លោក វេ​ង សាខុន ផ្អាក​ការប្រកាស​តួនាទី​និង​តំណែង​មន្ត្រី​ក្នុង​ក្រសួងកសិកម្ម ដោយសារ​មានប្រតិកម្ម​ខ្លាំងក្លា​

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក វេ​ង សាខុន រៀបចំ​ផែនការ​ផ្លាស់ប្ដូរ​តំណែង​និង​តែងតាំង​មន្ត្រី​មួយចំនួន ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​នោះ កំពុង​ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​។ ដោយសារ​មានប្រតិកម្ម​ខ្លាំងពេក​ទើប​លោក វេ​ង សាខុន សម្រេច​និរាករណ៍​លើ​លិខិត​មួយចំនួន​ដែល​ខ្លួន​បាន​ចុះហត្ថលេខា​រួចរាល់​ផងដែរ ព្រោះ​លិខិត​ទាំងនោះ​គឺជា​មូលហេតុ​បង្ហាញ​អំពី​ការតែងតាំង​និង​ផ្លាស់ប្ដូរ​តំណែង​មន្ត្រីក្រោមឱវាទ​តាមរបៀប​ពុករលួយ និង​បក្ខពួកនិយម​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​ភាពមិនប្រក្រតី​ដែល​កំពុង​រាលដាល​ក្នុង​ក្រសួងកសិកម្ម​ជាបន្ទាន់ ព្រោះ​លោក វេ​ង សាខុន កំពុង​បង្កើត​ឲ្យ​មាន​អំពើពុករលួយ បក្ខពួកនិយម យ៉ាង​គឃ្លើន​បំផុត​។

​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹងថា​ក្រោយពេល​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មិនបាន​ប៉ុន្មាន​ផង លោក វេ​ង សាខុន មាន​ផែនការ​ផ្លាស់ប្ដូរ​តំណែង​និង​តែងតាំង​មន្ត្រី​ថ្នាក់​អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន រហូតដល់​ប្រធាន​មន្ទីរ​កសិកម្ម​តាម​បណ្ដា​ខេត្ត​មួយចំនួន​ផងដែរ​។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​មានការ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​មន្ត្រីក្រោមឱវាទ ព្រោះ​គម្រោង​តែងតាំង​របស់លោក វេ​ង សាខុន មើលទៅ​គឺជា​របៀប​ទាញយក​ផលប្រយោជន៍​ពី​គម្រោង​ទាំងនោះ​។ ដោយសារ​មិនអាច​អត់ធ្មត់​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់លោក វេ​ង សាខុន ទើប​ថ្មីៗ​កន្លងទៅនេះ​រឿងអាស្រូវ​របស់លោក វេ​ង សាខុន ក្នុង​ក្រសួងកសិកម្ម ត្រូវបាន​ទម្លាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ដឹងឮ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក វេ​ង សាខុន បាន​ឲ្យ​ដឹងថា​លោក វេ​ង សាខុន ចំណាយ​ដើមទុន​យ៉ាងច្រើន​ទើប​ទទួលបាន​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ហេតុនេះហើយ​ទើប​លោក វេ​ង សាខុន រិះរក​វិធី​សប់​បែបយ៉ាង​ដើម្បី​ស្រង់ដើម​ឡើងវិញ ប៉ុន្តែ​រាល់​ទង្វើ​របស់លោក វេ​ង សាខុន គឺជា​រឿង​មិនអាច​បិទបាំង​បានទេ​។ មន្ត្រីជាន់ខ្ពស់​នៅក្នុង​ក្រសួងកសិកម្ម​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បទល្មើស​ព្រៃឈើ​និង​បទល្មើស​នេសាទ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក វេ​ង សាខុន ហេតុនេះហើយ​ទើប​លោក វេ​ង សាខុន មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និង​ខេត្តពោធិ៍សាត់​ជាដើម​។ ជាងនេះទៅទៀត​ការផ្លាស់ប្ដូរ​តែងតាំង​មន្ត្រី​ក្នុង​ក្រសួងកសិកម្ម កំពុង​ប្រឈម​នឹង​ការរិះគន់​ពី​រឿង​ពុករលួយ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ផងដែរ​៕

2.IMG_5283លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ visal_line_20_mar_2016_acuលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ