​ឈ្មួញ និង​មន្ត្រី​ពុករលួយ​កំពុង​ឃុបឃិត​គ្នា​កាប់​ឈើ​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្តរតនគិរី​

សកម្មជន​បរិស្ថាន​នៅ​ខេត្តរតនគិរី បាន​រាយការណ៍​ឲ្យ​ដឹងថា ក្នុង​រយៈពេល​បួន​ថ្ងៃ គឺ​ចាប់ពី​ទី​០៥​ដល់​ថ្ងៃទី​០៨ ខែសីហា កន្លងទៅនេះ គេ​ឃើញ​រថយន្ដ​យី​ឌុប​ធំៗ​បាន​ដឹក​រទេះក្របី​មកពី​ចម្ងាយ រាប់សិប​នឹម​មក​ទម្លាក់​នៅ​ចំណុច វាល​ថ្ម​រំ​ផ្ល​ង់ ស្ថិតនៅ​ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ចូលទៅ​កាប់​ឈើ​ដោយ​ខុសច្បាប់​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខណៈ​មន្ត្រី​ជំនាញ​គ្មាន​វិធានការ​ទប់ស្កាត់​អ្វី​ឡើយ ហើយ​សកម្មភាព​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​មានការ​ខឹងសម្បា​។​

​រទេះក្របី​ទាំងនោះ​បាន​បរ​បំបែក​គ្នា​ជា​ក្រុមៗ មាន​ក្រុមខ្លះ​បរ​ឆ្លងកាត់​ទីរួមស្រុក​តា​វែង ហើយ​រទេះក្របី​ខ្លះទៀត​បរ​ទៅកាន់ ស្រុក​វ៉ើ​ន​សៃ ដើម្បី​ចូល​ព្រៃ​ជ្រៅ​ធ្វើ​សកម្មភាព​កាប់​ឈើ​ប្រណីត ហើយ​ដឹកឈើ​ទាំងនោះ​ចេញពី​ព្រៃ​មកវិញ​។ សកម្មជន​បរិស្ថាន​បាន​បញ្ជាក់ថា ក្រោយពី​កាប់​ឈើ និង​ដឹក​ចេញពី​តំបន់​អភិរក្ស​រួចមក គេ​សង្កេតឃើញ​រថយន្ត​ធុន​ធំ​បាន​ចាំ​នៅ​ខាងក្រៅ​តំបន់​អភិរក្ស​រួចជាស្រេច​ដើម្បី​ប្រមូល​ដឹកឈើ​ទាំងនោះ​យកចេញ​ទៅ​បាត់​ដោយ​រលូន ខណៈ​មន្ត្រី​ជំនាញ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ទាំងពីរ​ខាងលើនេះ មិនបាន​អើពើ​ចំពោះ​បទល្មើស​ឡើយ​។​

ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​បញ្ជាក់ដែរថា ការដឹកជញ្ជូន​ឈើ​ភាគច្រើន​កើតឡើង​នៅពេល​យប់ ហើយ​អ្នក​អារឈើ និង​អ្នកដឹកឈើ ខ្លះ​មាន​កាំភ្លើង​ច្នៃ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​ខ្លាចរអា​។ យ៉ាងណាក្តី ប្រជាពលរដ្ឋ​បាន​រិះគន់ថា សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​នៅ​ឈរជើង​តំបន់​នោះ ហាក់បីដូច​ជាមាន​សភា​ព​ធូររលុង​បណ្តែតបណ្តោយ​ឲ្យ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ ឡាន​កូរ៉េ ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន ដោយ​ពុំមាន​ទប់ស្កាត់​អ្វី​សោះ ឬមួយ​សមត្ថកិច្ច​ដែលមាន​អាវុធ​នៅ​នឹង​ដៃ​ខ្លាច​កាំភ្លើង​កែច្នៃ​របស់​ជនល្មើស​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ សកម្មជន​បរិស្ថាន​នៅ​ខេត្តរតនគិរី បាន​បង្ហើប​ថា ការពិតទៅ​មន្ត្រី​ជំនាញ​មិនមែន​ខ្លាច​ជនល្មើស​ទេ តែ​បញ្ហា​នៅត្រង់ថា​មន្ត្រី​ជំនាញ​មួយចំនួន​មាន​ផលប្រយោជន៍​រួមគ្នា​ជាមួយ​ក្រុម​ជនល្មើស ហើយ​ក្នុង​ករណីខ្លះ​សមត្ថកិច្ច​ក៏​ពិបាកធ្វើ​សកម្មភាព​បង្ក្រាប​ផងដែរ​ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ​មាន​លក្ខណៈ​ស្មុគស្មាញ​។ សកម្មជន​បរិស្ថាន​បាន​បញ្ជាក់ថា បើ​សមត្ថកិច្ច​ជំនាញ​ពិតជា​មាន​ឆន្ទៈ​ពិតប្រាកដ បទល្មើស​ព្រៃឈើ​នឹង​អាច​បង្ក្រាបបាន ព្រោះ​ជនល្មើស​ចូល​ព្រៃ​ជ្រៅ​កាប់​ឈើ​បាន ដូចនេះ​សមត្ថកិច្ច​ត្រូវ​បង្ហាញ​សមត្ថភាព​បម្រើ​ប្រជាពលរដ្ឋ​៕

index៤(4) 08_08_2016_03_03_55index