ក្រសួងការបរទេស​ខ្មែរហាមឃាត់​ លោក ហុង លីម មិនឲ្យចូលប្រទេស​កម្ពុជា

ទីបំផុត ក្រសួងការបរទេសកម្ពុជាបានប្រកាសមិនទទួលស្វាគមន៍លោក ហុង លីម តំណាងរាស្ត្រអូស្រ្តាលី ដើមកំណើតខ្មែរ ឲ្យចូលក្នុងប្រទេសកម្ពុជាឡើយ។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១០ខែសីហានេះ តាមរយៈសេចក្តីប្រកាសដែលចាត់ទុកលោក ហុង លីម ជាជនដែល«មិនត្រូវបានស្វាគមន៍» (Persona non grata)។

ក្រសួងការបរទេសកម្ពុុជាបានធ្វើសេចក្តីសម្រេចនេះ បន្ទាប់ពីលោក ហុង លីម បានធ្វើអត្ថាធិប្បាយនៅលើរលកធាតុអាកាសនៃវិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ខែសីហា ចាត់ទុកប្រទេសកម្ពុជាដូចរបបតិរច្ឆាន។ ក្រសួងការបរទេសបានថ្លែងថ្កោលទោស លោក ហុង លីម យ៉ាងខ្លាំង ហើយបានបញ្ជាក់ថា លោក ហុង លីម កំពុងតែប្រមាថប្រជាជាតិកម្ពុជាទៀតផង។

«ក្រសួងការបរទេសថ្កោលទោសដាច់អហង្កាបុគ្គលឈ្មោះ ហុង លីម ចំពោះការនិយាយបង្ខូចកត្តិយស ដែលផ្ទុយពីការពិតជាក់ស្តែងនៅកម្ពុជា»។ នេះជាការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដោយបន្តយ៉ាងដូច្នេះថា៖«ការប្រមាថរបស់បុគ្គល ហុង លីម ចំពោះប្រជាជាតិកម្ពុជា បានជំរុញឲ្យក្រសួងការបរទេសសម្រេចចាត់ទុកបុគ្គលនេះ ជាជនមិនត្រូវបានស្វាគមន៍»៕

ប្រភព៖ thmeythmey


Related Posts