ព្យាបាល​ការ​ឈាម​អញ្ចាញធ្មេញ​ដោយ​ខ្លួនឯង​

ព្យាបាល​ការ​ឈាម​អញ្ចាញធ្មេញ​ដោយ​ខ្លួនឯង​

ការ​រលាក​អញ្ចាញធ្មេញ ច្រើន​តែ​កើត​ឡើង នៅពេលដែល​មាន​កំណក ដែល​ជា​បណ្តុំ​នៃ​បាក់តេរី​ជាប់​ធ្មេញ ព្រម​ទាំង​នៅ​តាម​បណ្តោយ​អញ្ចាញធ្មេញ ក្រោម និង​លើ​អញ្ចាញធ្មេញ​ទៀតផង​។ ការបង្ក​រោគ​ដោយ​បាក់តេរី​ទាំងនេះ អាច​បណ្តាលឲ្យមាន​បញ្ហា​ឈាម​អញ្ចាញធ្មេញ ឈឺចាប់​ក្នុងពេល​ទំពារ ហើម​អញ្ចាញធ្មេញ បាក់ធ្មេញ និង​មាន​ក្លិន​មាន​ជាប់​រហូត​។​

នៅ​ពេល​គ្រូពេទ្យ​រកឃើញថា អ្នក​មាន​ជំងឺ​រលាក​អញ្ចាញធ្មេញ​ហើយ គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​ផ្សះ ទឹក​ខ្ពុរមាត់ និង​ធ្វើ​ការសម្អាត​ធ្មេញ​បន្ថែម ហើយ​ករណី​ខ្លះ អាច​ឈាន​ដល់​វះកាត់​ទៀតផង​។ ការរស់នៅ​ជាមួយ​នឹង​ការ​រលាក​អញ្ចាញធ្មេញ អាច​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​ទំនុកចិត្ត​លើ​ខ្លួនឯង​ទៀតផង​។ ជាមួយនឹង​ការព្យាបាល​ដែល​ត្រឹមត្រូវ អ្នក​ក៏​អាច​ប្រើ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង នៅផ្ទះ​បាន​ដែរ ដើម្បី​ពង្រឹង​ដល់​សុខភាព​មាត់​ធ្មេញ និង​កុំឲ្យ​មាន​ការបង្ករោគ​កើតឡើង​ទៀត​។

​ផ្លែ​ទទឹម​
​ការសិក្សា​បាន​បង្ហាញថា ផ្លែ​ទទឹម​មាន​សមត្ថភាព​ប្រឆាំង​នឹង​បាក់តេរី ដែល​អាច​ជួយ​ប្រឆាំង​បញ្ហា​កំណ​កជាប់​ធ្មេញ និង​ថែរក្សា​សុខភាព​មាត់​ធ្មេញ​។ ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ ក្នុង​សារព័ត៌មាន Ancient Science of Life កាលពី​ឆ្នាំ ២០១៣ បាន​រកឃើញថា តាមរយៈ​ការ​ខ្ពុរមាត់ ជាមួយ​នឹង​ទឹក​ផ្លែ​ទទឹម ៣០ មី​លី​លីត្រ រយៈពេល​ពីរ​បី​នាទី​រាល់ថ្ងៃ វា​នឹង​អាច​ប្រឆាំង​កំណក​ជាប់​ធ្មេញ និង​កាត់បន្ថយ​ការបង្ក​រោគ ដោយ​បាក់តេរី​ក្នុង​មាត់​បាន​។ ទឹក​ផ្លែ​ទ​ទឹម គួរតែ​ធ្វើ​ដោយ​ខ្លួនឯង និង​មិន​បន្ថែម​ស្ករ​អ្វី​ទាំងអស់​។

​ប្រទាល​កន្ទុយក្រពើ​
​ប្រទាល​កន្ទុយក្រពើ គឺជា​វិធី​ព្យាបាល​ដ៏​ខ្លួនឯង​ដ៏​ពេញនិយម​បំផុត​មួយ ព្រោះ​វា​មាន​សមត្ថភាព​ផ្តល់​ភាព​ត្រជាក់ និង​រលោង​។ ប្រទាល​កន្ទុយក្រពើ ត្រូវបាន​គេ​ស្គាល់​ថា ល្អ​ចំពោះ​សុខភាព​ស្បែក និង​សក់ ប៉ុន្តែ​បានឲ្យដឹងថា វា​ក៏​ជួយ​ប្រឆាំងនឹង​បញ្ហា​រលាក​អញ្ចាញធ្មេញ​ដែរ​។ តាមរយៈ​ការ​ខ្ពុរ​ទឹក​ខ្ពុរមាត់ ធ្វើ​ពី​ប្រទាល​កន្ទុយក្រពើ​ពីរដង​ក្នុង​មួយ​ថ្ងៃ វា​នឹង​ជួយ​ថែរក្សា​អញ្ចាញ​ធ្មេញ កាន់តែ​មាន​សុខភាព​ល្អ​តាម​បែប​ធម្មជាតិ​។

ទឹកឃ្មុំ​
​បើសិន​ជា​អ្នក​ទើបតែ​បញ្ចប់ ការព្យាបាល​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ នា​ពេល​ថ្មីៗ​នេះ​ទេ វិធីសាស្ត្រ​ដ៏​ល្អ​មួយ ដើម្បី​បំបាត់​ការឈឺចាប់ និង​បង្ការ​កុំឲ្យ​វា​កើតឡើង​ម្តង​ទៀត​នោះ ចូរ​លាប​ទឹកឃ្មុំ​នៅលើ​កន្លែង​ដែល​មាន​បញ្ហា​នោះ​ទៅ​។ ទឹកឃ្មុំ មាន​សមត្ថភាព​ប្រឆាំងនឹង​បាក់តេរី ហើយ​ក៏​ពេញនិយម​សម្រាប់​ព្យាបាល​ដោយ​ខ្លួនឯង​ដែរ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។