រោងចក្រ​ផលិត​ស្ករស​ខេត្តព្រះវិហារ នឹង​ផលិត​ឡើង​វិញ​នៅ​ចុងឆ្នាំ​2016

ខេត្តព្រះវិហារ ៖ រោងចក្រ​ផលិត​ស្ករស របស់​ក្រុមហ៊ុន​ចិន រ៉ូ​យ ហ្វេ​ង ដែល​មា​នទី​តាំងនៅ​ខេត្តព្រះវិហារ បាន​ផ្អាក​ការ​ផលិត​មួយ​រយៈ ក្រោយ​ពី​ដំណើរការ​បាន​ត្រឹមតែ​ជាង​៥០​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ដាក់​សម្ពោធ​កាលពី​ខែមេសា​កន្លង​ទៅ ។ ទោះបី​យ៉ាងណា រោងចក្រ​នេះ​នឹង​ដំណើរការ​ឡើង​វិញ​នៅ​ចុងឆ្នាំ​២០១៦​ខាង​មុខ ដែល​ជា​រដូវ​ប្រមូល​ផលដំណាំ​អំពៅ ។ នេះ​បើ​យោង​តាម​តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ សីហា ម្សិលមិញ​នេះ ។

លោក ហ្គួ​យ យៀង តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចម្ការ​អំពៅ រ៉ូ​យ ហ្វេ​ង បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន រ៉ូ​យ ហ្វេ​ង បាន​ផ្អាក​ដំណើរការ​ផលិត​ស្ករស​កាលពី​ខែមិថុនា​កន្លង​មក ក្រោយ​ពី​ផលិត​បាន​ប្រមាណ​ជាង​៥០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​នេះ ។ លោក​ថា ៖ « ការ​ផ្អាក​ដំណើរការ​ផលិត​ស្ករស​នេះ មិន​មែនមាន​បញ្ហា​ណាមួយ ឬ​ក៏​កង្វះ​ការ​ផ្គត់ផ្គង់​អំពៅ​សម្រាប់​ផលិត​ស្ករស​នោះ​ទេ គឺ​ដោយសារ​ជា​ទូទៅ ខ្សែ​សង្វា​ក់​ផលិតកម្ម រោងចក្រ​ផលិត​ស្ករស​ដំណើរការ​កិន​ចម្រាញ់​យកជាតិ​ស្ករ ក្នុង​រយៈពេល​យ៉ាងច្រើន​ត្រឹមតែ​៩០​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ » ។

ទោះបី​យ៉ាងណា លោក ហ្គួ​យ យៀង អះអាង​ថា ៖ « រោងចក្រ​មួយ​នេះ​នឹង​បន្ត​ការ​ផលិត​ស្ករស​បន្ត​ទៀត​នៅ​ចុងឆ្នាំ​២០១៦​ខាង​មុខ នៅ​ក្នុង​ពេល​ប្រមូល​ផល​អំពៅ​របស់​ក្រុមហ៊ុន រួម​ទាំង​ដំណាំ​អំពៅ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ចុះ​កិច្ចសន្យា​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​កន្លង​ទៅ » ។
តំណាង​ក្រុមហ៊ុន​រូប​នេះ​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​មាន​តម្រូវការ​ដំណាំ​អំពៅ​ច្រើន​ជាង​ការ​អភិវឌ្ឍ​សព្វ​ថ្ងៃនេះ​ទៅ​ទៀត និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ អាច​សហការ​ជាមួយ​ក្រុមហ៊ុន ធ្វើការ​វិនិយោគ​ដាំ​ដុះ​ដំណាំ​អំពៅ​រួម​គ្នា បន្ថែម​ទៀត ដើម្បី​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ផលិត​របស់​ក្រុមហ៊ុន ជា​ពិសេស ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​ដល់​ប្រជាជន​ទាំងអស់​ដែល​រស់ នៅ​ទីនោះ​ផ្ទាល់ ។

ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​ពិនិត្យ​រោងចក្រ​ផលិត​ស្ករស និង​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៥ កន្លង​មក លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មាន​ប្រសាសន៍​ថា​៖ « ប្រជា​កសិករ​ក្នុង​មូលដ្ឋាន គួរតែ​សហការ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ដាំ​ដំណាំ​អំពៅ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​សម្រាប់​ផលិត​ស្ករស ព្រោះថា​ដំណាំ​អំពៅ​អាច​ទទួល​បាន​ទិន្នផល​ច្រើន​ជាង​៣​ដង ធៀប​នឹង​ទិន្នផល​ដំណាំ​ស្រូវ ជា​ពិសេស​ក្រោយ​ពី​ការ​ចម្រាញ់​យកជាតិ​ស្ករ​ពី​អំពៅ កាក​សំណល់​ទាំងអស់​ដែល​ចេញពី​រោងចក្រ អាចយ​កមក​ផលិត​ជីធម្មជាតិ និង​អគ្គិសនី​បន្ថែម​ទៀត » ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ លោក ពឹង ទ្រី​ដា កន្លង​មក​បាន​លើក​ឡើង​ថា ជា​ទូទៅ ការ​ដាំ​ដុះ​ដំណាំ​អំពៅ​មិន​ងាយ​មាន​បញ្ហា​ប្រឈម​ឡើយ ព្រោះ​ដំណាំ​នេះ​ធន់​នឹង​ទឹក ធន់​នឹង​កម្តៅ និង​មិន​រើស​ដី ហើយ​ការ​ដាំ​មាន​រយៈពេល​ត្រឹមតែ​១០​ខែ​ប៉ុណ្ណោះ​អាច​ធ្វើការ​ច្រូតកាត់​បាន​យ៉ាង​ល្អ ដោយ​ទទួល​បាន​ផល​ពី​ចន្លោះ​៧០​តោន ទៅ​៩០​តោន​ក្នុង​១​ហិ​កតា ។ បើ​ធៀប​ផល​ចំណេញ​ពី​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​វិញ ដំណាំ​អំពៅ​អាច​ទទួល​បាន​ផល​ចំណេញ​ទ្វេ​ដង ។

គួរ​រំឭក​ថា រោងចក្រ​ផលិត​ស្ករស​ស្តង់ដា​អន្តរជាតិ​ទី​១​នៅ​ទឹកដី​ខេត្តព្រះវិហារ របស់​ក្រុមហ៊ុន​រ៉ូ​យ ហ្វេ​ង បាន​បោះទុន​វិនិយោគ​មាន​តម្លៃ​៣៦០​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​២០១៦​កន្លង​ទៅ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​អំពៅ​របស់​ចិន​មួយ​នេះ បាន​មក​អភិវឌ្ឍន៍​ចាប់តាំងពី​ឆ្នាំ​២០១១​មក​ម្ល៉េះ ដែល​មាន​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន​៥ ក្នុង​នោះ​មាន ក្រុមហ៊ុន រ៉ូ​យ ហ្វេ​ង ក្រុមហ៊ុន ឡាន ហ្វេ​ង ក្រុមហ៊ុន ហេង រ៉ូ​យ ក្រុមហ៊ុន ហេង ណុ​ង និង​ក្រុមហ៊ុន ហេង យូ ធ្វើការ​អភិវឌ្ឍ​រួម​គ្នា មាន​ផ្ទៃដី​ប្រមាណ​៤​ម៉ឺន​ហិ​កតា លើ​ភូមិសាស្ត្រ​ស្រុក​ចំនួន​៣​ក្នុង​ខេត្តព្រះវិហារ ក្នុង​នោះ​មានស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ដោយ​ដាំ​ដុះ​ដំណាំ​អំពៅ​បាន​ប្រមាណ​ជា​២​ម៉ឺន​ហិ​កតា ។ រីឯ​ការ​ផលិត​ស្ករស រោងចក្រ​នេះ​ត្រូវការ​អំពៅ​ក្នុង​១​ថ្ងៃ​ប្រមាណ​ជា​១២​ពាន់​តោន ទៅ​២០​ពាន់​តោន និង​អាច​ចម្រាញ់​យក​ស្ករស​បាន​ចន្លោះ​ពី​១.២០០​តោន ទៅ​២​ពាន់​តោន​ក្នុង​១​ថ្ងៃ ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប ចិន និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​លើ​ពិភពលោក ៕