​ធ្វើ​ម៉េច​ដឹងថា កូន​ខ្ញុំ​បៅ​ឆ្អែត​ទៅ​?

​ធ្វើ​ម៉េច​ដឹងថា កូន​ខ្ញុំ​បៅ​ឆ្អែត​ទៅ​?

ខ្ញុំ​ចង់​សួរថា តើ​ធ្វើ​ដូចម្តេច​ទើប​ខ្ញុំ​ដឹង​ថា កូនតូច​ខ្ញុំ​ដែល​កំពុង​តែ​បៅដោះ​ហ្នឹង បៅ​ឆ្អែត​ឬ​អត់​ទៅ​? តើ​មាន​សញ្ញា​សម្គាល់​អ្វីខ្លះ ដែល​បញ្ជាក់ថា គេ​បៅ​ឆ្អែត​គ្រប់គ្រាន់​ហើយ​នោះ​?

​ក្នុងនាម​ជា​ម្តាយ​ថ្មីថ្មោង ភាគច្រើន គឺ​មិន​បានដឹងថា ធ្វើ​ដូចម្តេច ទើប​ដឹងថា​កូន​កំពុងតែ​បៅដោះ​ឆ្អែត​នោះទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការទទួលបាន​ព័ត៌មាន​សំខាន់ៗ​ដូចជា ចំនួន​ដង​ដែល​កូន​បន្ទោ​របង់ ចំនួន​ខោ​ទឹក​នោម​ដែល​ត្រូវ​ផ្លាស់​ក្នុង​មួយ​ថ្ងៃ ឬ​ការឡើង​ទម្ងន់​គ្រប់គ្រាន់ អាច​ជួយ​ម្តាយ​យល់​ដឹង​ថា កូន​កំពុងតែ​បៅ​ឆ្អែត ឬ​អត់​ហើយ​។ ខាងក្រោម​នេះ គឺជា​ចំនុច​មួយចំនួន ដែល​បញ្ជាក់ថា កូន​អ្នក​កំពុង​តែ​ទទួលបាន ការ​បៅដោះ​ឆ្អែត ឬ​អត់​ហើយ​។
•​    ​ក្មេង​នឹង​ឡើង​ទម្ងន់​ក្នុង​រយៈពេល ២ សប្តាហ៍​ដំបូង​នៃ​ជីវិត​
•​    ​ក្មេង​គួរតែ​ឡើង​ទម្ងន់​ពី ១៥០ ទៅ ២០០ ក្រាម​ក្នុង​មួយ​សប្តាហ៍ ក្រោយពី​កើត​បាន ២ សប្តាហ៍​ដំបូង​
•​    ​ក្រោយ​ពី​កូន​អាយុ​បាន ៥ ថ្ងៃ គេ​គួរតែ​បន្ទោរ​បង់​ចាប់ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​
•​    ​ក្មេង​គួរតែ​ត្រូវ​ផ្លាស់​ខោ​ទឹកនោម ពី ៧ ទៅ ៨ ដង​ឯណោះ​ក្នុង​មួយ​ថ្ងៃ​។

​បើសិន​ជា​ចំណុច​ទាំងអស់​ខាងលើ មិន​កើត​ឡើង​លើ​កូន​អ្នក​ទេ មានន័យ​ថា គេ​កំពុងតែ​ទទួល​បាន​ការ​បំបៅ មិន​គ្រប់គ្រាន់​ទេ​។ ដូច្នេះ ម្តាយ​អាច​បង្កើន​ភាព​ញឹកញាប់ នៃ​ការ​បំបៅកូន​បន្តិច ដើម្បី​ប្រាកដថា​កូន​ទទួលបាន​ទឹកដោះ​គ្រប់គ្រាន់​។ ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា ការលើកដាក់​កូន​ឲ្យ​បៅ​បាន​ត្រឹមត្រូវ​គឺ​ជា​រឿង​សំខាន់ ព្រោះ​គេ​នឹង​អាច​បៅ​ទឹកដោះ​បាន​គ្រប់គ្រាន់​។ បើសិន​ជា​អ្នក​មិន​ប្រាកដ​ថា​ថា គួរ​បំបៅកូន​ដោយ​របៀប​ណា​ទេ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដែល​មាន​ជំនាញ​ខាង​បំបៅ​ដោះកូន ឬ​ឆ្មប​។

​ជាមួយគ្នានេះដែរ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺថា ម្តាយ​ភាគច្រើន​បារម្ភ​ថា កូន​ខ្លួន​បៅ​ទឹកដោះ​មិន​គ្រប់ ដោយសារ​មិន​ដឹង​ថា ក្រពះ​របស់​កូន​នៅ​តូច​នៅឡើយ​ទេ ដូច្នេះ ទើប​កូនបៅ​មិន​បាន​ច្រើន ដូច​ការរំពឹងទុករ​បស់​គេ​បែបនេះ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។