ក្រុមចម្រុះ​អា​រ៉ាប់​ទម្លាក់​គ្រាប់បែក​ជា​ថ្មី​លើ​រដ្ឋធានី​យេ​ម៉ែ​ន

ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ និង​ប្រជាជន​រាយការណ៍​ថា ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​៩ សីហា បាន​ទម្លាក់​គ្រាប់បែក​លើ​រដ្ឋធានី​យេ​ម៉ែ​ន​ក្រុង​សា​ណា ជា​លើក​ដំបូង​រយៈពេល​៥​ខែ​ចុង​ក្រោយ​នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៤​នាក់ ។

ការ​វាយប្រហារ​តាម​អាកាស​ទាំងនេះ​សំដៅលើ​បណ្តា​ទីតាំង​ប្រធានាធិបតី និង​មូលដ្ឋាន​យោធា ព្រមទាំង​ទីតាំង​របស់​កង​ឆ្មាំ​សាធារណរដ្ឋ​ស្ថិត​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ ។ ភ្នាក់ងារ​ជួយ​សង្គ្រោះ​អះអាង​ពី​មនុស្ស​ស្លាប់​១៤​នាក់ ភាក​ច្រើន​ជានា​រី​ដែល​ធ្វើការ​ក្នុង​រោងចក្រ​មួយ​ស្ថិត​ក្នុង​បរិវេណ​នៃ​មូលដ្ឋាន​ភស្តុ​ភារ​របស់​កងទ័ព​នៅ​សង្កាត់ NAHDA ។

ទន្ទឹម​នឹង​នេះ ក្រុមចម្រុះ​អា​រ៉ាប់​បង្ខំ​ឱ្យ​មានការ​ផ្អាក​រយៈពេល​៧២​ម៉ោង​នូវ​រាល់​ការ​ហោះហើរ​របស់​យន្តហោះ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​សា​ណា ។

ក្រុង​សា​ណា​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៤​មក ធ្លាក់​ក្នុង​ការ​ត្រួតត្រា​របស់​ពួក​ជីវពល​ស៊ី​អុ​ី​ត​ហ៊ូ​ធី ហើយ​ក្រុមចម្រុះ​អា​រ៉ាប់​ចាប់ផ្តើម​វាយប្រហារ​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី និង​សម្ព័ន្ធមិត្ត​ពី​ខែមីនា ឆ្នាំ​២០១៥ មក ។

ការ​វាយប្រហារ​តាម​អាកាស​ជា​ថ្មី​នេះ ប្រឆាំង​ក្រុង​សា​ណា​ធ្វើ​ឡើង បន្ទាប់​ពី​បរាជ័យ​កាលពី​ចុង​ស​ប្តា​ហ៍​នៃ​ការ​ចរចា​សន្តិភាព ដែល​ធ្វើ​ឡើង​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។

យោង​តាម​ប្រជាជន និង​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​ថា ការ​វាយប្រហារ​តាម​អាកាស​នា​ថ្ងៃ​ទី​៩ សីហា ក៏​សំដៅ​ទីក្រុង​កំពង់​ផែ HODEIDA និង​តំបន់​ឯទៀត​ៗ​របស់​យេ​ម៉ែ​ន​ផង​ដែរ ៕