ពិតជា​មើល​មិនឃើញ​មែន ! ជិះ​ម៉ូតូឌុប​សុខ​ៗ​សន្លប់​ស្តូកស្តឹង

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ខណៈ​គាត់​កំពុង​ជិះ​ម៉ូតូឌុប​​ពី​ផ្សារ​អូឡាំពិក​ទៅ​ផ្សារ​ថ្មី​ស្រាប់​តែ​ត្រូវ​​បង្គោល​ភ្លើង​រលំ​ចំ​ក្បាល​បណ្ដាល​ឲ្យ​សន្លប់​ស្តូកស្តឹង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១១០ តាម​បណ្ដោយ​ផ្លូវ​ត្រសក់ផ្អែម​(​ផ្លូវ​លេខ​៦៣) សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ប្រភព​ពី​អ្នក​រត់​ម៉ូតូ​ដែល​ឌុ​ប​ស្ត្រី​ចំណាស់​រង​គ្រោះ​បាន​ឲ្យ​ដឹង ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ម៉ាក់​ស្រី​លី​ន អាយុ​ជាង​៦០​ឆ្នាំ រស់នៅ​ម្តុំ​ផ្សារ​មាន់​អាំង ក្នុង​ខណ្ឌទួលគោក ។

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ឌុ​ប​ស្ត្រី​រង​គ្រោះ​ពី​ផ្សារ​អូ​ឡាំ​ពិ​ក​ក្នុង​គោលបំណង​ទៅ​ផ្សារ​ថ្មី ដែល​ពេល​នេះ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ផង​ដែរ ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​បង្គោល​ភ្លើង​បាន​រលំ​ចំ​ក្បាល​របស់​ស្ត្រី​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល​សន្លប់​ស្តួ​ក​ស្តឹង សំណាង​ហើយ​ដែល​គាត់​មាន​ពាក់មួក​សុវត្ថិភាព កុំ​អី​មិនដឹង​ជា​យ៉ាងណា​ទេ ។

ក្រោយ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ជួយ​លើក​ស្ត្រី​រង​គ្រោះ​ដើម្បី​ជួយ​សង្គ្រោះ​បឋម ព្រមទាំង​បាន​ទូរស័ព្ទ​ហៅ​ឡានពេទ្យ និង​ទូរស័ព្ទ​ប្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ពី​ហេតុការណ៍​អកុសល​នេះ​ផង​ដែរ ៕