ទីភ្នាក់ងារ​ទេសចរណ៍​ឯកជន​សុំ​ឱ្យ​រដ្ឋាភិបាល​ពន្យារ​ពេល​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​តំបន់​អង្គរ

រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ពី ២០​ដុល្លារ ទៅ ៣៧​ដុល្លារ ក្នុង ១​ថ្ងៃ ទៅ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ការ​គ្រោង​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បញ្ចប់​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ឯកជន សុខា អូតែល (Sokha Hotel) ហើយ​ទាញ​មក​ឱ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ ដោយ​មាន​ស្ថាប័ន​គ្រឹះស្ថាន​អង្គរ ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​លក់​សំបុត្រ​ថ្មី​នេះ។

ទីភ្នាក់ងារ​ទេសចរណ៍​ឯកជន​មួយ​ចំនួន​ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ស្នើ​សុំ​រដ្ឋាភិបាល​ឱ្យ​ពន្យារ​ពេល​នៃ​ការ​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ទៅ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​​រយៈពេល ១​ឆ្នាំ​ទៅ​មុខ​ទៀត កុំ​ឱ្យ​ធ្វើ​ឡើង​ឆាប់​រហ័ស​ពេក។

ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ជួប​ប្រជុំ​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​ផ្នែក​ឯកជន​ដែល​ធ្វើ​ឡើង​នៅ​ឯ​សាលា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៩ ខែ​សីហា។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ គឺ​លោក ថោង ខុន។ លោក​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​គម្រោង​នឹង​ដំឡើង​ថ្លៃ​លក់​សំបុត្រ ៣៧​ដុល្លារ​អាមេរិក​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​ក្នុង ១​ថ្ងៃ នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ខាង​មុខ។ រដ្ឋាភិបាល មុន​នឹង​សម្រេច​ចិត្ត​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​នេះ គឺ​បាន​ធ្វើ​ការ​ស្ទង់​មតិ​ពី​អ្នក​ជំនាញ​បរទេស​រយៈពេល ៣​ឆ្នាំ​មក​ហើយ។

លោក ថោង ខុន អះអាង​ថា តាម​ការ​ស្ទង់​មតិ​ពី​អ្នក​ជំនាញ និង​ភ្ញៀវ​ទេសចរ​បរទេស​គឺ​គេ​បាន​គាំទ្រ​ឱ្យ​កម្ពុជា ដំឡើង​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ។

លោក ថោង ខុន បញ្ជាក់​ថា ការ​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ពី ២០​ដុល្លារ ទៅ ៣៧​ដុល្លារ​ចូល​មើល​បាន​រហូត ២៧​ប្រាសាទ ក្នុង​១​ថ្ងៃ​នោះ គឺ​មិន​ថ្លៃ​ទេ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក ដូចជា​នៅ​ប្រទេស​ប៉េរូ (Peru) មាន​ប្រាសាទ​តែ​១ គឺ​គេ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា ៦០​ដុល្លារ​ក្នុង​១​ថ្ងៃ ហើយ​ប្រទេស​ខ្លះ​ទៀត​លក់​សំបុត្រ​រហូត​ថ្លៃ ៨០​ដុល្លារ​នោះ៖ «អត់​ថ្លៃ​ទេ ហើយ​បើ​គេ​ចង់​នៅ​យូរ​មើល ២០​ប្រាសាទ ហ្នឹង​ក៏​ថ្លៃ​តែ​ប៉ុណ្ណឹង​ដែរ ប៉ុន្តែ​យើង​ចំណេញ​បាន​ភ្ញៀវ​ស្នាក់នៅ​យូរ បាន​ចាយ​លុយ​ច្រើន។ ទី​២ អ្វី​ដែល​ជា​អច្ឆរិយ​របស់​យើង​គឺ​គេ​បាន​វាយ​តម្លៃ​តាម​រយៈ​ការ​បោះ​ឆ្នោត ពី​មនុស្ស​រាប់​លាន​នាក់»

ទីភ្នាក់ងារ​ទេសចរណ៍​ឯកជន​ដែល​កំពុង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ពី​វិស័យ​ទេសចរណ៍​មិន​ជំទាស់​លើ​ការ​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ទៅ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​នោះ​ទេ ក៏ប៉ុន្តែ​គេ​យល់​ថា រដ្ឋាភិបាល​ដែល​ទុក​រយៈពេល​តែ ៦​ខែ ឱ្យ​ទីភ្នាក់ងារ​ឯកជន​រៀបចំ​ខ្លួន​នោះ​គឺ​វា​ឆាប់រហ័ស​ពេក។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទេសចរណ៍​អប្សរា លោក សុភា មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​មិន​ជំទាស់​ទេ​ក្នុង​រឿង​ដែល​រដ្ឋាភិបាល​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ពី ២០​ដុល្លារ ទៅ ៣៧​ដុល្លារ​នោះ បើ​យោង​ទៅ​លើ​ការវិវត្តន៍​ផ្នែក​សេដ្ឋកិច្ច ហើយ​ទំនិញ​ទីផ្សារ​ឡើង​ថ្លៃ។ អ្វី​ដែល​ប៉ះពាល់​គឺ​នៅ​ត្រង់​ថា ក្រុមហ៊ុន​ទេសចរណ៍​របស់​លោក​បាន​ធ្វើ​កិច្ចសន្យា​លក់​កញ្ចប់​ទេសចរណ៍​ទៅ​ឱ្យ​ភ្នាក់ងារ​បរទេស​ក្នុង ១​ឆ្នាំ​ម្ដង​រួច​ហើយ។ ប៉ុន្តែ​បើ​រយៈពេល ៦​ខែ​ខាង​មុខ​ទៀត​នេះ រដ្ឋាភិបាល​ចាប់​ផ្ដើម​ដំឡើង​ថ្លៃ​លក់​សំបុត្រ គឺ​នឹង​ធ្វើ​ឱ្យ​កញ្ចប់​ដែល​លក់​ទៅ​ឱ្យ​គេ​រួច​ហើយ វា​ខុស​ថ្លៃ​គ្នា​រហូត​ដល់​ទៅ​កន្លះ​ឆ្នាំ ជា​ហេតុ​ធ្វើ​ឱ្យ​បរទេស​គេ​មិន​ទិញ​កញ្ចប់​ទេសចរណ៍​នោះ​ទេ៖ «ទាក់ទង​នឹង​តម្លៃ​ដែល​គ្រោង​នឹង​កើន​ថ្មី​នេះ យើង​សុំ​ឱ្យ​រដ្ឋាភិបាល ពន្យារ​ពេល​យើង​បន្តិច ហើយ​បន្ថែម​លើ​ហ្នឹង​សូម​ឱ្យ​រៀបចំ​គោលដៅ​ទេសចរណ៍​ថ្មីៗ​ហ្នឹង​ឱ្យ​បាន​ច្រើន​ទៀត»

ការ​សាកសួរ​ទៅ​លើ​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន​នាក់ នៅ​ឯ​កន្លែង​លក់​សំបុត្រ​ឱ្យ​ដឹង​ថា ពួកគេ​មិន​មាន​បញ្ហា​ចំពោះ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ឡើង​ថ្លៃ​នោះ​ទេ ពីព្រោះ​គេ​យល់​ថា អង្គរ​គឺ​ជា​មត៌ក​ដ៏​មាន​តម្លៃ​ដែល​មនុស្ស​ជា​ច្រើន​ក្នុង​ពិភពលោក​ប្រាថ្នា​ចង់​ឃើញ។

មន្ត្រី​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា ការ​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​អង្គរ ៣៧​ដុល្លារ​ក្នុង​១​ថ្ងៃ នៅ​ឆ្នាំ​ក្រោយ​នោះ គឺ​ចំណូល ៣៥​ដុល្លារ​ត្រូវ​រដ្ឋ​យក​ទៅ​គ្រប់គ្រង​ជា​ថវិកា​ជាតិ ឯ ២​ដុល្លារ​ទៀត គឺ​សម្រាប់​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។