​លោក កឹម សុខា បញ្ជាក់ថា ភាពរឹងមាំ​របស់​សមា​ជិ​ក​សភា​ទាមទារ​ឲ្យ​មាន សមត្ថភាព លទ្ធភាព និង សកម្មភាព​

ក្នុង​បំណង​ជំរុញ​ការរីកចម្រើន និង​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធានា​មានប្រៀប​ឈ្នះ​ក្នុង​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​នោះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន សមត្ថភាព លទ្ធភាព  សកម្មភាព និង​បំពេញភារកិច្ច​ជាច្រើន​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​។​

ថ្លែង​នៅក្នុង​ឱកាស​បិទ​អង្គសិក្ខាសាលា ស្ដីពី​នីតិវិធី​នៃ​ការតាក់តែង​ច្បាប់ សម្រាប់​ក្រុម​សមាជិក​សមាជិក​សភាគ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​រៀបចំ​ដោយ មូលនិធិ​ខុនរ៉ាដ អា​ដិ​ន​ណូ​អ៊ែរ​(Konrad-Adenauer-Stiftung)​របស់​អាល្លឺម៉ង់ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា ភាពរឹងមាំ​របស់​សមា​ជិ​ក​សភា​ទាមទារ​ឲ្យ​មាន សមត្ថភាព លទ្ធភាព និង សកម្មភាព បំពេញភារកិច្ច​ឲ្យ​បាន​ដូចជា​៖ ទី​១-​ការធ្វើ​ច្បាប់ និង​អនុម័ត​ច្បាប់ ទី​២-​ការតាមដាន ត្រួតពិនិត្យ រដ្ឋាភិបាល និង​ទី​៣-​ការចុះ​ជួប និង​ជួយ​អន្ដរាគមន៍ ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ ។​

លោក កឹម សុខា បានស្នើ​ឲ្យ​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំងអស់ បង្កើន សមត្ថភាព លទ្ធភាព និង​សកម្មភាព​របស់ខ្លួន​ឲ្យ​ច្រើន​ដើម្បី​បំពេញភារកិច្ច​ខាងលើនេះ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ការធ្វើសិក្ខាសាលា​ស្ដីអំពី​ការតាក់តែង​ច្បាប់​នៅពេលនេះ គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ដល់​ការងារ​បំពេញភារកិច្ច​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

​គួរ​បញ្ជាក់ថា បើទោះជា​ស្ថានភាព​នយោបាយ​សព្វថ្ងៃ​កំពុងមាន​ភាព​តានតឹង​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ពង្រឹង​យុទ្ធសាស្ត្រ​របស់ខ្លួន ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​បាន​គ្រប់គ្រាន់​ចូលរួម​ដំណើរការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ឆ្នាំ​២០១៨​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែមាន​ប្រជាប្រិយ​ភាពកើនឡើង បើទោះជា​ស្ថានភាព​នយោបាយ​កំពុង​តានតឹង​ក៏ដោយ​៕

13873196_1425113210839307_3750984568545575300_n 13876150_1425113344172627_1223102600354112776_n