លោក សុក គឹម​ហេន ប្រធាន​សាខាគយ​ខេត្តកំពត សម្ងំ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​សុខ​ស្រួល​

ប្រភពពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តកំពត បាន​បង្ហើប​ឲ្យ​ដឹងថា​ប្រធាន​សាខាគយ​ខេត្តកំពត លោក សុក គឹម​ហេន កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត ដោយ​គ្មាន​ញញើត​នឹង​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សុក គឹម​ហេន អតីត​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកំពង់ធំ បានមក​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពត ជំនួស​លោក សំ សុខា កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ផងដែរ ព្រោះ​បច្ចុប្បន្ន​បទល្មើស​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ព្រែក​ចាក និង​ច្រក​តន់​ហន់ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​ចូល​តាម​ច្រក​ព្រែក​ចាក ច្រក​តន់​ហន់ និង​នាំចូល​តាមផ្លូវ​សមុទ្រ​មក​ឡើង​នៅ​កំពង់ផែ​កណ្ដាល​ក្រុង​កំពត កំពុង​កើតឡើង​កាន់តែច្រើន​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មេ​គយ​ធំៗ​ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ទំនិញ​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​យួន​មានដូចជា ប្រេងឆា មេស្រា ទឹក​ត្រចៀកកាំ ទំនិញ​ចាប់ហួយ​ចម្រុះ និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ប្រភេទ​ទៀត​ក្នុង​មួយថ្ងៃៗ​រាប់​សិន​រថយន្ត​តាម​ច្រកព្រំដែន និង​ច្រករបៀង ក្នុងស្រុក​កំពង់ត្រាច ដែលជា​ប្រភព​ចំណូល​របស់​មន្ត្រី​គយ​ពុករលួយ​។

​ទាក់ទង​បញ្ហា​ខាងលើ​នេះដែរ ឈ្មួញ​និង​អាជីវករ​ដែល​នាំ​ទំនិញ​ចូល​ពី​ស្រុក​យួន​បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក សុក គឹម​ហេន បាន​គាបសង្កត់​យកលុយ​ពី​ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​យោគយល់​ឡើយ​ធ្វើ​ឲ្យ​ពួកគាត់​រកស៊ី​ស្ទើរតែ​គ្មាន​សល់​ប្រាក់ចំណេញ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ផ្ទុយទៅវិញ​លោក សុក គឹម​ហេន និង​បក្ខពួក បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ព្រែក​ចាក ច្រក​តន់​ហន់ ច្រករបៀង​នានា និង​ច្រក​ដែនសមុទ្រ​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​អំពើពុករលួយ​របស់លោក សុក គឹម​ហេន មេ​គយ​ខេត្តកំពត​ខ្លះ​ផង ព្រោះ​ក្រៅពី​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ស្រុក​យួន គឺមាន​ការបើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ​ពី​កោះរ៉ុង និង​កោះ​ខ្យង មក​ចែកចាយ​ពេញ​ខេត្តកំពត​ផងដែរ​៕

KA-23-03-2016-14-31លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ WAT-0908V WAT-0908V - Copy