ឡាន​​ដឹកកម្មករ២​គ្រឿងប្រណាំងគ្នា អត់គិតជីវិត​គេ​

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​​មួយ ​បណ្តាលឱ្យមនុស្ស​​រង​របួសធ្ងន់​-​ស្រាល​៧​នាក់ ​ដែល​ហេតុការណ៍នេះ​កើង​ឡើង ​កាល​ពី​​វេលា​ម៉ោង០​៦ ​និង​៣០នាទី​យប់​ថ្ងៃ​ទី​៩ ​សីហា​ ២០១៦ ស្ថិត​​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៦A​ ​​ក្នុងភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ​ស្រុក​​ច​ន្ទ្រា ។

រថយន្ត​​​ម៉ាក​ហ៊ី​យ៉ាន់ដាយ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-7856 បើកបរ​ដោយ​ឈ្មោះ​អ៊ុ​ង​ ជាម​ជួប ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​មាន​ទី​នៅ​​ក្នុង​ភូមិ​ដូន​ន​យ​ ឃុំ​ច្រេស ​ស្រុក​ច​ន្ទ្រា ​​​បុក​រថយន្ត​មួយ​គ្រឿង​​ទៀត​​ម៉ាក​ហ៊ី​យិ​ន​ដាយ​ដូចគ្នា ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-6423 បើក​បរ​​ដោយ​ឈ្មោះ​ហាស់​ សា​តី ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ មាន​ទីលំនៅ​​​ក្នុងភូមិ​ព្រៃ​អ​ង្គុ​ញ ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ​ក្រុង​បា​វិត​ ។

ប្រភព​បន្ត​​ថា​ មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-6423 ចំណុះ​៥​តោន​ មាន​ដឹក​កម្មករ​​ពេញ​រថយន្ត​ប្រមាណ​ជាង​៥០​នាក់​ បើក​ក្នុងទិស​ខាង​លិច ទៅ​ទិ​​ស​ខាងកើត​ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ​ក៏​មាន​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​​មួយ​គ្រឿងទៀត​ដឹក​កម្ម​ករ​​ដូច​គ្នាបើក​​ស្រប​ទិស​គ្នា​ពី​លិច ទៅ​កើត​ដែរ​ ដោយ​មាន​ល្បឿន​លឿនផង ​ក៏​ជ្រុល​ទៅ​បុក​​រថយន្ត ពី​ក្រោយ​​ពេញទំហឹង​ បណ្តាល​ឱ្យ​​កម្មករ​​ដែល​ឈ​រ និង​អង្គុយ​ខាងក្រោយ រង​របួសធ្ងន់-​ស្រាល​​៧​នាក់តែម្តង ​។

​​ភ្លាម​ៗ​នោះ​ អ្នកបើក​រថយន្ត​បង្ក​ឈ្មោះ​អ៊ុ​ង​ ជាម​ជួប បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។ ​