​ក្រសួងការបរទេស​ថ្កោលទោស​លោក ហុង លីម សមាជិកសភា នៃ​រដ្ឋ​វី​ច​តូ​រី​យ៉ា ប្រទេស​អូស្ត្រាលី

ភ្នំពេញ:
ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​លោក ហុង លីម សមាជិកសភា នៃ​រដ្ឋ​វី​ច​តូ​រី​យ៉ា ប្រទេស​អូស្ត្រាលី ដែល បានចាត់ទុក​កម្ពុជា​ដូច​“​តិរច្ឆាន​”​។ ជាមួយ​ការ​ថ្កោលទោស​ក្រសួងការបរទេស សំរេច​ចាត់ទុក​បុគ្គល​នេះ​ជា “​ជន​មិន​ត្រូវបាន​ស្វាគមន៍​” (persona non grata) សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មានការ​រំជួលចិត្ត​ជាខ្លាំង​ដោយ​ការប្រមាថ យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ប្រជាជាតិ​កម្ពុជា របស់លោក ហុង លីម សមាជិកសភា​នៃ​រដ្ឋ​វី​ច​តូ​រី​យ៉ា ប្រទេស​អូស្ត្រាលី ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០១៦ ដែល​ក្នុងពេលនោះ បុគ្គល​រូបនេះ បានចាត់ទុក​កម្ពុជា​ដូច​“​តិរច្ឆាន​”​។
 
 ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ បុគ្គល​ឈ្មោះ ហុង លីម នេះ ចំពោះ​ការនិយាយ​បង្ខូច​កិត្តិយស ដែល​ផ្ទុយ​ទាំងស្រុង​ពី​ការពិត​ជាក់ស្តែង​នៅ​កម្ពុជា​។
 
​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​អូស្ត្រាលី បាននិងកំពុង​មាន​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​លើ​វិស័យ​ជាច្រើន​។ យើង​សង្ឃឹមថា​ការលើកឡើង​របស់​បុគ្គ​ល ហុង លីម នេះ មិនបាន​ឆ្លុះបញ្ចាំង​ពី​ការយល់ឃើញ​របស់​រដ្ឋា​ភិ​បាល និង​ប្រជាជន​អូស្ត្រាលី​ឡើយ​។
 
​យើង​មានការ​ចាប់អារម្មណ៍​ចំពោះ​ប្រតិកម្ម និង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សំណាក់​ជន​អូស្ត្រាលី ជាច្រើន ក្នុងនោះ​មាន​សមាជិកសភា និង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រដ្ឋ​វី​ច​តូ​រី​យ៉ា ព្រមទាំង​សហគមន៍​ខ្មែរ ចំពោះ​ការលើកឡើង​ដែល​គ្មាន​ទំនួល​ខុសត្រូវ និង​មិន​ផ្អែកលើ​ការពិត​នេះ​។
 
​ការប្រមាថ​របស់​បុគ្គ​ល ហុង លីម ចំពោះ​ប្រជាជាតិ​កម្ពុជា បាន​ជំរុញ​ឲ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សំរេច​ចាត់ទុក​បុគ្គល​នេះ​ជា “​ជន​មិន​ត្រូវបាន​ស្វាគមន៍​” (persona non grata) សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​៕s/t