ស្ពាន​ជ្រោយចង្វា​ចាស់​គ្រោង​បិទ​ចរាចរណ៍​២​ឆ្នាំ​ជួសជុល​ធំ

រាជធានី​ភ្នំពេញ ៖ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១០ សីហា ២០១៦ មាន​រៀបចំ​ប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដោះស្រាយ​ផល​ប៉ះពាល់​គម្រោង​ជួសជុល និង​ស្តារ​ឡើង​វិញ​ស្ពាន​ជ្រោយចង្វា​ចាស់​ (​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​)​ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពី​ប្រទេស​ជប៉ុន

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង ស្ថិត​ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក អ៊ឹម សិ​ទ្ធី​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដោះស្រាយ​ផល​ប៉ះពាល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​គល់​ស្ពាន​សងខាង ខណៈ​ស្ពាន​នេះ មាន​សភាព​ទ្រុឌទ្រោម និង​ឈាន​ដល់​ចំណុច​ប្រកាស​អាសន្ន​ដែល​តម្រូវ​ឲ្យ​ផ្អាក​ការ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​សិន ។

លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​គណៈកម្មការ​អន្តរក្រសួង​ដោះស្រាយ​ផល​ប៉ះពាល់​គម្រោង​ជួសជុល និង​ស្តារ​ឡើង​វិញ​ស្ពាន​ជ្រោយ​ចង្វា​ចាស់​បាន​ជួប​ប្រជុំ​គ្នា ដើម្បី​ធ្វើការ​ដោះស្រាយ​ប្រជាពលរដ្ឋ រស់នៅ​គល់​ស្ពាន​ដែល​ទទួល​រង​ផល​ប៉ះពាល់​នេះ ការ​ជួសជុល មាន​ទ្រង់ទ្រាយ​ធំ​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន ដែល​តម្រូវ​ឲ្យ​បិទ​ស្ពាន​ទាំងស្រុង​តែ​ម្តង ។ លោក​បន្ត​ថា  ស្ពាន​នេះ​ត្រូវ​ធ្វើការ​ជួសជុល ជា​ពិសេស​កំណល់ ឬ​ធ្នឹម​ទ្រ​តួ​ស្ពាន​សង្ខាង និង​ការងារ​ជា​ច្រើន​ទៀត ត្រូវ​ចំណាយ​​ថវិកា​អស់​ប្រមាណ​៣៣​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ថវិកា​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពី​ប្រទេស​ជប៉ុន ដោយ​ចាប់ផ្តើម​ពី​ខែមករា ២០១៧ តទៅ និង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ពាក់កណ្តាល​ខែមករា ២០១៩ ខាង​មុខ​នេះ  ។

ព័ត៌មាន​ពិស្តារ និង​មាន​ផ្សាយ​ជូន​នៅ​សារព័ត៌មាន​កោះសន្តិភាព​ចេញផ្សាយ​ថ្ងៃស្អែក​នេះ ។