របប​តិរច្ឆាន​នៅ​កម្ពុជា៖ ហុង លឹម ថា​របប​សព្វថ្ងៃ គ្មាន​តម្លៃ​ឲ្យ​លោក​សុំទោស

លោក ហុង លឹម សមាជិកសភាអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ នៅតែប្រកាន់ជំហរ លើការថ្លែង​របស់​លោក ដែល​បាន​លើក​ឡើង​ថា របបនយោបាយ ឬរបបដឹកនាំ នៅកម្ពុជាសព្វថ្ងៃ មានលក្ខណៈ«តិរច្ឆាន»។ តបទៅ​នឹង​យុទ្ធនាការ របស់​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​គាំទ្រ​រដ្ឋាភិបាល ដែលស្នើសុំឲ្យលោក «សុំទោស» នោះ លោក ហុង លឹម បាន​ថ្លែង​វាយ​បក​វិញ ចាត់​ទុក​យុទ្ធនាការ​ទាំង​នោះ ថា​ជា​ឆាក​ល្ខោន​ដើម្បី​ពង្វាង ពី​ការ​ស៊ើប​អង្កេត​លើ ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី។
របប​តិរច្ឆាន​នៅ​កម្ពុជា៖ ហុង លឹម ថា​របប​សព្វថ្ងៃ គ្មាន​តម្លៃ​ឲ្យ​លោក​សុំទោស

លោក ហុង លីម សមាជិកសភាអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ គណរដ្ឋមន្ត្រី។ (រូបថតហ្វេសប៊ុក)

«សព្វថ្ងៃ គាត់ចង់ធ្វើអ្វី តាមតែអំបែងក្បាលរបស់គាត់ទេតើ។ គាត់ចង់ធ្វើយ៉ាងម៉េច ថាទៅតាម​តែចិត្ត​គាត់​ទេ​តើ។» នេះជាប្រតិកម្មខ្លាំងៗ របស់លោកតំណាងរាស្ត្រអូស្ត្រាលី លឹម មុយហុង (ដែលគេស្គាល់មកដល់​ថ្ងៃ​នេះ ថាជាលោក ហុង លីម) តបទៅនឹងការទាមទាររបស់មន្ត្រីរដ្ឋាភិបាល និងអ្នកគាំទ្ររដ្ឋាភិបាល ឲ្យ​រូប​លោក លឹម មុយហុង ធ្វើការសុំទោស ពីការលើកឡើងរបស់លោក ដែលបានហៅ​របបដឹកនាំ ឬរបបនយោបាយ នៅ​កម្ពុជា​សព្វ​ថ្ងៃ មានលក្ខណៈដូចតិរច្ឆាន។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអូស្ត្រាលី ក្នុងថ្ងៃទី១០ ខែសីហានេះ លោក លឹម មុយហុង បានថ្លែង​វាយ​ប្រហារ​យ៉ាងចាស់ដៃ តបនឹងការទាមទារនោះវិញថា៖ «វាអត់មានសេចក្ដីថ្លៃថ្នូរ អត់មានកន្លែងណា ដែលគួរ​ឲ្យ​គេ​គោរព។ ម្លោះហើយ មកចង់ទាមទារ (ឲ្យសុំទោស) ស្អី។ មានលក្ខណៈណា ដែលអាចមកទាមទារ (នោះ)?»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ យុទ្ធនាការទាមទារ​ឲ្យមាន​ការសុំទោស ដឹកនាំដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បានហៅការលើកឡើង របស់លោក លឹម មុយហុង តាមវិទ្យុអាស៊ីសេរី​កាល​ពីថ្ងៃទី៣ ខែសីហានេះ ថាជាការមិនអាចទទួលយកបាន។ យុទ្ធនាការនោះ មានរាប់បញ្ចូល​ទាំង​ការ​បញ្ជូន​ញត្តិ ទៅស្ថានទូត​អូស្ត្រាលី ប្រចាំនៅប្រទេស​កម្ពុជានោះផង។

សមាជិកសភាអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ បានផ្ដល់កិច្ចសម្ភាសនោះ ទៅឲ្យវិទ្យុអាស៊ីសេរី ដែល​លើក​មកនិយាយ ពីករណីឃាតកម្មលើលោក កែម ឡី ហើយលោកបានប្រៀបធៀប ការដឹកនាំ​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាំងពីជាងបីទសវត្សន៍មកនោះ ថាមាន​លក្ខណៈ​ដូច​«តិរច្ឆាន»។

មន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាល បានចាត់ទុកពាក្យសំដីនោះ ថាជាជាការលើកឡើង ដែលមាន​ឥរិយាបទ​«ពាល» និងមានចរិត«ថោកទាប»។ លោក ផៃ ស៊ីផាន បានថ្លែងនៅក្នុងលិខិតមួយ ផ្ញើរទៅប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី ៥ ខែសីហាថា៖ «សូម្បី​តែអង្គការសហប្រជាជាតិ ក៏ពុំបានវាយតម្លៃមកលើ ប្រទេសកម្ពុជា​ដល់​ថ្នាក់​នេះ​ដែរ។ សូម​លោក​​តំណាង​​រាស្រ្ត ហុង លឹម ពិចារណាអំពីឥរិយាបថ (ពាល) របស់លោក សារ​ជា​ថ្មី​ម្ដង​ទៀត។»។

តែលោក លឹម មុយហុង មិនបានផ្ដល់​ការយកចិត្តទុកដាក់ នឹងបណ្ដាញត្តិ ឬការថ្លែងរបស់លោក ផៃ ស៊ីផាន នោះ​ទេ។ តំណាងរាស្ត្រអូស្ត្រាលីរូបនេះ បានពន្យល់ថា មិន​គួរ​មក​ចំណាយ​ពេល​​លេង​​ល្ខោន​​យ៉ាង​នេះ​ទេ តែ​គួរ​​តែ​​យក​​ពេល​​វេលា ​ទៅ​ដោះ​ស្រាយ​បញ្ហា​ជាតិ​, បញ្ហា​អន្ដោប្រវេសន៍, បញ្ហា​ភាព​ក្រីក្រ​ជូន​​ប្រជា​​ពលរ​ដ្ឋ​​វិញ​ទើប​​ត្រឹម​ត្រូវ។

សមាជិកសភាអូស្ត្រាលី បានថ្លែងថា៖ «នរណាចង់ហែក្បួន (...) ឲ្យតែក្រៅ ឬខុសពីគំនិតគាត់ គឺគាត់វ៉ៃគេ គាត់​ទាត់​គេ គាត់ទាត់គាត់ធាក់ គាត់ប្រើប៉ូលីសរបស់គាត់ហ្នឹង (...) ប្រើប្រាស់កងទ័ព ប្រើប្រាសរដ្ឋសភា ប្រើ​ប្រាស់​តុលាការ ទៅ​តាម​តែ​អំពើចិត្តខ្លួន ដែលទៅជាគ្រឿង​លេងសើច ល្បែងរបស់ខ្លួន (...) ដើម្បី​ការពារ​អំណាច។»៕