ប្រទេស​កម្ពុជា​ប្តឹង​ទាក់ទិន​នឹង​ប៉ុស្តិ៍​ព្រំដែន​វៀតណាម

រដ្ឋាភិបាលបានផ្ញើលិខិតផ្លូវការមួយច្បាប់ទៅរដ្ឋាភិបាលក្រុងហាណូយ ដើម្បីតវ៉ាអំពីប៉ុស្តិ៍ព្រំដែនមួយ ដែលខ្លួនអះអាងថា ប្រទេសវៀតណាមកំពុងសាងសង់នៅតាមព្រំដែនមានជម្លោះ ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានព្រមព្រៀងគ្នាមិនឲ្យមានការសាងសង់ណាមួយ។ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា “យើងបានតវ៉ាបន្ទាប់ពីបានទទួលរបាយការណ៍មួយពីអាជ្ញាធរខេត្តរតនគិរី ទាក់ទិននឹងការសង់ប៉ុស្តិ៍នោះ ហើយក្រសួងការបរទេសបានបញ្ជូនកំណត់ទូតរួចហើយទៅប្រទេសវៀតណាម ស្នើឲ្យបញ្ឈប់ការសាងសង់ជាបន្ទាន់”។ លោក គឹមហុង បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមអំពីប៉ុស្តិ៍ព្រំដែន ហើយបានបង្វែរសំណួរបន្ថែមទៅក្រសួងការបរទេស។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស មិនអាចទាក់ទងបានទេ។ លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី បានមានប្រសាសន៍ថា ប៉ុស្តិ៍ព្រំដែននោះបាននិងកំពុងសង់ ជាអ្វីដែលទំនងជានគរបាលព្រំដែនវៀតណាម ក្នុងតំបន់ស នៅបណ្តោយព្រំដែនស្រុកអូរយ៉ាដាវជាប់ប្រទេសវៀតណាម។ លោកបានមានប្រសាសន៍ថា “ប្រទេសវៀតណាមចង់សង់ប៉ុស្តិ៍ព្រំដែនមួយនៅទីនោះយូរហើយ ប៉ុន្តែយើងបានឃាត់ពួកគេ។ កន្លះខែមកហើយ ពួកគេបានចាប់ផ្តើមសង់ជាថ្មីទៀត។ យើងបានហាមពួកគេមិនឲ្យសង់ ប៉ុន្តែជួនកាលពួកគេសង់នៅពេលយប់ ពេលដែលកម្លាំងរបស់យើងមិនដឹង”។ លោក សំអឿន បានមានប្រសាសន៍ថា វៀតណាមបានចាក់គ្រឹះប៉ុស្តិ៍ព្រំដែននោះជាងមួយឆ្នាំមកហើយ ហើយការប្រឹងប្រែងចុងក្រោយរបស់ពួកគេចាក់បានសសរបេតុងបន្ថែមពីរបីទៀត។ លោកបានមានប្រសាសន៍ថា ពួកគេបានបញ្ឈប់ការសង់ នៅពេលគណៈប្រតិភូកម្ពុជាមួយក្រុមបានធ្វើដំណើរទៅការដ្ឋាននោះទើបតែជាងមួយសប្តាហ៍មុននេះ។ ប្រទេសកម្ពុជាបានបញ្ជូនលិខិតមួយស្រដៀងគ្នានេះទៅប្រទេសវៀតណាមកាលពីឆ្នាំមុន ដើម្បីតវ៉ាអំពីស្រះទឹកមួយចំនួនដែលពលរដ្ឋនិងទាហានវៀតណាមបានជីកតាមបណ្តោយព្រំដែនដដែលនោះ។ […]

The post ប្រទេស​កម្ពុជា​ប្តឹង​ទាក់ទិន​នឹង​ប៉ុស្តិ៍​ព្រំដែន​វៀតណាម appeared first on The Cambodia Daily.