អុញហួស​ចិត្ត​​ ! ក្រោយបង្ក្រាប​ហាង​កុងស៊ី «ប្រាក់ ម៉ាលី»

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ចុះ​ផ្សាយ​ពី​ករណី​ចុះ​បង្ក្រាប​កន្លែង​កុងស៊ី​មួយ​កន្លែង មាន​យីហោ «​ប្រាក់ ម៉ា​លី​» ឬ​ហៅ​ថា​រតន៍ នោះ នា​ព្រឹក​ថ្ងៃ​ទី​១០ សីហា ២០១៦ បន្ទាប់​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ពី​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យឹ​ម សា​រ៉ា​ន់ និង​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​រង​លោក​សេង ហៀ​ង មក​នោះ ត្រូវ​បែកធ្លាយ​ថា ជា​រឿង ប្រឌិត​របស់​ម្ចាស់​ម៉ូតូ​ទេ ដែល​ប្តឹង​ថា ត្រូវ​ចោរប្លន់​ម៉ូតូ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​នី​តា ពណ្ណរាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។

បុរស​ជា​ម្ចាស់​ម៉ូតូ​ឆ្លើយ​សារភាព​ថា ការ​ពិត​ខ្លួន​មិន​បាន​ត្រូវ​ចោរប្លន់​នោះ​ទេ គឺ​ខ្លួន​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​ដោយ​ខ្លួនឯង រួច​ប្រើ​ល្បិច​ថា ត្រូវ​ចោរប្លន់ ដោយ​មក​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ ។ ជន​នោះ​បន្ត​ថា មូលហេតុ​ដែល​ខ្លួន​ធ្វើ​បែប​នេះ គឺ​ដោយសារ​ខ្លួន​បាន​ចាញ់ល្បែង និង​រកស៊ី​ខាតដើម​អស់​លុយ​ពី​ខ្លួន ទើប​ធ្វើ​ល្បិច​បែប​នេះ ដើម្បី​បាន​លុយ​វិញ កុំឱ្យ​ម្តាយ​ស្តីបន្ទោស​ខ្លួន ។ តែ​ទោះបីជា​យ៉ាងណា យុវជន​ជា​ម្ចាស់​ម៉ូតូ​នេះ ត្រូវ​គេ​ដឹង​ថា ជា​មនុស្ស​ងប់​នឹង​ល្បែង​បំផុត ។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៨ សីហា នោះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឆែក​នៅ​កុងស៊ី​មួយ​កន្លែង​យីហោ «​ប្រាក់ ម៉ា​លី​» ហៅ​ថា​រត៍ ស្ថិត​នៅផ្ទះ​លេខ​11A, ផ្លូវ​លេខ​២០២ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ហើយ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ធ្វើការ​ស្រាវជ្រាវ​រហូត​ចុះ​ឆែកឆេរ​ភ្លាម​ៗ ។

ក្នុង​នោះ បាន​ឃាត់ខ្លួន​បុរស​២​នាក់​ជា​ម្ចាស់​ទិញ​លក់ ឈ្មោះ​ហុង វ​ណ្ណា អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១១ ផ្លូវ​១០៧ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា និង​ម្នាក់​ទៀត​ឈ្មោះ​សុង សុ​ជាតិ អាយុ​៣៨​ឆ្នាំ មានផ្ទះ​លេខ​៤៨៥ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រួម​ទាំង​វត្ថុ​តាង​ម៉ូតូ ដែល​ម្ចាស់​បាន​យក​មក​ដាក់បញ្ចាំ​នៅ​ហាង​ខាងលើ ធុន​C125 ពាក់​ស្លាក​លេខ 1AY-4444 ដែល​បំភ្លៃ​ថា ត្រូវ​ចោរប្លន់​នោះ ។