មតិ​ពលរដ្ឋ​ជុំវិញ​ខួប​មួយ​ខែ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី

ថ្ងៃ​ទី​១០ សីហា គឺ​ជា​ខួប​គម្រប់ ៣០​ថ្ងៃ​នៃ​ការ​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី នៅ​ឯ​ហាង​លក់​ទំនិញ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ។ ករណី​នេះ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​នៅ​ឡើយ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា ជុំវិញ​ករណី​ឃាតកម្ម​នេះ។

សម្រែក​ទាមទារ​រក​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី នៅ​តែ​បន្ត​ចាប់​តាំង​ពី​ឃាតកម្ម​កើត​ឡើង រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​សីហា ដែល​មាន​គម្រប់​មួយ​ខែ​គត់។

បុរស​វ័យ​ចំណាស់​មួយ​រូប​ដែល​កំពុង​អង្គុយ​នៅ​ក្បែរ​តុ​កាហ្វេ​ក្នុង​ស្ដារ​ម៉ាត កាល់តិច បូកគោ ជា​ទី​ដែល​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​ជា​ពលរដ្ឋ​មក​ពី​ខេត្ត​កណ្ដាល។ មូលហេតុ​ដែល​លោក​មក​ទីនេះ ដោយសារ​លោក​ចង់​ដឹង​ទី​ដែល​លោក​បណ្ឌិត រង​ទុក្ខ​ទារុណ​ដល់​បាត់បង់​ជីវិត​ដោយ​គ្រាប់​កាំភ្លើង​ដោយសារ​បុព្វហេតុ​ជាតិ ដោយ​ព្រោះ​តែ​ហ៊ាន​និយាយ​ការ​ពិត។ នៅ​ពេល​ផ្ដល់​សម្ភាស លោក​ថ្លែង​ដោយ​ប្រយ័ត្នប្រយែង​ថា លោក​មាន​ក្ដី​ស្រណោះ​នឹក​អាណិត និង​ស្រឡាញ់​ទស្សនៈ​របស់​លោក​បណ្ឌិត កែម ឡី ជា​ពន់ពេក។ ជាង​នេះ​ទៅ​ទៀត លោក​ពេញ​ចិត្ត​នូវ​យុទ្ធនាការ ១០០​រាត្រី​របស់​គាត់៖ «»

អង្គុយ​ក្នុង​ស្តារ​ម៉ាត​កាល់តិច​នេះ​ដែរ យុវជន ហុង លី វ័យ ២៣​ឆ្នាំ ថ្លែង​ថា គាត់​នៅ​តែ​បន្ត​តាមដាន​ករណី​នេះ៖ «»

ច្រឹក យឿន ២០១៦ ៨៥៥
ពលរដ្ឋ​នៅ​ខណ្ឌ​ចំការមន លោកស្រី ច្រឹក យឿន ផ្ដល់​បទសម្ភាសន៍​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Ou Banung

ចំណែក​ស្ត្រី​វ័យ ៧៣​ឆ្នាំ​មួយ​រូប លោកស្រី ច្រឹក យឿន ជា​ពលរដ្ឋ​នៅ​ខណ្ឌ​ចំការមន មាន​ទស្សនៈ​ថា លោកស្រី​ធ្លាប់​ស្គាល់ និង​ចូលរួម​ស្ដាប់​លោក​បណ្ឌិត កែម ឡី និយាយ​ដោយ​ផ្ទាល់​នៅ​ក្នុង​សិក្ខាសាលា​ជា​ញឹកញាប់ ដោយ​បាន​អប់រំ និង​ផ្ដល់​ចំណេះ​ដឹង​ដល់​យុវជន។ លោកស្រី​រំឭក​ថា គាត់​រន្ធត់​ចិត្ត​នឹក​ស្មាន​មិន​ដល់​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត។ អ្វី​ដែល​សោកស្ដាយ​បំផុត គឺ​ចំណេះ​វិជ្ជា​ដែល​បាន​បាត់បង់​ទៅ​ជាមួយ​លោក​បណ្ឌិត កែម ឡី។ មក​ដល់​ពេល​នេះ លោកស្រី​មិន​សង្ឃឹម​សោះ​ថា តុលាការ​កម្ពុជា នឹង​ផ្ដល់​យុត្តិធម៌​ក្នុង​ករណី​ឃាតកម្ម​នេះ៖ «»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​មួយ​រូប​ទៀត​រស់នៅ​រាជធានី​ភ្នំពេញ គឺ​លោកស្រី អ៊ា សម័យ បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី៖ «»

អ៊ា សម័យ ២០១៦ ៨៥៥
លោកស្រី អ៊ា សម័យ ផ្ដល់​បទសម្ភាសន៍​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Ou Banung

ដោយ​ចង់​ឃើញ​ពន្លឺ​យុត្តិធម៌​ដល់​លោក​បណ្ឌិត កែម ឡី ស្ត្រី​អ្នក​លក់​ដូរ​នៅ​លើ​ដង​វិថី​សុធារស ដែល​អះអាង​ថា​គាត់​បាន​ចូលរួម​ដេញ​ជន​សង្ស័យ​ដែល​បាន​រត់​កាត់​វិថី​នេះ​ជាមួយ​ពលរដ្ឋ​ដទៃ​ដែរ គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​បង្ហាញ​សាធារណជន​ឲ្យ​ឃើញ​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព៖ «»

ជុំវិញ​ពន្លឺ​យុត្តិធម៌​ដល់​លោក​បណ្ឌិត កែម ឡី អ្នកស្រី ចាន់ ចរិយា ដែល​និយម​ទៅ​ទទួល​ទាន​កាហ្វេ និង​តែង​ជួប​មុខ​លោក កែម ឡី នៅ​ស្តារ​ម៉ាត​នេះ ពុំ​មាន​សង្ឃឹម​សោះ​ឡើយ​ថា​នឹង​មាន​យុត្តិធម៌៖ «»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពួក​គាត់​នៅ​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌ និង​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ​អាច​ផ្ដល់​យុត្តិធម៌​ដល់​លោក​បណ្ឌិត កែម ឡី និង​គ្រួសារ​លោក​បណ្ឌិត​នោះ​ឡើយ ដោយសារ​ករណី​មុនៗ សមត្ថកិច្ច​នៅ​មិន​ទាន់​វែក​មុខ​ជន​ល្មើស និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​សិល្បករ មេ​ដឹកនាំ​សហជីព និង​សកម្មជន​បរិស្ថាន ឃើញ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។