យួន​ចូលមក​សាងសង់​ប៉ុស្ដិ៍​ឈរជើង​តាម​ព្រំដែន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ យ៉ាង​គឃ្លើន​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​ថ្មីៗ​នេះ​ទាហាន​យួន​ចូលមក​សាងសង់​ប៉ុស្ដិ៍​ឈរជើង​ថ្មី​២​កន្លែង​តាម​នៅក្នុង​តំបន់ស នៃ​ព្រំដែន ខេត្តរតនគិរី របស់​កម្ពុជា​ជាប់​ព្រំប្រទល់​ខេត្ត​យ៉ា​ឡាយ របស់​យួន​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​រស់​នៅតាម​តំបន់​ព្រំដែន​ក្នុងភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការបាត់បង់​បូរណភាព​ទឹកដី ព្រោះ​ទាហាន​យួន​អាច​ចូលមក​សាងសង់​ប៉ុស្ដិ៍​ឈរជើង​ក្នុង​តំបន់ស ដែល​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​ខ្មែរ​។ មន្ត្រី​អាជ្ញាធរ​ឃុំ​ប៉ក់​ញ៉ៃ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទាហាន​យួន​បាន​ចូលមក​សាងសង់​ប៉ុស្ដិ៍​ថ្មី​២​កន្លែង​ជា​ឯកតោភាគី ខណៈ​នៅក្នុង​តំបន់​នោះ​មិនទាន់មាន​ការឯកភាព​គ្នា​ក្នុងការ​កំណត់ព្រំដែនរ​វាង​ប្រទេស​យួន និង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​។

កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី បាន​ទទួលស្គាល់ថា​ទាហាន​យួន​ពិតជា​បាន​រំលោភ​ជាថ្មីទៀត​មកលើ​តំបន់ស ដែលជា​តំបន់ហាមឃាត់​មិន​ឲ្យ​ភាគី​ណាមួយ​សាងសង់​អ្វី​ឬ​ដាំ​ដំណាំ​អ្វី​ផ្សេងៗ​នោះទេ នៅ​មុនពេល​មានការ​វាស់វែង​កំណត់ព្រំដែន​ច្បាស់លាស់​រវាង​ប្រទេស​ទាំង​២​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ករណី​ទាហាន​យួន​ចូលមក​សាងសង់​ប៉ុស្ដិ៍​ឈរជើង​តាម​ព្រំដែន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ​នោះ គឺ​អាជ្ញាធរខេត្ត បានធ្វើ​របាយការណ៍​ទៅ​ក្រសួងមហាផ្ទៃ និង​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​រួចហើយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ទន្ទឹមនឹងនេះ​ក៏មាន​ការអំពាវនាវ​ឲ្យ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន និង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ភាគី​យួន​រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

តាម​មន្ត្រី​អាជ្ញាធរ​ស្រុក​អូ​រយ៉ា​ដាវ និង​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ទីតាំង​ដែល​ទាហាន​យួន​កំពុង​សាងសង់​ប៉ុស្ដិ៍​ឈរជើង​២​កន្លែង​នោះ គឺ​ស្ថិតនៅ​ចំណុច​អូរ​កុមារ​ជិត​បង្គោល​ព្រំដែន​លេខ​៣០ ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ហើយ​ប៉ុស្ដិ៍​ទាំង​២​នោះ​ទី​១​មាន​ទំហំ​ប្រមាណ​៣០០​ម៉ែត្រក្រឡា និង​ទី​២​មាន​ទំហំ​ប្រមាណ​១០០​ម៉ែត្រក្រឡា ដោយ​គេ​បាន​ចាក់គ្រឹះ​និង​ចាក់​សសរ​កម្ពស់​៤,៥០​ម៉ែត្រ​។ មន្ត្រី​អាជ្ញាធរ​ឃុំ​ប៉ក់​ញ៉ៃ បាន​ឲ្យ​ដឹងថា​កន្លងមក​ភាគី​យួន​បាន​ចូលមក​ជីក​ស្រះ​ទឹក​ចំនួន​៨​ក្នុង​ទឹកដី​ខ្មែរ ដែល​យួន​អះអាងថា​ជា​តំបន់ស ហើយ​ឥឡូវនេះ​ទាហាន​យួន​បាន​សាងសង់​ប៉ុស្ដិ៍​ថ្មី​សម្រាប់​ឈរជើង​២​កន្លែង​ទៀត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន និង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​ភាគី​យួន​បំពាន​លើ​កិច្ចព្រមព្រៀង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​តទៅទៀត​។ ជាពិសេស​ការវាស់វែង​កំណត់ព្រំដែន​នៅក្នុង​តំបន់​នោះ​ឲ្យ​បាន​ឆាប់ គឺជា​រឿង​សំខាន់បំផុត​ដើម្បី​កុំ​ឲ្យ​អាជ្ញាធរ​យួន និង​ទាហាន​យួន​រំលោភបំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​៕

var-kimhong-2015-06-02-2015-07-01លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន vn_pond_150612-2015-06-23