ទីផ្សារ​អង្ករ​ពិភពលោក​នឹង​ឈាន​ដល់​ការ​ប្រកួតប្រជែង​តម្លៃ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំ​ក្រោយ

ប្រទេស​ថៃ ៖ ក្រុមហ៊ុននាំចេញ​អង្ករ​ថៃ​បាន​និយាយ​ថា ទីផ្សារ​អង្ករ​ពិភពលោក​នឹង​ឈាន​ដល់​ដំណាក់កាល​ប្រកួតប្រជែង​តម្លៃ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំ​ក្រោយ ខណៈ​ការ​ផ្គត់ផ្គង់​កាន់តែ​ច្រើន ស្រប​ពេល​ពាណិជ្ជកម្ម​ដើរ​យឺត ។ ការ​លើក​ឡើង​បែប​នេះ គឺជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ថៃ ដោយសារ​តែ​អង្ករ​របស់​ប្រទេស​នេះ​ថ្លៃ​ជាងគេ​បន្តិច បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត ។

ក្រុមហ៊ុននាំចេញ​រំពឹង​ថា ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​ក្នុងឆ្នាំនេះ នឹង​មាន​ចំនួន​សរុប​ទាំងអស់ ៩,៥​លាន​តោន ដែល​នឹង​អាច​ឱ្យ​ថៃ​នៅ​តែ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ច្រើន​ជាងគេ​លើ​ពិភពលោក ខណៈ​ដៃគូ​ប្រកួតប្រជែង​ដ៏​ធំ​របស់​ខ្លួន ពោល​គឺ​ប្រទេស​ឥណ្ឌា នឹង​នាំ​ចេញ​អង្ករ​បាន​ប្រមាណ​តែ​៩​លាន​តោន​ប៉ុណ្ណោះ ។

លោក Charoen Laothammatas ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​ថៃ បាន​និយាយ​ថា តម្លៃ​អាច​នឹង​ប្រែប្រួល​នា​ចុងឆ្នាំ​នេះ និង​អាច​ចូល​ដល់​ឆ្នាំ​២០១៧ នៅ​ពេល​ដែល​បណ្តា​ប្រទេស​នាំ​ចូល​អង្ករ​មួយ​ចំនួន​មាន​តម្រូវការ​ទាប ខណៈ​ការ​ផ្គត់ផ្គង់​អង្ករ​រំពឹង​ថា នឹង​កើនឡើង​យ៉ាង​ខ្លាំង ក្រោយ​ពី​រដូវ​កាល​ប្រមូល​ផល​ខាង​មុខ​នេះ​មក​ដល់ ។

លោក​លើក​ឡើង​ថា ៖ « នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​អង្ករ​កាន់តែ​ច្រើន ប៉ុន្តែ​តម្រូវការ​តិច បម្រែបម្រួល​នៃ​រូបិយ​វត្ថុ​នានា ប្រាក់​បាត​ឡើងថ្លៃ និង​ការ​ប្រកួតប្រជែង​កាន់​ខ្ពស់​នោះ ទីផ្សារ​អង្ករ​ពិភពលោក​នឹង​មានការ​ប្រកួតប្រជែង​តម្លៃ​កាន់តែ​ខ្លាំង ។ ថៃ​ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​អង្ករ​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក និង​មាន​អង្ករ​ស្តុក​ច្រើន​ជាងគេ​ផង​នោះ ចាំបាច់​ត្រូវ​តែ​គ្រប់គ្រង​ស្តុក​របស់​ខ្លួន និង​រក្សា​ស្ថិរភាព​តម្លៃ​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​ដើម្បី​ធានា​ការ​ប្រកួតប្រជែង​នាំ​ចេញ​អង្ករ » ។

នៅ​ពេល​ដែល​ថៃ​បាន​ឈាន​ដល់​ដំណាក់កាល​ប្រកួតប្រជែង​តម្លៃ លោក Charoen រំពឹង​ថា អង្ករ​របស់​លោក​នឹង​ចុះថោក ខណៈ​តម្លៃ​អង្ករ​ក្នុងស្រុក​ក៏​នឹង​ធ្លាក់​ចុះ​ផង​ដែរ ដោយសារ​តម្រូវការ​ទាប ។

តម្រូវការ​ទាប​នៃ​បណ្តា​ប្រទេស​នាំ​ចូល​មួយ​ចំនួន នឹង​បន្ត​រង​ឥទ្ធិពល​ពី​តម្លៃ​ប្រេង​ចុះថោក ជា​ពិសេស ប្រទេស​អាហ្វ្រិក និង​បណ្តា​ប្រទេស​នៅ​ភាគ​ខាងកើត ដែល​ជាទី​ផ្សារ​នាំ​ចូល​ដ៏​សំខាន់​សម្រាប់​អង្ករ​ថៃ ។

ក្នុងឆ្នាំនេះ សមាគម​រំពឹង​ថា ថៃ​នឹង​អាច​នាំ​ចេញ​អង្ករ​បាន​ប្រហែល​៩,៥​លាន​តោន ស្មើនឹង​ទឹកប្រាក់​ប្រមាណ​៤,៤​ប៊ី​លាន​បាត ខណៈ​សមាមាត្រ​ការ​នាំ​ចេញ​នៅ​ឆ្នាំ​ក្រោយ​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​៩​លាន​តោន ។

សមាគម​បាន​និយាយ​ថា ថៃ​អាច​នឹង​បាត់បង់​តំណែង​របស់​ខ្លួន ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧ នៅ​ពេល​ដែល​ឥណ្ឌា​ផ្គត់ផ្គង់​អង្ករ​កាន់តែ​ច្រើន ហើយ​ទំហំ​នៃ​ការ​នាំ​ចេញ​នា​ឆ្នាំ​ក្រោយ​នឹង​កាន់តែ​ធំ ។

តម្រូវការ​សម្រាប់​ចរាចរ​អង្ករ​នៅ​លើ​ទីផ្សារ​ពិភពលោក​រំពឹង​ថា នឹង​កើនឡើង​បន្តិចបន្តួច ពោល​គឺ​០,៤% ពី​៤៧៨,៤៨​លាន​តោន ទៅ​៤៨០,៦៣​លាន​តោន ខណៈ​ការ​បិទ​ស្តុក​នៅ​លើ​ពិភពលោក​រំពឹង​ថា នឹង​កើន​ពី​១០៦,៧​លាន​តោន ទៅ​១០៧,៣​លាន​តោន ។

ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ថៃ​បាន​នាំ​ចេញ​អង្ករ​ចំនួន​៤,៩៩​លាន​តោន ស្មើនឹង​ទំហំ​ទឹកប្រាក់​២,២​ប៊ី​លាន​ដុល្លារ ខណៈ​ឥណ្ឌា​បាន​នាំ​ចេញ​ត្រឹមតែ​២,៧៦​លាន​តោន​ប៉ុណ្ណោះ ។
លោក Charoen បាន​និយាយ​ទៀត​ថា រដ្ឋាភិបាល​អាច​នឹង​បន្ត​នាំ​ចេញ​អង្ករ​តាម​រយៈ​ការ​ដេញថ្លៃ ប៉ុន្តែ​មិន​គួរ​លក់​វា​ក្នុង​តម្លៃ​ទាប​ពេក​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ និង​កសិករ ៕