លោក ហ៊ុន ម៉ា​ណែ​ត ៖ ការ​ការពារ​ជាតិ មិនមែន​សម្រាប់​តែ​ថ្ងៃនេះ​ទេ

ខេត្តកំពត ៖ នៅ​មុខ​នាយទាហាន​ជា​ច្រើន​នាក់ លោក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា ការ​កសាង​ថ្ងៃនេះ គឺជា​គ្រឹះ​សម្រាប់​ថ្ងៃ​អនាគត ហើយ​ការ​ការពារ​ជាតិ​មិនមែន​សម្រាប់​តែ​ថ្ងៃនេះ​ទេ គឺ​ត្រូវធ្វើ​ជា​ប្រចាំ នេះ​បើ​តាម​ការ​លើក​ឡើង របស់​ឧត្តមសេនីយ៍ឯក​ក្នុង​គ្រា​ដែល​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​មក​យក​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទៅ​ផ្តល់​ជូន​នាយទាហាន នាយទាហានរង ពល​ទាហាន​នៅ​សាលា​ហ្វឹកហ្វឺន កងពលតូច​លេខ​៧០ តំបន់​ជុំ​គី​រី ខេត្ត​កំពត​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​កងពល​ថ្មើរជើង​លេខ​៧០ ក្នុង​ការ​បំពេញការងារ​កសាង និង​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន មិនមែន​តែ​កងពល​លេខ​៧០ នោះ​ទេ ថែម​ទាំង​សម្រាប់​ហ្វឹកហ្វឺន​អង្គភាព​ផ្សេង និង​សម្រាប់​ជាតិ​ទាំងមូល ។

ជាមួយ​គ្នា​នោះ លោក​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍​កុំ​ឲ្យ​កងទ័ព​ជឿ​លើ​ការ​បំផុស​ដែល​នាំ​ឲ្យ​ប្រទេស​ចលាចល ដូច​ប្រទេស​ដទៃ តែ​ត្រូវ​រួម​គ្នា​គោរព​រដ្ឋធម្មនុញ គោរព​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ស្មោះត្រង់​ដាច់ខាត​។ 

កម្ពុជា​បាន​ប្រែក្លាយ​អតីត​សមរភូមិ​ក្តៅ ស្រុក​ជុំ​គី​រី និង​ស្រុក​ឈូក ខេត្តកំពត ជា​តំបន់​អភិវឌ្ឍន៍ និង​ជា​តំបន់​ហ្វឹកហ្វឺន ប្រយុទ្ធ​សម្រាប់​កងកម្លាំង​យោធា អតីត​តំបន់​សមរភូមិ ក្តៅ​គគុក​ជុំ​គិរី ក្នុង​ខេត្តកំពត នា​ពេល​នេះ​ត្រូវ​គេ​ឃើញ​ថា បាន​ប្រែ​ក្លាយទៅជា​តំបន់​កំពុង​អភិវឌ្ឍន៍​សម្រាប់​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​យោធា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ មន្ទីរពេទ្យ ផ្លូវ និង​ការ​ជួយ​ផ្តល់​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀត ។