យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​កូ​វ៉ែត​ដំឡើង​តម្លៃ​ប្រេងសាំង​ជាង​80%

ប្រទេស​កូ​វ៉ែត ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ គណៈរដ្ឋមន្ត្រី​ប្រទេស​កូ​វ៉ែត​បាន​សម្រេច​ដំឡើង​តម្លៃ​ប្រេងសាំង​ជាង​៨០% ក្រោម​ហេតុផល​ថា នេះ​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការ​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច ក្នុង​គោលបំណង​ឆ្លើយ​តប​នឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ពី​ឧស្សាហកម្ម​ប្រេង ។

សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​ស​ប្តា​ហ៍ បាន​និយាយ​ថា តម្លៃ​នៃ​ប្រេងសាំង​គុណភាព​ទាប octane នឹង​កើនឡើង​៤១% ស្មើនឹង​២៨​សេន​ដុល្លារ​ក្នុង​១​លី​ត្រ ខណៈ​ប្រេងសាំង​គុណភាព​ខ្ពស់​នឹង​កើនឡើង​៦១% ស្មើនឹង​៣៥​សេន​ដុល្លារ​ក្នុង​១​លី​ត្រ ។

ម្យ៉ាងទៀត ប្រទេស​នេះ​ក៏​បាន​សម្រេច​ដំឡើង​តម្លៃ​ប្រេងសាំង​ដែល​មិន​ប៉ះពាល់​បរិស្ថាន​ចំនួន​៨៣%​ផង​ដែរ ស្មើនឹង​៥៥​សេន​ដុល្លារ​ក្នុង​១​លី​ត្រ ។ នេះ​ជា​ការ​ដំឡើង​តម្លៃ​ប្រេង​សាំង​ដ៏​ខ្ពស់​បំផុត​លើក​ដំបូង​នៃ​សមាជិក​ប្រទេស​នាំ​ចេញ​ប្រេង OPEC ក្នុង​រយៈពេល​ជិត​២​ទសវត្សរ៍​កន្លង​មក ។

គួរ​រំលឹក​ថា កូ​វ៉ែត​ជា​ប្រទេស​ចុង​ក្រោយ​ក្នុង​ចំណោម​បណ្តា​រដ្ឋ​នៃ​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ​សម្បូរ​ថាមពល (GCC) ដែល​បាន​ដំឡើង​តម្លៃ​ប្រេងសាំង ។
សមាជិក GCC ផ្សេង​ៗ​ទៀត​ដូច​ជា ប្រទេស​បា​រ៉ែ​ន អូ​ម៉​ង់ កា​តា អា​រ៉ា​ប៊ី សា​អូឌីត និង​ប្រទេស​អា​រ៉ាប់​រួម ប្រហែលជា​បាន​សម្រេច​ធ្វើ​សេរីភាវូបនីយកម្ម​រួម ឬ​អាច​ដំឡើង​តម្លៃ​ប្រេង​ខ្ពស់​ផង​ដែរ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ប្រាក់​ចំណូល​ប្រេង​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​មក ។

គណៈរដ្ឋមន្ត្រី​កូ​វ៉ែត​បាន​មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​របស់​រដ្ឋាភិបាល នឹង​កែប្រែ​តម្លៃ​ប្រេងសាំង​ជា​ថ្មី​រៀង​រាល់​៣​ខែ​ម្តង អាស្រ័យ​លើ​តម្លៃ​ប្រេង​អន្តរជាតិ ។

កាលពី​ខែមេសា សភា​បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​មួយ​របស់​រដ្ឋាភិបាល ដើម្បី​ដំឡើង​តម្លៃ​អគ្គិសនី និង​ទឹក​សម្រាប់​ជនបរទេស និង​អាជីវកម្ម​ផ្សេង​ៗ ប៉ុន្តែ​ត្រូវ​បាន​លើក​លែង​ចំពោះ​ប្រជាពលរដ្ឋ ។ ការ​ដំឡើង​នេះ គឺជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​៥០​ឆ្នាំ ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ខែកញ្ញា ឆ្នាំ​ក្រោយ​តទៅ ។

យោង​តាម​តួលេខ​បណ្តោះអាសន្ន​បង្ហាញ​ថា កូ​វ៉ែត​បាន​ប្រកាស​ពី​ឱនភាព​ថវិកា​ចំនួន​១៨,៣​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​សារពើពន្ធ​កន្លង​មក ។ យ៉ាងណាមិញ កូ​វ៉ែត​គ្រោង​មាន​ឱនភាព​ថវិកា​ចំនួន​២៩​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៦-២០១៧​នេះ ៕