មេធាវី​របស់លោក​ស្រី ថាក់ ឡា​នី នឹង​ចូល​តុលាការ​តាម​ដីកាកោះ​ជា​លើក​ទី​២ និពន្ធដោយ : ម៉ៅ សុផា       August-10-2016, 3:45 pm         220

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេធាវី​របស់លោក​ស្រី ថាក់ ឡា​នី នឹង​ចូល​តុលាការ​តាម​ដីកាកោះ​ជា​លើក​ទី​២អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ​ភ្នំពេញ​៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​លើក​ទី​២ ដើម្បី​កោះហៅ លោកស្រី ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា នៃ​គណបក្ស សម រង្ស៊ី ឲ្យ​ចូល​ស្តាប់​ចម្លើយ ជុំវិញ​ពាក្យបណ្តឹង​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ តុលាការ​រាជធានី​ភ្នំពេញ កំណត់​ឲ្យ​លោកស្រី ថាក់ ឡា​នី និង​មេធាវី បង្ហាញខ្លួន នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦ ខាងមុខ​។ នេះ​បើតាម​ការអះអាង​របស់​លោក លី សុផាន់​ណា អ្នកនាំពាក្យ​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​លោក សំ សុ​គង់ មេធាវី​របស់លោក​ស្រី ថាក់ ឡា​នី បាន​បញ្ជាក់ថា លោក នឹង​ចូលទៅ​កាន់​តុលាការ​តាម​ដីកាកោះ ដើម្បី​ការពារ​កូនក្តី​របស់ខ្លួន តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ លោក សំ សុ​គង់ មិនទាន់​បានទទួល​ចម្លើយ​ពី​លោកស្រី ថាក់ ឡា​នី ថា​នឹង​ចូលទៅ​កាន់​តុលាការ ឬ​យ៉ាងណា​នោះទេ​។ មេធាវី​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​ខ្ញុំ​នឹង​ទៅ ដើម្បី​ការពារ​ក្តី​ឲ្យ​គាត់ (​លោកស្រី ថាក់ ឡា​នី​)​។ តែ​ខ្ញុំ​មិនទាន់​ដឹងថា គាត់​ទៅ​ឬ​មិន​ទៅ​ទេ​។ ខ្ញុំ​ត្រូវ​ពិភាក្សា​ជាមួយ​គាត់​ជាមុនសិន​»​។

​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​អ្នកស្រី ថាក់ ឡា​នី ម្តង​រួចទៅហើយ ដើម្បី​ឲ្យ​ចូល​ស្តាប់ ដំណើរ​ដើមទង ដែល​សម្ដេច ហ៊ុន សែន បានដាក់​ពាក្យ​ប្ដឹង​សមាជិក​ព្រឹទ្ធិ​សភា​រូបនេះ កាលពី​ថ្ងៃទី ០១ សីហា​។ ប៉ុន្តែ​លោកស្រី ថាក់ ឡា​នី មិនបាន​បង្ហាញខ្លួន​នៅ​តុលាការ​នោះទេ បន្ទាប់ពី​មេធាវី​របស់លោក​ស្រី ដាក់​លិខិត​សុំ​ពន្យារពេល​។

​បើតាម​លោក គី តិច សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់​សិទ្ធិ​ជូន​លោក ក្នុងនាម​ជា​មេធាវី ដើម្បី​ប្តឹង អ្នកស្រី ថាក់ ឡា​នី  ដែល​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី ។ តែ​មេធាវី​រូបនេះ មិន​បញ្ជាក់​ពីបទ​ចោទប្រកាន់​អ្វី​ឲ្យ​ច្បាស់​លើ អ្នកស្រី ថាក់ ឡា​នី ព្រោះ​លោក​ទុក​ឲ្យ​តុលាការ​ជា​អ្នកចោទ​ប្រកាន់​។

​ក្រៅពី​ប្ដឹង​អ្នកស្រី ថាក់ ឡា​នី នេះ​លោក គី តិច ក៏បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ដែល​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ចោទ​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី ដែរ​។ លោក គី តិច ចាត់ទុក​ពាក្យសម្ដី​របស់​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី ថា ជាការ​រៀបចំ​គម្រោង​ទុកជាមុន ដើម្បី​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។ សម្តេច ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី តែ​ម្នាក់ ១០០ រៀល​តែប៉ុណ្ណោះ ព្រោះ​សម្តេច​មិន​ចង់បាន​ប្រាក់​អ្វី​នោះឡើយ តែ​សម្តេច​ចង់​បានតែ​ការបញ្ជាក់​ពី​ភាព​ស្អាតស្អំ​សម្រាប់​លោក ។ នេះ​ជាការ​បញ្ជាក់​របស់លោក គី តិច មេធាវី ការពារ​ក្តី​សម្តេច ហ៊ុន សែន​៕