គួច សុគុម្ភៈ ​នឹង​ត្រលប់​មក​ចូល​លេង​បាន​វិញ​នៅ​ខែ​១២

បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល ​របួស​របស់​កីឡាករ គួច សុគុម្ភៈ ​គឺ​ប្រសើរ​ឡើង​កាន់​តែ​ច្រើន​ហើយ ដោយ​រូបគេ​អាច​ហាត់​បាន​តិច​ៗ ​និង​តាម​គម្រោង​នៅ​ខែ​១២ ​ខាង​មុខ​នេះ អាច​ចូល​លេង​វិញ​បាន​ធម្មតា​តែ​ម្ដង។

 

គួច សុគុម្ភៈ ​នឹង​ត្រលប់​មក​ចូល​លេង​បាន​វិញ​នៅ​ខែ​១២

 គួច ​សុកុម្ភៈ

 

ខ្សែ​បម្រើ​ឆ្នើម​ គួច ​សុកុម្ភៈ ​បាន​រង​របួស​ដាច់​សរសៃ​កែង​ជើង​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម​ស៊ីម៉ាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ។ ដោយ​របួស​នេះ​នឹង​ធ្វើ​ឱ្យ​រូបគេ ​មិន​អាច​ជួយ​ក្រុម​ណាហ្គាវើល​បាន​នោះ​ទេ​ក្នុង​រដូវ​កាល​នេះ។ ខណៈ​ដែល​ការ​ព្យាបាល​វិញ ​រូបគេ​នៅ​តែ​ឡើង​ចុះ​ប្រទេស​វៀតណាម​ដដែល ដើម្បី​តាមដាន​សភាព​របួស។

 

លោក មាស ចាន់ណា ​បាន​និយាយ​ចំពោះ​របួស​ដាច់​សរសៃ​កែង​របស់ គួច សុគុម្ភៈ​ថា ​៖ “បន្ទាប់​ពី​ព្យាបាល​អស់​ជា​ច្រើន​ខែ​មក​នេះ គាត់​អាច​ចូល​ហាត់​ប្រាណ​បាន​តិច​ៗ​ហើយ។  ប្រហែល​ជា​​ខែ​១២ ខាង​មុខ​នេះ​ គាត់​នឹង​ពេញ​កម្លាំង​ដូច​ដើម​វិញ ហើយ​អាច​ចូល​លេង​បាន​សម្រាប់​រដូវ​កាល​ថ្មី​”។

 

គួច សុគុម្ភៈ ​នឹង​ត្រលប់​មក​ចូល​លេង​បាន​វិញ​នៅ​ខែ​១២សមាជិក​ក្រុម​ណាហ្គាវើល​ថត​រូប​ជុំ​គ្នា

 

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​ក្រុម​ណាហ្គាវើល​អស់​ឱកាស​ប្រជែង​យក​ពាន​រង្វាន់​ទៀត​ហើយ ប៉ុន្តែ​ក្រុម​របស់​លោក មាស ចាន់ណា ​មាន​ភារកិច្ច​មួយ​ទៀត​នៅ​ចុង​ខែ​សីហា​នេះ ដោយ​ត្រូវ​ទៅ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFC Cup ​។ ​វគ្គ​ជម្រុះ​នេះ កម្ពុជា​ស្ថិត​ក្នុង​ពូល B ​ជាមួយ​ក្រុម ​Erchim FC (ម៉ុងហ្គោលី​ម្ចាស់​ផ្ទះ​) ​និង​ Three Star Club (នេប៉ាល់) ហើយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២១ ​ខែ​សីហា​ ឆ្នាំ​២០១៦​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ