អា​មេ​រិ​ក​នឹង​លក់​រថក្រោះ​ជាង​150​គ្រឿង ព្រមទាំង​កាំភ្លើងយន្ត​ធុន​ធ្ងន់​ដល់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត

សហរដ្ឋ​អា​មេ​រិ​ក​នឹង​លក់​ឱ្យ​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នូវ​រថក្រោះ​ជាង​១៥០​គ្រឿង ព្រមទាំង​កាំភ្លើងយន្ត​ធុន​ធ្ងន់​ជា​ច្រើន​រយ​ដើម​ក្នុង​កុងត្រា​មួយ​មាន​ទឹកប្រាក់​ជាង​១.០០០​លាន​ដុល្លារ ប្រកាស​នា​ថ្ងៃ​ទី​៩ សីហា ចំ​ថ្ងៃ​នៃ​ការ​ទម្លាក់​គ្រាប់បែក​ឡើង​វិញ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នៅ​យេ​ម៉ែ​ន ។

ដោយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៩ សីហា ពី​កុងត្រា​លក់​អាវុធ​មាន​ទឹកប្រាក់​១,១៥​ពាន់​លាន​ដុល្លារ នេះ​ឱ្យ​ដល់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា ការ​លក់​នេះ​ពុំ​ទាក់ទិន​ដោយ​ផ្ទាល់​នឹង​ជម្លោះ​នៅ​យេ​ម៉ែ​ន​ឡើយ ។

យោង​តាម​នីតិវិធី​រដ្ឋបាល​អា​មេ​រិ​ក​ស្តី​ពី​ការ​លក់​អាវុធ​ក្រសួងការបរទេស​អា​មេ​រិ​កបាន​អនុម័ត​លើ​ការ​លក់​សម្ភារ​យោធា​ដ៏​សំខាន់​នេះ​ឱ្យ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មុន​ពេល​ការ​ផ្តល់​ភ្លើង​ខៀវ​ផ្លូវការ​របស់​សភា ។

យោង​តាម​ភាព​លម្អិត​នៃ​កុងត្រា​លក់​អាវុធ​នេះ​ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ផ្តល់​ឱ្យ​ក្រុង​រី​យ៉ា​ដ នូវ​រថក្រោះ​ប្រភេទ ABRAMS ចំនួន​១៥៣​គ្រឿង កាំភ្លើងយន្ត​ធុន​ធ្ងន់​១២,៧​មី​ល្លី​ម៉ែត្រ ចំនួន​១៥៣​ដើម កាំភ្លើង​ធ្ងន់​ទំហំ​៧,៦២​មី​ល្លី​ម៉ែត្រ ចំនួន​២៦៦​ដើម កាំភ្លើង​បាញ់​គ្រាប់​រ៉ុក្កែត បណ្តា​រថពាសដែក ព្រមទាំង​គ្រាប់រំសេវ ។

រដ្ឋការ​អា​មេ​រិ​ក​សម្តែង​ក្តី​រីករាយ​ចំពោះ​កុងត្រា​នេះ​ដែល​នឹង​អាច​កែ​លម្អ​សន្តិសុខ​របស់​ដៃគូ​តំបន់​យុទ្ធសាស្ត្រ​មួយ ដែល​បន្ត​ដើរតួ​នាទី​ជា​តួអង្គ​នាំមុខ​គេ​សម្រាប់​ស្ថេ​រ​ភាព​នយោ​បាយ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​មជ្ឈិម​បូព៌ា ៕