម៉ោង​ឲ្យ​កម្មករ​​អស់​ជិត​២៦​ម៉ឺន​ដុល្លារ​ ។

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​រោងចក្រ​ស៊ូ​ស្តា​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពុងស្ពឺ បន្ទាប់​ពី​ត្រូវ​ក្រុម​ចោរ​គាស់​ចូល​ទៅ​លួច​ប្រាក់​អស់​ចំនួន​២៥៨.៧៣៤​ដុល្លារ​អា​មេ​រិ​ក​ដែល​ត្រៀម​សម្រាប់​បើក​ប្រាក់ខែ និង​ប្រាក់​ថែម​ម៉ោង​កម្មករ​-​កម្មការិនី ។

សេចក្តីរាយការណ៍​បញ្ជាក់​ថា មិន​ទាន់​មាន​ប្រភព​ណាមួយ​អះអាង​ថា​ជនសង្ស័យ​មាន​ប៉ុន្មាន​នាក់ ហើយ​ជា​មនុស្ស​មក​ពី​ខាងក្រៅ ឬ​ខ្មោច​ក្នុង​ឲ្យ​ដៃ​នោះ​ទេ ព្រោះ​ពេល​នេះ​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត ៕