បេសកកម្ម​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ខេត្តកំពង់ឆ្នាំង​ទឹកដី​ក​ង្រី

ខេត្តកំពង់ឆ្នាំង ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សម្តេច​នឹង​ដោះស្រាយ​ផ្សារ​លក់ដូរ​ជូន​ដល់​ប្រជាពលរដ្ឋ​ជា​អាជីវក​រទូ​ទាំង​ប្រទេស​តែ​ម្តង ដែល​ចាប់ផ្តើម​ពី​ផ្សារ​កំពង់ឆ្នាំង​នេះ​ទៅ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្រុង ស្រុក និង​ខេត្ត​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ។

ទាក់ទិន​នឹង​បញ្ហា​ផ្សារ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា កាលពីមុន​ខ្ញុំ​ចាប់ផ្តើម​ពី​ខេត្តកំពង់ធំ បញ្ហា​ផ្សារ​ដែល​ខ្ញុំ​ធ្វើ​ឱ្យ ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ​បាន​ច្បាស់លាស់ យើង​ក៏​ត្រូវ​ផ្តល់​ឱ្យ​គាត់​ច្បាស់លាស់​ឱ្យ​គាត់​បាន​លក់ដូរ​តទៅ​ដែរ ។

ដោយឡែក​នៅ​ផ្សា​រលើ​ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ​បាន​ស្នើ​សុំ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បន្ត​ការ​លក់ដូរ​របស់​ពួក​គាត់​ដល់​ឆ្នាំ​២០៤៥ ។
ទាក់ទិន​លើ​បញ្ហា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បានឱ្យ​លោក​អភិបាលខេត្ត​ពិនិត្យ​ដោះស្រាយ​ជូន​ពួក​គាត់ ដល់​ពេល​ចប់​អាណត្តិ​វិនិយោគ​ផ្សារ​នេះ ផ្សារ​នេះ​ត្រូវ​ប្រគល់​ឱ្យ​រដ្ឋ​វិញ ត្រូវ​បន្ត​ឱ្យ​ពួក​គាត់​លក់ដូរ​កន្លែង​ដដែល​ដល់​ឆ្នាំ​២០៤០ ។ បន្ទាប់​ពី​នេះ​នៅ​គិតគូរ​ឡើង​វិញ ។

មុន​នឹង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ចុះ​សាកសួរ ប្រជាពលរដ្ឋ​អាជីវករ​លក់ដូរ​នៅ​ផ្សា​រលើ​កំពង់​ឆ្នាំ សម្តេច​បាន​អញ្ជើញ​ជួប​សំណេះសំណាល​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៅ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ក្រុង​កំពង់ឆ្នាំង ។ នៅ​ក្នុង​ពិធី​សំណេះសំណាល​ក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​កសាង​អគារ​១​ខ្នង​កម្ពស់​២​ជាន់​មាន​១២​បន្ទប់​ដល់​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​សង់​អគារសិក្សា​១​ខ្នង​មាន​៣​ជាន់ ១៨​បន្ទប់​ជូន​ដល់​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​កំពង់ឆ្នាំង​ផង​ដែរ ។

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ឱ្យ​ដឹង​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ដោះស្រាយ​នូវ​រាល់​ការ​លំបាក​និង​សំណូមពរ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ជាក់ស្តែង ។ សម្តេច​បាន​សម្រេច​លុប​ចោល​ដី​សម្បទាន​សង្គមកិច្ច​ក្រុមហ៊ុន​ភា​ពី​មិ​ុ​ច ដែល​នៅ​សេសសល់​ទាំងអស់​បន្ថែម​ទៀត ។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ទទួល​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មហា​ឧបាសក ហ៊ុន នាង មហា​ឧបាសិកា ឌី ប៉ុក មាតាបិតា​បង្កើត​របស់​សម្តេច និង​មូលនិធិ​បាយ័ន​រួម​មាន​អគារសិក្សា​១៤០​ខ្នង ស្មើនឹង​៧៤១​បន្ទប់ និង​អណ្តូងទឹក​២០៣​កន្លែង ដែល​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ទាំង​អស់នេះ​បាន​ជួយ​ដល់​តម្រូវការ​ចាំបាច់​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​សំខាន់ ដែល​យើង​ទាំងអស់​គ្នា​ពិតជា​មិន​អាច​បំភ្លេច​បាន​នូវ​គូ​ណូ​បការៈ​ដ៏​ធំធេង​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឡើយ ៕