រន្ធត់​! តារា​សម្ដែង​ជើងចាស់​លោកស្រី ឈុន ណា​រី ទទួលមរណភាព​ហើយ​

ក្រោយ​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​ជីវភាព​ក្រីក្រ​លំបាក​ស្ទើរតែ​គ្មាន​អាហារ
​ហូប​ប្រចាំ​ថ្ងៃនោះ ពេលនេះ​តារា​សម្ដែង​ជើងចាស់​លោកស្រី ឈុន ណា​រី បានទទួល​មរណភាព​ហើយ​កាលពី​វេលា​ម៉ោង ១ រសៀល ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦​នេះ​នៅឯ​ទឹកដី​ខេត្តសៀមរាប ។​​តាម​ការរៀប​រាប់រប​ស់លោក ប្រាក់ ផាន់ យោធិន​ពិការ​ដែល​ត្រូវជា​ស្វាមី​របស់​តារា​សម្ដែង​ជើងចាស់​រូបនេះ​បានផ្ដល់​ព័ត៌មាន​ឲ្យដឹងថា «​ភរិយា​របស់លោក​បាន​ទទួលមរណភាព​ដោយសារ​ជំងឺ ទាច​ទឹក ក្រិន​ថ្លើម និងគីស​ក្នុង​ពោះវៀន ដែល​ឈឺ​រ៉ាំរ៉ៃ​អស់​ជាច្រើន​ឆ្នាំ​មកហើយ ។ ក្រុមគ្រួសារ​សព​នឹង​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​នៅឯ​គេហដ្ឋាន​របស់លោក​ស្រី​នៅ​ភូមិ ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ខេត្តសៀមរាប ។​​ដំណឹង​ដ៏​អកុសល​នេះ​ចាត់ទុកជា​ការជូនដំណឹង និង គោរព​អញ្ជើញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ញាតិមិត្ត​ជិត​ឆ្ងាយ ក៏ដូចជា​សិល្បករ សិល្បការិនី​មេត្តាជួយ​យិ​ត​យោង​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​សព​ផង ព្រោះថា​គ្រួសារ​របស់​អតីត​អ្នកសិល្បៈ​រូបនេះ​មាន​ជីវភាព​ខ្សត់ខ្សោយ​ខ្លាំងណាស់ ដែល​ពិតជា​ត្រូវការ​​នូវ​ទឹកចិត្ត​អាណិតអាសូរ និង ការចែករំលែក​របស់​បងប្អូន​គ្រប់គ្នា ៕ វង្សា​