តុលាការ​ខេត្ត​សៀមរាប​សម្រេច​ឃុំ​ខ្លួន​ប៉េអិម​ស័ក្ដិ​៤​ម្នាក់​ពាក់ព័ន្ធ​បទ​កាង​ឡាន​ដឹក​ឈើ​គ្រញូង

តុលាការ​ខេត្ត​សៀមរាប អះអាង​ថា មន្ត្រី​ស័ក្តិ​បួន​ម្នាក់ នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ អាច​នឹង​ជាប់​ទោស​ពី ១​ឆ្នាំ​ទៅ​ដល់ ៥​ឆ្នាំ ប្រសិន​បើ​គេ​រក​ឃើញ​ថា ជន​នោះ​ពិត​ជា​បាន​បើក​ឡាន​តាម​កាង​ឈើ​គ្រញូង​ខុស​ច្បាប់​ចេញ​ពី​ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ថៃ សំដៅ​ទៅ​ខេត្ត​កំពង់ធំ មែន​នោះ។

ការ​បង្ហើប​របស់​តុលាការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​មេ​ព្រៃ​ជាច្រើន​សង្កាត់ បាន​រួម​គ្នា​ប្រដេញ​ចាប់​រថយន្ត​របស់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​នោះ នៅ​ក្នុង​ពេល​ដែល​ដេញ​បង្ក្រាប​រថយន្ត​ដឹក​ឈើ​គ្រញូង ១​គ្រឿង​មិន​បាន​សម្រេច​មក។

ចៅក្រម​ស៊ើបសួរ​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​ស័ក្តិ​៤ ម្នាក់​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​ករណី​រារាំង​ការ​បំពេញ​ភារកិច្ច​របស់​មេ​ព្រៃ និង​ករណី​ផ្សំ​គំនិត​ក្នុង​អំពើ​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ដោយ​ខុស​ច្បាប់។

តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី​នោះ គឺ​លោក​ព្រះរាជអាជ្ញា​រង ជួន សុបញ្ញា។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​សីហា ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​សីហា កន្លង​ទៅ លោក​បាន​ចោទ​ប្រកាន់​មន្ត្រី​ស័ក្តិ​៤ ម្នាក់​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ ឈ្មោះ សេង ប៊ុនតេង អាយុ ៣៦​ឆ្នាំ​ពី​បទ​រារាំង​ភារកិច្ច​របស់​ក្រុម​មេ​ព្រៃ ដែល​កំពុង​តែ​ប្រតិបត្តិការ​តាម​ចាប់​រថយន្ត​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់ ១​គ្រឿង និង​ចោទ​ប្រកាន់​ពី​បទ​ផ្សំ​គំនិត​ក្នុង​អំពើ​ដឹក​ជញ្ជូន ព្រម​ទាំង​ប្រមូល​ផល និង​អនុផល​ព្រៃ​ឈើ​ខុស​ច្បាប់​ផង៖ «តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​បញ្ជូន​ទៅ​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ រួច​ហើយ​ចៅក្រម​ស៊ើបសួរ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន»

បុរស​ឈ្មោះ សេង ប៊ុនតេង ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ មាន​ឋានន្តរសក្តិ​ជា​វរសេនីយ៍ទោ និង​មាន​តួនាទី​ជា​ជំនួយការ​របស់​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ។

ទោះ​បី​ជា​យ៉ាង​ណា ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ក្តី លោក សំ ប៊ុនពៅ មិន​បាន​អធិប្បាយ​ជុំវិញ​ការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​នោះ​យ៉ាង​ណា​ឡើយ៖ «បើ​ចង់​ច្បាស់ សូម​មក​តុលាការ គឺ​ខ្ញុំ​មិន​អាច​បកស្រាយ​បាន​ទេ»

មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ ឈ្មោះ សេង ប៊ុនតេង ដែល​តុលាការ​ខេត្ត​សៀមរាប សម្រេច​ឃុំ​ខ្លួន​នោះ គឺ​បន្ទាប់​ពី​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​បន្ទាយស្រី និង​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ជាច្រើន​កន្លែង​ទៀត រួម​គ្នា​បើក​រថយន្ត​ប្រដេញ និង​ចាប់​ខ្លួន​បាន​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា កន្លង​ទៅ។

នាយក​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី លោក ម៉ុង ប៊ុនលីម មាន​ប្រសាសន៍​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា មន្ត្រី​របស់​លោក​បាន​ឃើញ​រថយន្ត​កាម៉ារី (CAMRY) ស៊េរី​ឆ្នាំ​១៩៩៥ មួយ​គ្រឿង​ដែល​សង្ស័យ​ថា​ជា​ឡាន​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់ ចេញ​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឆ្ពោះ​ទៅ​ខេត្ត​កំពង់ធំ។ ឃើញ​ដូច្នេះ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ក៏​បើក​រថយន្ត​ដេញ​តាម។ ភ្លាមៗ​នោះ មន្ត្រី​កង​រាជ​អាវុធហត្ថ​ដែល​បើក​រថយន្ត​ឡិចស៊ីស 470 (Luxus 470) ក៏​ចេញ​មក​ពាំង​មុខ​រថយន្ត​មេ​ព្រៃ​មិន​ឲ្យ​ដេញ​តាម​រថយន្ត​កាម៉ារី​នោះ​បាន​ទេ។ គ្រា​នោះ ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​បន្ទាយស្រី ក៏​បាន​ហៅ​ឲ្យ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ផ្លូវ​ខាង​មុខ ស្ទាក់​រថយន្ត​កាម៉ារី​នោះ​ទៀត ក៏ប៉ុន្តែ​មាន​រថយន្ត​កាម៉ារី​ឆ្លាម ១​គ្រឿង​ផ្សេង​ទៀត​ឡើង​មក​បិទ​ផ្លូវ​មេ​ព្រៃ​ដដែល។ លោក ម៉ុង ប៊ុនលីម បញ្ជាក់​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​បោះបង់​ចោល​ការ​ប្រដេញ​ចាប់​រថយន្ត​ដឹក​ឈើ ១​គ្រឿង​នោះ ហើយ​ក៏​ចាប់​ផ្ដើម​ប្រដេញ​ចាប់​រថយន្ត​មន្ត្រី​កង​រាជ​អាវុធហត្ថ​ដែល​រាំង​ផ្លូវ​នោះ​វិញ៖ «ដេញ​រហូត​តាំង​ពី​រង្វង់​មូល​ស្រុក​បន្ទាយស្រី មក​ដល់​រង្វង់​មូល​ផ្លូវ​លោក​តា ណឺយ ហើយ​ដេញ​បន្ត​ទៅ​ដល់​ភូមិ​ស្វាយជ័យ ឃុំ​ត្រាំងធំ លើ​ផ្លូវ​ជាតិ​លេខ​៦ ទើប​ចាប់​បាន»

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា មន្ត្រី​ស័ក្តិ​៤ ម្នាក់​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ នោះ អាច​នឹង​ជាប់​ទោស​ពី ១​ឆ្នាំ​ទៅ​ដល់ ៥​ឆ្នាំ ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នោះ​មែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។