សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​លោកស្រី ថា​ក់ ឡា​នី ទារជំងឺចិត្ត​១០០​រៀល

រាជធានី​ភ្នំពេញ ៖ លោក​មេធាវី សំ សុ​គង់ បញ្ជាក់​ថា លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រ​ង្ស៊ី ជា​លើក​ទី​២​ឲ្យ​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ។

លោក​មេធាវី​បន្ត​ថា ទោះបី​មាន​ដីការ​ឲ្យ​កូនក្តី​លោក​ចូល​បំភ្លឺ​នៅ​ដំណាក់កាល​អយ្យការ​យ៉ាងណា​ក្តី រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា លោកស្រី ថា​ក់ ឡា​នី នឹង​ចូល​បំភ្លឺ ឬ​យ៉ាងណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ពិភាក្សា​ជាមួយ​កូនក្តី​សិន ។

គួរ​បញ្ជាក់​ថា លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ សីហា បាន​ចេញ​ដីការ​កោះហៅ​លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រ​ង្ស៊ី ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ម្តង​រួច​មក​ហើយ​ពាក់ព័ន្ធ​លើ​បណ្តឹង​របស់​លោក គឺ តិច ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុង​បណ្តឹង​ចោទ​ថា សម្តេច​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។ ហើយ​បណ្តឹង​នោះ​បាន​ទាមទារ​ជំងឺ​ក្នុង​ទឹកប្រាក់​ចំនួន​១០០​រៀល ។ ដីការ​កោះហៅ​លើក​ទី​១​នោះ លោកស្រី ថា​ក់ ឡា​នី មិន​បាន​ចូលខ្លួន​ទេ ហើយ​បែរជា​មេធាវី​ដាក់​ពាក្យសុំ​ពន្យា​ពេល ប៉ុន្តែ​ត្រូវ​បាន​លោក លី សុ​ផា​ន់​ណា មោឃភាព ៕