ខេត្តកំពង់ឆ្នាំង​ចំណេញ​ច្រើន​ពី​តេ​ជោ​សែន

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​លិខិត​ថ្លែងអំណរគុណ​មួយ​ច្បាប់​របស់​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ ឆ្នាំង ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី ៩ សីហា ២០១៦ បាន​ថ្លែង​ថា នៅ​ថ្ងៃ​ទី​៩ សីហា ២០១៦ នេះ គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តកំពង់ឆ្នាំង ដែល​យើងខ្ញុំ​ទាំងអស់​គ្នា ជា​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  និង​អាជីវករ​ផ្សា​រលើ ក្នុង​ក្រុង​កំពង់ឆ្នាំង ចង​ចាំ​មិន​អាច​បំភ្លេច​បាន និង​មាន​សេចក្តី​រំភើប​ឥត​ឧបមា ដែល​បាន​សម្តេច​តេ​ជោ​អញ្ជើញ​មក​សួរសុខទុក្ខ និង​សំណេះសំណាល​ប្រកបដោយ​ភាព​ស្និទ្ធស្នាល និង​សាមញ្ញ​បំផុត ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ យើងខ្ញុំ​ទាំងអស់​គ្នា ក៏​បាន​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច ដែល​រួម​មាន ៖

១-​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្ត ទទួល​បាន​អគារសិក្សា​១​ខ្នង ២​ជាន់ ១២​បន្ទប់​, លុប​ស្រះ​ទឹក​២​កន្លែង ដើម្បី​រៀបចំ​ទីលានកីឡា

២-​វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត ទទួល​បាន​អគារសិក្សា ១​ខ្នង ៣​ជាន់ មាន​១៨​បន្ទប់​, ចាក់​ទីធ្លា​សាលា ដើម្បី​រៀបចំ​ទីលានកីឡា

៣-​វិទ្យាល័យ រលាប្អៀរ ទទួល​បាន​អគារសិក្សា​១​ខ្នង ២​ជាន់ ១២​បន្ទប់​, ជីក​ស្រះ​ទឹក​មួយ​កន្លែង​យក​ដី ចាក់​ធ្វើ​ទីលានកីឡា , និង​ធ្វើ​របង​សាលា​ព័​ទ្ឋ​ជុំវិញ

៤-​វិទ្យាល័យ​បរិបូណ៌ ត្បូង ទទួល​បាន​អគារសិក្សា​១​ខ្នង ២​ជាន់ ១២​បន្ទប់​, ទីចាត់ការ​១​ខ្នង​,​បណ្ណាល័យ ១ ខ្នង​, ជីក​ស្រះ​ទឹក​១​កន្លែង យក​អាច​ម៌​ដី​ចាក់​ធ្វើ​ទីលានកីឡា និង​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​សាលា

៥-​វិទ្យាល័យ បរិបូណ៌ ទទួល​បាន​អគារសិក្សា​១​ខ្នង ២​ជាន់ ១២​បន្ទប់​, ជួសជុល​អគារ​ចាស់​របស់​សម្តេច​ឡើង​វិញ​, ទីចាត់ការ​១​ខ្នង និង​ជីក​ស្រះ​ទឹក​យក​ដី​ចាក់​ធ្វើ​ទីលាន​កីឡា។

៦-​ដោយឡែក អាជីវករ​ផ្សា​រលើ​ទទួល​បាន​សេចក្តី​សន្តោស​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច បាន​លក់ដូរ​បន្ត​ទៀត រហូត​ដល់​ឆ្នាំ​២០៤០ ។