ខៀវ កាញារីទ្ធ៖ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង រវល់​តែ​«ដេក»

«បើអ្នកណាដឹងថា គាត់គេងនៅឯណា ជួយដាស់គាត់ ឲ្យទៅធ្វើការងារផង» ជាដំណកស្រង់ ពីប្រតិកម្មដ៏​ខ្លី​មួយ របស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាននៅព្រឹកនេះ។ ប្រតិកម្មនេះ ហាក់បានវាយមួយព្រនង់ យ៉ាង​ចាស់​ដៃ ទៅ​លើ​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តព្រៃវែង។
ខៀវ កាញារីទ្ធ៖ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង រវល់​តែ​«ដេក»

លោក ខៀវ កាញារីទ្ធី ជូនត្រាមន្ទីរព័ត៌មាន ខេត្តព្រៃវែង ឲ្យលោក អៀង ជេដ្ឋ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥។ (រូបថត AKP)

ប្រតិកម្មខ្លី តែមានន័យវែង និងបង្កឲ្យអ្នកអាន ទប់សំណើចមិនបាន។ ទប់មិនបាន ព្រោះរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានដង្ហោយហៅ រកអ្នកក្រោមបង្គាប់របស់លោក ថាកំពុង«ដេកនៅឯណា» បាន​​ជា​មិន​ឃើញ​មករាយការណ៍ ពីរឿងទំនាស់​រវាង​ប្រជាជនខ្មែរ និងវៀតណាម រហូតដល់មានមនុស្សស្លាប់។

ប្រតិកម្មដង្ហោយស្វែងរក របស់លោករដ្ឋមន្ត្រី ធ្វើឡើងពីរថ្ងៃក្រោយ ហេតុការណ៍មួយ ដែលបានកើតឡើង នៅ​ក្នុង​​ភូមិ​អ្នក​លឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី៧ ខែសីហានេះ រវាងជនជាតិ​ខ្មែរ​មួយ​​គ្រួសារ និងជនជាតិយួនមួយក្រុម។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្នុងហេតុការណ៍វាយតប់ ដែល​​បណ្ដាល មក​ពីទំនាស់ពាក្យសំដីនោះ មានមនុស្សស្លាប់​យ៉ាងហោច ១នាក់ ជាជនជាតិខ្មែរ។

ជម្លោះបង្ករបួសស្នាម រហូតមានមនុស្សស្លាប់បែបនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ លើកមកធ្វើជា​មូលហេតុ ដើម្បី​បន្ទោស​​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តព្រៃវែង ដែលទំនងជាមិនបានដឹង ឬមិនបានរាយការណ៍ មក​ក្រសួង​ព័ត៌មាន។ លោក កាញារីទ្ធ បាន​​សរសេរ​​នៅ​លើ​គណនីហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី១០ ខែ​សីហា​នេះ​ថា៖ «មិន​ដឹង​ប្រធាន​​មន្ទីរ​ព័ត៌មាន ខេត្ត​ព្រៃវែង ដេកនៅឯណា បានជាមិនឃើញរាយការណ៍ ពីរឿង​ទំនាស់​ប្រជាជន​ខ្មែរ និង​​សហគមន៍​​វៀតណាម រហូត​ដល់​មាន​ស្លាប់»។

បន្ទាប់មក លោក​រដ្ឋមន្ត្រី​បាន​​សរសេរ​​បន្ថែមថា៖ «បើអ្នកណាដឹងថា គាត់គេងនៅឯណា ជួយដាស់គាត់ ឲ្យទៅ​ធ្វើ​ការងារ​ផង»។

លោក អៀង ជេដ្ឋ ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង មិនអាចសុំការ​ធ្វើអត្ថាធិប្បាយបានទេ នៅក្នុងពេល​ភ្លាមៗ​នេះ ដោយ​សារ​ទូរស័ព្ទ​មិនមានការឆ្លើយតប។ រីឯទំព័រហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តមួយនេះ ក៏មិន​ឃើញ​មាន​​សកម្មភាព​​អ្វី រាប់​ចាប់​តាំងពីថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៤ ដែលជាថ្ងៃបង្ហោះ​ព័ត៌មាន​ចុងក្រោយ​នោះ មក​ដែរ។

សូមបញ្ជាក់ដែរថា លោក អៀង ជេដ្ឋ បានក្លាយជាប្រធានមន្ទីរព័ត៌មានខេត្ត តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០១៣ ជំនួស​លោក កេត ឈាន អតីតប្រធានមន្ទីរមុន ដែលបានចូលនិវត្តន៍។ នៅថ្ងៃនោះ ពិធី​ផ្លាស់ប្ដូរ​តំណែង​​របស់​ប្រធាន​មន្ទីរចាស់ថ្មីទាំង​ពីររូប ត្រូវ​​បាន​រៀបចំ​ធ្វើ​ឡើង ក្រោយអធិបតីរបស់លោក ខៀវ កាញារីទ្ធ ផ្ទាល់តែម្ដង៕