អត្តពលិកកម្ពុជា៤នាក់ នឹងចូលរួមការប្រកួតប្រណាំងរថយន្ត Asia Cross Country

សហព័ន្ធកីឡាយានយន្តកម្ពុជា បានសម្រេចដាក់កីឡាករចំនួន៤នាក់ ឲ្យទៅចូលរួមការប្រកួតកីឡាប្រណាំងរថយន្តមួយឈ្មោះថា Asia Cross Country Rally 2016 ដែលនឹងចេញដំណើរពីទីក្រុងប៉ាតាយ៉ាប្រទេសថៃ មកបញ្ចប់ នៅប្រទេសកម្ពុជា ក្រុងសៀមរាប ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។

mm1

លោក ហូ សិទ្ធិគន្ធ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃពុធនេះថា៖«យើងនឹងបញ្ជូនកីឡាករ៤នាក់ឲ្យចូលរួមការប្រកួត Asia Cross Country Rally 2016 ក្នុងនោះ២នាក់ប្រកួតលើប្រភេទកីឡាប្រណាំងម៉ូតូ និង២នាក់ទៀតប្រណាំងឡាន(ម្នាក់ជាអ្នកបើកឡាន ម្នាក់ជំនួយការមើលផែនទី) ហើយយើងក៏មានឡានផ្គត់ផ្គង់ចល័ត និងក្រុមការងារប្រណាំងឡាន និងម៉ូតូ ផងដែរ»។

mm2

គួរបញ្ជាក់ថា នេះជាឆ្នាំទី២ហើយ ដែលព្រឹត្តិការណ៍ Asia Cross Country Rally បានធ្វើឡើងដោយឆ្លងកាត់ប្រទេសកម្ពុជា។ នៅឆ្នាំនេះ មានឡានប្រណាំង២៤គ្រឿង ម៉ូតូប្រណាំង៤៥គ្រឿងនិងឡានផ្គត់ផ្គង់ចល័តចំនួន៤៧គ្រឿង សរុបអ្នកចូលរួមសរុបប្រមាណ៣៥០នាក់ ហើយនៅក្នុងនោះការប្រណាំងម៉ូតូ មានចម្ងាយផ្លូវ៨៣០គីឡូម៉ែត្រ ខណៈប្រភេទម៉ូតូប្រណាំងមិនកំណត់កម្លាំងម៉ាស៊ីនឡើយ ប៉ុន្តែផ្នែករថយន្ត មាន៤ប្រភេទកម្លាំងម៉ាស៊ីន សម្រាប់ឲ្យអ្នកចូលរួមជ្រើសរើស។

mm3

លោក ហូ សិទ្ធិគន្ធ បានប្រាប់ឲ្យដឹងទៀតថា ការប្រកួតប្រណាំងឡាន ដែលមានចម្ងាយ ផ្លូវសរុប២៤០០គីឡូម៉ែត្រនោះ គឺនឹងចេញដំណើរពីប៉ាតាយ៉ាឆ្ពោះទៅឈុនបូរី លើចម្ងាយផ្លូវ២២០គីឡូម៉ែត្រ រួចបន្តពីឈុនបូរីមកកោះកុងចម្ងាយ៨៥គីឡូម៉ែត្រ។ បន្ទាប់មកពីកោះកុងទៅកំពង់សោម ចម្ងាយ១៥០គីឡូម៉ែត្រ រួចបន្តមកភ្នំពេញចម្ងាយ១៤០គីឡូម៉ែត្រ ហើយភ្នំពេញទៅខេត្តសៀមរាប ចម្ងាយ១៧០គីឡូម៉ែត្រ និងចុងក្រោយបន្តពីទីរួមខេត្តសៀមរាប ទៅសៀមរាប លើចម្ងាយផ្លូវ៦៥គីឡូម៉ែត្រ៕

The post អត្តពលិកកម្ពុជា៤នាក់ នឹងចូលរួមការប្រកួតប្រណាំងរថយន្ត Asia Cross Country appeared first on CamboSport.