សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ចោទ​អាជ្ញាធរ​ថា​រំខាន​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក

ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ភូមិ​ចំនួន​បី​ក្នុង​ខេត្ត​មណ្ឌលគិរី អះអាង​ថា អាជ្ញាធរ​ឃុំ​បាន​រំខាន​អ្នក​ភូមិ​ដែល​ជួប​ជុំ​គ្នា​សែន​ព្រេន​បែប​ប្រពៃណី​កាល​ពី​ថ្ងៃ​ទី​៩ សីហា ដើម្បី​អបអរ​ខួប​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក។ តំណាង​ជនជាតិ​ដើម​ភាគតិច​ទាំង​នោះ​ចាត់​ទុក​ថា ការ​រើសអើង និង​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក ចូលរួម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ដែល​ច្បាប់​ជាតិ និង​អន្តរជាតិ បាន​ទទួល​ស្គាល់។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា បន្ទាប់​ពី​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត-ក្រុង​ចំនួន​៩ ក្នុង​ប្រទេស​កម្ពុជា រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​២២ នៃ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា។

តំណាង​សហគមន៍ លោក ក្រើង តុលា កត់​សម្គាល់​ថា ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​ចំនួន​បី​ក្នុង​ស្រុក​កោះញែក ភ័យ​ខ្លាច ខណៈ​អាជ្ញាធរ​គំរាម​ចាប់​ដាក់​ខ្នោះ​ប្រសិន​អ្នក​ភូមិ​ចូលរួម​ប្រារព្ធ​អបអរ​ទិវា​ជនជាតិ​ដើម​ភាគតិច​ដោយ​មិន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​តាម​លំដាប់​ថ្នាក់។ លោក​ថា នេះ​គឺ​ជា​ការ​រើសអើង និង​រំលោភ​ទៅ​លើ​សិទ្ធិ​ប្រារព្ធ​ទិវា​អន្តរជាតិ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច៖ «សុំ​ឲ្យ​គាត់​ដាក់​ក្នុង​ប្រតិទិន ដើម្បី​ឲ្យ​មូលដ្ឋាន​គាត់​ដឹង​ថា ថ្ងៃ​ទិវា​ជនជាតិ​ដើម​ភាគតិច​ដោយសារ​នៅ​មូលដ្ឋាន​ភាគច្រើន​គាត់​មិន​បាន​ជ្រាប​ពី​ទិវា​ជនជាតិ​ដើម»

តាម​ការ​គ្រោង​ទុក មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី នឹង​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក ដោយ​សហការ​ជាមួយ​សហគមន៍​ពី​បណ្ដា​ស្រុក​នានា​ប្រមាណ ២០០​នាក់។ ពិធី​នេះ​រៀបចំ​ធ្វើ​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង។ ដោយឡែក​ពិធី​សែន​ព្រេន​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ក៏​នឹង​ត្រូវ​ប្រារព្ធ​អបអរ​ដូច​គ្នា​នេះ​នៅ​ឃុំ​ចំនួន​៦ ក្នុង​ស្រុក​កោះញែក ស្រុក​កែវសីមា ស្រុក​ពេជ្រាដា និង​ក្រុង​សែនមនោរម្យ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​របស់​តំណាង​សហគមន៍ មេ​ឃុំ​សុខសាន្ត ស្រុក​កោះញែក លោក ឆាយ ចិន បញ្ជាក់​ថា អាជ្ញាធរ​គ្មាន​ចេតនា​រំខាន​ពិធី​របស់​សហគមន៍​នោះ​ទេ ក៏ប៉ុន្តែ​អាជ្ញាធរ​ចង់​ឲ្យ​សហគមន៍​សហការ​សុំ​ច្បាប់ និង​ជូន​ដំណឹង​មក​អាជ្ញាធរ​ជា​មុន ដើម្បី​សមត្ថកិច្ច​ចាត់​កង​កម្លាំង​ការពារ​សុវត្ថិភាព ខ្លាច​ក្រែង​មាន​បាតុភាព​មិន​ល្អ​កើត​មាន​ក្នុង​ពិធី​ជួប​ជុំ​គ្នា​នោះ៖ «ប្រពៃណី​ខ្ញុំ​មិន​ហាមឃាត់​ទេ ប៉ុន្តែ​ឲ្យ​សុំ​ច្បាប់ ឲ្យ​ប្រាប់​មុន កុំ​ឲ្យ​ថ្នាក់​លើ​ថា​ឃុំ​អាជ្ញាធរ​នៅ​ហ្នឹង ម៉េច​មិន​ដឹង? ម៉ោង​ដែល​គាត់​សែន បាន​គាត់​ប្រាប់»

ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ស្រុក និង​ក្រុង​សរុប​ចំនួន​៥ ក្នុង​ខេត្ត​មណ្ឌលគិរី កាល​ពី​ឆ្នាំ​២០១៥ បាន​ដាក់​ញត្តិ​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​ដក​តំណែង​អតីត​អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ប៊ុនហាង បន្ទាប់​ពី​អភិបាល​ខេត្ត​រូប​នេះ ដាក់​កង​កម្លាំង​រារាំង​មិន​ឲ្យ​សហគមន៍​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក ក្រោម​ហេតុផល​ថា សហគមន៍​មិន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា អាជ្ញាធរ​ឃុំ-ស្រុក​នៅ​តែ​ប្រកាន់​គោលការណ៍​ឲ្យ​អ្នក​ភូមិ​សុំ​ច្បាប់ បើ​ទោះ​បី​ទិវា​ខួប​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ទទួល​ស្គាល់ និង​ចូលរួម​ប្រារព្ធ​ក៏ដោយ។ លោក​ថា សហគមន៍​រៀបចំ​ពិធី​សែន​ព្រេន​បែប​ប្រពៃណី ចូលរួម​បុណ្យ​ខួប​ពួក​គេ ហេតុ​នេះ​ការ​តម្រូវ​ឲ្យ​សុំ​ច្បាប់ គឺ​មិន​សមស្រប​នោះ​ទេ៖ «ខេត្ត​គាត់​មិន​ជំទាស់​អ្វី​ទេ ប៉ុន្តែ​ខាង​សមត្ថកិច្ច​គាត់​ទៅ​សួរ​នាំ​រក​លិខិត​ឯកសារ​ពាក់ព័ន្ធ​សុំ​ច្បាប់ ធ្វើ​ឲ្យ​សហគមន៍​ភ័យ​ខ្លាច»

អ្នក​នាំ​ពាក្យ និង​ជា​នាយក​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​នឹង​ពិភាក្សា​ឡើង​វិញ​ដើម្បី​កំណត់​ការ​ណែនាំ​ទៅ​មន្ត្រី​មូលដ្ឋាន និង​សហគមន៍ ទាក់ទិន​បាតុភាព​ដែល​កើត​ឡើង។ លោក​ថា សហគមន៍ និង​មន្ត្រី​មូលដ្ឋាន ត្រូវ​អនុវត្ត​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ទាក់ទិន​ការ​ប្រារព្ធ​ពិធី​នានា៖ «គាត់​មិន​ហ៊ាន​ហែ​ក្បួន ឬ​ធ្វើ​នៅ​កន្លែង​គាត់​សែន​ព្រេន​បន្តិចបន្តួច​តាម​ប្រពៃណី​ពួក​គាត់ ដូចជា​មិន​ស្អី​ទេ តាម​គំនិត​ខ្ញុំ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​តំណាង​សហគមន៍​អះអាង​ថា សហគមន៍​នៅ​ភូមិ​ចំនួន​ប្រាំ​ក្នុង​ស្រុក​កោះញែក ក្រុង​សែនមនោរម្យ និង​ស្រុក​កែវសីមា បាន​ប្រារព្ធ​ពិធី​សែន​ព្រេន​ប្រពៃណី​របស់​ខ្លួន ដើម្បី​អបអរ​ទិវា​ជនជាតិ​ដើម​ភាគតិច​ចប់​សព្វគ្រប់ លើក​លែង​ការ​ប្រារព្ធ​ទិវា​នេះ​នៅ​ភូមិ​ដាក់ដាំ ស្រុក​អូររាំង ដែល​សហការ​គ្នា​រវាង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ និង​សហគមន៍ ត្រូវ​លើក​ទៅ​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។