ឈួន ស្រីម៉ៅ មិន​កំណត់​ពេល​យក​កូន

បន្ទាប់ពី​រៀបការ​បាន​ជាង ១ ឆ្នាំ និង​បាន​ទៅ​រស់នៅ​ជាមួយ​ស្វាមី​រហូត​មក​ទល់​ពេល​នេះ ឈួន ស្រីម៉ៅ មិន​ទាន់​មាន​ដំណឹង​ល្អ​ពី​រឿង​កូន​ចៅ​នៅ​ឡើយ​ទេ។ សាមី​ខ្លួន បង្ហើប​ថា ​មិន​ទាន់​កំណត់​យក​នៅ​ពេល​ណា​​នៅ​ឡើយ​ទេ។

 

ឈួន ស្រីម៉ៅ មិន​កំណត់​ពេល​យក​កូន

 

ពេល​សួរ​អ្នក​កាសែត​ដេញដោល​ពី​មូលហេតុ​ប្អូន​ស្រី ឈួន សុវណ្ណឆៃ ប្រាប់​ថា​ នាង​មិន​ទាន់​ចង់​បាន​ពេល​នេះ ដោយ​ចង់​ទុក​ពេល​ធ្វើ​ការ​សិន។ “រាល់​ថ្ងៃ​ពួក​ខ្ញុំ​ទាំង​ពីរ​រវល់​ធ្វើ​ការ​ណាស់​ខ្លាំង ដោយ​ខ្ញុំ​ជាប់​ច្រៀង​នៅ​តាម​ភោជនីយដ្ឋាន ឬ​កម្មវិធី​ផ្សេង​ៗ និង​ឆ្លៀត​ពេល​រៀន​អង់គ្លេស​បន្ថែម ដូចនេះ​ហើយ​មិន​ទាន់​ចង់​បាន​កូន​ពេល​នេះ​ទេ។”

 

បន្ថែម​ពី​លើនេះ ​តារា​ស្រី​វ័យ ២៧​ឆ្នាំ​បាន​បន្ត​ថា ​រឿង​កូនចៅ​ចាំ​គិត​ពេល​ក្រោយ​ទៀត​សំខាន់​ ពេល​នេះ​ចង់​រកស៊ី​ជាមុន​សិន។ ម្យ៉ាង​វិញ​ទៀត​ស្វាមី​របស់​នាង ​ក៏​មិន​ទាន់​ចង់​បាន​នៅ​ពេល​នេះ​ដែរ ព្រោះ​ចង់​នៅ​ទំនេរ​ មិន​ទាន់​ចង់​ជាប់​ដៃ​ជាប់​ជើង​ជាមួយ​កូន។

 

ក្រោយ​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​ដើម​ឆ្នាំ ២០១៥ រួច​មក ឈួន ស្រីម៉ៅ ទើប​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​ជាមួយ​គ្រួសារ​ខាង​ស្វាមី​នា​ដើម​ខែ​សីហា​នេះ។ តារាចម្រៀង​តូច​ច្រឡឹង​រូប​នេះ បញ្ចាក់ នាង​​​មាន​រយៈ​ពេល​មួយ​ខែ​កន្លះនៅ​ប្រទេស​កំណើត​មុន​ពេល​ហោះ​ទៅ​អាមេរិក​វិញ៕

 

អត្ថបទ៖ទ្រី រ៉ាវី