ស៊ន សៀវ​ម៉ី ប៉ះ​ខ្លា​ញី​ហូ​ឡង់​មុនគេ​ក្នុង​សមរភូមិ​ដណ្ដើម​មេដាយ​អូ​ឡាំ​ពិ​ក

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​អត្តព​លិ​ក​កម្ពុជា​ដែល​មានសំណាង​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក គេ​ចាប់អារម្មណ៍​ថា​កីឡាការិនី​ស៊ន សៀវ​ម៉ី មានសំណាង​ជាងគេ​បើ​ធៀប​នឹង​អត្ត​ព​លិ​កកម្ពុជា​ផ្សេង​ទៀត ។ នោះ​គឺ​ដោយសារ​តែ​នាង​មាន​សមត្ថភាព​ដណ្ដើម​កៅអី​ទៅ​ប្រកួត​តំណាង​ទ្វីបអាស៊ី និង​ជា​កីឡាការិនី​ល្បីឈ្មោះ​របស់​កម្ពុជា​តែ​ម្នាក់​គត់​ដែល​មានឱកាស​ហ្វឹកហាត់​បាន​យូរ​ជាងគេ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​មុន​កម្មវិធី​ប្រកួត​មក​ដល់ ។ យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា នៅ​ក្នុង​សមរភូមិ​ដណ្ដើម​មេដាយ​អូ​ឡាំ​ពិ​ក​លើក​ដំបូង​របស់​វីរ​កីឡាការិនី​តេ​ក្វា​ន់​ដូ​កម្ពុជា​រូប​នេះ នាង​ធ្វើ​បាន​កម្រិត​ណា​ទេ​ក្នុង​ពេល​ដែល​នាង​ត្រូវ​បើក​ឆាក​ប្រកួត​ជាមួយ​កីឡាការិនីហូ​ឡង់​មុនគេ ។

យោង​តាម​ការ​ប្រកាស​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិអូ​ឡាំ​ពិ​ក​កម្ពុជា បាន​អះអាង​ថា កីឡាការិនី​ឆ្នើម​កម្ពុជា ស៊ន សៀវ​ម៉ី គឺជា​អត្ត​ព​លិ​ក​តែ​ម្នាក់​គត់​ដែល​ខាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រំពឹង​ខ្ពស់ ដោយសារ​តែ​នាង​គឺជា​បេក្ខភាព​ទី​១​ដែល​បាន​ប្រកួត​ឈ្នះ​កៅអី​តំណាង​ទ្វីបអាស៊ី និង​ជា​បេក្ខភាព​ខ្លាំង​ដំបូង​គេ​ដែល​មិន​ធ្លាប់​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ។ ការ​យល់​ឃើញ​របស់​លោក​មិន​មាន​ន័យ​ថា លោក​បំបាក់ទឹកចិត្ត​កីឡាករ​-​កីឡាការិនី​លើ​វិញ្ញាសា​ផ្សេង​ទៀត​នោះ​ទេ ប៉ុន្តែ​ផ្អែក​តាម​ភាព​ជាក់ស្ដែង ស៊ន សៀវ​ម៉ី បាន​ទទួល​ការ​បង្វឹក​ពី​សំណាក់​អ្នកជំនាញ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​បន្ថែម​ច្រើន​ថ្ងៃ​ជាងគេ​ខុស​ពី​កីឡាករ​-​កីឡាការិនី​ផ្សេង​ទៀត​សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ។ ធៀប​នឹង​កីឡាករ​កីឡាការិនី​ជា​ច្រើន​ដែល​ត្រូវ​បើក​ឆាក​ប្រកួត​តាំងពី​ថ្ងៃ​ទី​៥ សីហា បណ្ដាក់​គ្នា កីឡាការិនី ស៊ន សៀវ​ម៉ី គឺ​រហូត​ដល់​ថ្ងៃ​ទី​២០ សីហា ទើប​នាង​បើក​ឆាក​ប្រកួត​លើ​វិញ្ញាសា​តេ​ក្វា​ន់​ដូ​ដែល​មាន​ន័យ​ថា នាង​គឺជា​បេក្ខភាព​ពី​កម្ពុជា​តែ​ម្នាក់​គត់​ដែល​មានឱកាស​ហ្វឹកហាត់​និង​បន្សាំ​ខ្លួន​នៅ​ប្រេ​ស៊ី​ល​បាន​យូរ​ជាងគេ​មុន​ពេល​បើក​ឆាក​ប្រកួត ។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា ក្នុង​ចំណោម​អត្ត​ព​លិ​ក​ពី​កម្ពុជា​មាន​តែ​ស៊ន សៀវ​ម៉ី ម្នាក់​គត់​ដែល​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ក្នុង​ពេល​ដែល​បេក្ខភាព​ផ្សេង​ទៀត​សុទ្ធតែ​ធ្លាប់​ប្រកួត ហើយ​មិន​ដែល​ទទួល​បាន​មេដាយ​ត្រឡប់​មក​វិញ ។ លោក​ថា វិញ្ញាសា​តេ​ក្វា​ន់​ដូ​សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​ក្នុងឆ្នាំនេះ គឺ​មាន​ប្រទេស​ចូលរួម​ច្រើន ប៉ុន្តែ​សម្រាប់​វិញ្ញាសា​ត្រូវ​នឹង​ប្រភេទ​ទម្ងន់​របស់​ស៊ន សៀវ​ម៉ី គឺ​មាន​តែ​១៦​ប្រទេស​ប៉ុណ្ណោះ ខណៈ​ដែល​នាង​គឺ​ត្រូវ​ឆ្លងកាត់​តែ​កីឡាការិនី​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដើម្បី​បាន​ទៅ​ដល់​វគ្គ​ដណ្ដើម​មេដាយ ។ លោក វ៉ា​ត់ ចំរើន បន្ត​ថា វិញ្ញាសា​តេ​ក្វា​ន់​ដូ​មាន​ច្រើន​ប្រភេទ​ទម្ងន់ ដោយ​ស៊ន សៀវ​ម៉ី ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​+៦៧​គីឡូក្រាម​។  លោក​ថា គូប្រកួត​របស់​ស៊ន សៀវ​ម៉ី មាន​មក​ពី​ចិន នេ​ប៉ា​ល់ ហ្វី​លី​ពី​ន  អង់គ្លេស បារាំង ហូ​ឡង់ ម៉ិ​ក​ស៊ិ​ក កូដ​ឌី​វ័​រ ស៊ែ​ប៊ី ន័​រវេ​ស និង​ប្រទេស​ផ្សេង​ទៀត ដែល​ក្នុង​ចំណោម​ពួក​គេ គឺ​មាន​ច្រើន​គ្នា​មាន​ប្រវត្តិ​ទទួល​បាន​មេដាយ ។ ការ​ប្រកួត​ធ្វើ​ឡើង​គឺ​ចាញ់​ធ្លាក់​ៗ​ក្នុង​គ្រា​ដែល​អ្នក​ឈ្នះ​ត្រូវ​បន្ត​ឡើង​ទៅ​វគ្គ​៨​នាក់​ចុង​ក្រោយ និង​បន្ត​ទៅ​យក​មេដាយ​បន្តបន្ទាប់ ។ នៅ​ថ្ងៃ​ទី​២០ សីហា ស៊ន សៀវ​ម៉ី នឹង​បើក​ឆាក​ប្រកួត​ជាមួយ​កីឡាការិនី​ហូ​ឡង់ ទើប​លោក​យល់​ថា​មាន​ភាព​អំណោយផល​យ៉ាង​ខ្លាំង ដែល​អាច​ឱ្យ​នាង​ទទួល​បានការ​ហ្វឹកហាត់​បន្ថែម​បាន​ច្រើន​ថ្ងៃ​ទៀត​មុន​នឹង​តតាំង​ជាមួយ​គូប្រជែង ។

លោក​ថា ស៊ន សៀវ​ម៉ី ជា​ក្ដី​សង្ឃឹម​របស់​កម្ពុជា ហើយ​ជា​រឿង​វិជ្ជមាន​បំផុត​ដែល​នាង​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បន្សាំ​ខ្លួន និង​ទទួល​បាន​បទ​ពិសោធន៍​ពី​អ្នកជំនាញ​ច្រើន​ថ្ងៃ​គួរសម​ធៀប​នឹង​កីឡាករ​-​កីឡាការិនី​ផ្សេង​ទៀត​របស់​កម្ពុជា​នៅ​លើ​ទឹកដី​ប្រេ​ស៊ី​ល ។ លោក​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​សម្រាប់​ឆ្នាំ​២០១៦ គឺជា​ព្រឹត្តិការណ៍​លើក​ទី​៣១​ដែល​បាន​បើក​ឆាក​កាលពី​ថ្ងៃ​ទី​៥ សីហា និង​គ្រោង​បិទ​នៅ​ថ្ងៃ​ទី​២១ សីហា ដូច្នេះ​បើ​ស៊ន សៀវ​ម៉ី បាន​ឈ្នះ​មេដាយ​គឺ​នឹង​ដល់​ថ្ងៃ​បិទ​ប្រកួត​តែ​ម្ដង ។

ព្រឹត្តិការណ៍​នេះ មាន​អត្ត​ព​លិ​ក​សរុប​ជាង​១០.៥០០​នាក់​មក​ពី​ជាង​២០០​ប្រទេស​ចូលរួម​។ អូ​ឡាំ​ពិ​ក​ជា​ព្រឹត្តិការណ៍​កីឡា​ដែល​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​ធ្វើ​ឡើង​៤​ឆ្នាំ​ម្តង និង​មាន​២៨​ប្រភេទ​កីឡា​សម្រាប់​ឆ្នាំ​នេះ ។ សម្រាប់​កម្ពុជា​មាន​៤​ប្រភេទ​កីឡា​គឺ តេ​ក្វា​ន់​ដូ ហែល​ទឹក អត្តពលកម្ម និង​កីឡា​ចំបាប់ ។ នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ស៊ន សៀវ​ម៉ី ត្រូវ​គេ​ឃើញ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដោយសារ​តែ​នាង​ចង់​បំបែក​ប្រវត្តិសាស្ត្រ​ដណ្ដើម​យក​មេដាយ​ឱ្យ​បាន​ដាច់ខាត​នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត​។ ប្រសិនបើ​នាង​ទទួល​បាន​មេដាយ​ណាមួយ ឬ​ឈាន​ទៅ​ទទួល​បាន​មេដាយមាស​តែ​ម្ដងនោះ​ពិតជា​ធ្វើ​ឱ្យ​នាង​លេចធ្លោ​ទៀត​ហើយ បន្ទាប់​ពី​បាន​ក្លាយជា​កីឡាការិនី​ល្បីឈ្មោះ​នាំមុខ​គេ​នៅ​កម្ពុជា​ដោយ​សារ​តែ​បាន​មេដាយ​អន្តរជាតិ​ចំនួន​២​លើក ។ នាង​ក៏​នឹង​ក្លាយជា​កូនក្រមុំ​ក្នុង​គម្រោង​ភ្ជាប់ពាក្យ ឬ​រៀប​ការ​តែ​ម្ដង​ក្រោយ​ប្រកួត​អូ​ឡាំ​ពិ​ក​ចប់​ទើប​នាង​ត្រូវការ​មេដាយ​ពី​ព្រឹត្តិ​ការណ៍​នេះ​ខ្លាំង​បំផុត​ដើម្បី​បន្សល់​ទុក​នូវ​ភាព​លេចធ្លោ​មុន​បង្ហាញ​គូស្នេហ៍ ៕