តុលាការ​សម្រេច​ឃុំខ្លួន លោក​សក្ដិ​៤​សេង ប៊ុ​ន​តេ​ង

ខេត្តសៀមរាប ៖ តំណាង​អយ្យការ​នៃ​សំណុំរឿង​ក្តី​នោះ​គឺ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង បាន​មាន​ប្រសាសន៍ នៅ​ថ្ងៃ​ពុធ​ទី​១០ ខែសីហា ឆ្នាំ​២០១៦​នេះ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែសីហា កន្លង​ទៅ លោក​បាន​ចោទប្រកាន់ ទៅ​លើ​មន្ត្រី​សក្តិ​៤ នៃ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ​ម្នាក់​ឈ្មោះ សេង ប៊ុ​ន​តេ​ង អាយុ​៣៦​ឆ្នាំ ពី​បទ​រារាំង ដល់​ការ​បំពេញភារកិច្ច​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ការ​តាម​មាត្រា​១០០(​ស្តី​ពី​ច្បាប់​ព្រៃឈើ​) និង​ចោទប្រកាន់​ពី​បទ​ផ្សំ​គំនិត ក្នុង​អំពើ​ដឹក​ជញ្ជូន ព្រមទាំង​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​ខុសច្បាប់ តាម​មាត្រា​៩៨ កថាខណ្ឌ​២ ចំណុច​៥​ស្តី​ពី​ច្បាប់​ព្រៃឈើ និង​មាត្រា​២៩​នៃ​ក្រមព្រហ្មទណ្ឌ ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់​រថយន្ត​ដឹកឈើ​គ្រញូង​ខុសច្បាប់​១​គ្រឿង​ផង​ដែរ​។

តំណាង​អយ្យការ បាន​ចោទប្រកាន់ បញ្ជូន​ទៅ​ដល់​ដៃ ចៅក្រម​ស៊ើបសួរ រួច​ហើយ​ចៅក្រម​ស៊ើបសួរ​បាន​ឃុំខ្លួន បណ្ដោះអាសន្ន នៅ​ពន្ធនាគារ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ បុរស​ឈ្មោះ សេង ប៊ុ​ន​តេ​ង ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មន្ត្រី​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ មាន​ឋានន្តរសក្តិ​ជា​វរៈសេនីយត្រី និង​មាន​តួនាទី​ជា​ជំនួយការ របស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​។ ទោះជា​យ៉ាងណា ចៅក្រម​ស៊ើបសួរ នៃ​សំណុំរឿង​ក្តី​នេះ​គឺ លោក សំ ប៊ុ​ន​ពៅ មិន​បាន​អធិប្បាយ​ជុំវិញ ការ​សម្រេច​ឃុំខ្លួន មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​នោះ យ៉ាងណា​ឡើយ​នោះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦​។ (​បើ​ចង់​ច្បាស់ សូម​មក​តុលាការ គឺ​ខ្ញុំ​មិន​អាច​បកស្រាយ​តាម​ទូរស័ព្ទ​បាន​ទេ​)​។

មន្ត្រី​កងរាជអាវុធហត្ថ​(​ស័ក្ក​៤)​ខេត្តកំពង់ធំ​ម្នាក់ ឈ្មោះ សេង ប៊ុ​ន​តេ​ង មុខងារ វរសេនីយ៍ត្រី​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​តា​ហ៊ូ ឃុំ​ព្រៃ​តា​ហ៊ូ ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ ដែល​តុលាការ​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​នោះ គឺ​បន្ទាប់​ពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​បន្ទាយស្រី និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជា​ច្រើន​កន្លែង​ទៀត រួម​គ្នា​បើករថយន្ត​ប្រដេញ និង​ចាប់ខ្លួន​បាន​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦​កន្លង​ទៅ ដែល ស្ថិត​នៅ​ចំណុច ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ 

តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ធំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦​ថា លោក​វរសេនីយ៍ត្រី សេង ប៊ុ​ន​តេ​ង ជា​ជំនួយការ​ផ្ទាល់​ឱ្យ​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដែល​បាន​រកស៊ី​ដឹក​ជញ្ជូន​ឈើ និង​កាង​បទល្មើស​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ករណី​នេះ វា​ជា​រឿង​បុគ្គល មិន​ពាក់ព័ន្ធ និង​អង្គភាព​ទេ​។ ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​ពួក​គេ​បានឃើញ​នៅ​តាម​ហ្វេ​ស​បុក ទើប​ពួក​គេ​បាន​សម្តែង​ការ​ត្រេកអរ ព្រោះ​ជន​ម្នាក់​នេះ ធ្លាប់តែ​ចាប់​គេ តែ​ពេល​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ចាប់​បញ្ជូន​ទៅ​តុលាការ​ដាក់គុក​ទៅ​វិញ​។

លោក ម៉ុង ប៊ុ​ន​លី​ម នាយក​ផ្នែក​រដ្ឋបាល​ព្រៃឈើ បន្ទាយស្រី មាន​ប្រសាសន៍​ថា កាលពី​រសៀល​ថ្ងៃ​ទី​៩​ខែសីហា​ឆ្នាំ​២០១៦​នេះ​ថា មន្ត្រី​របស់​លោក បានឃើញ​រថយន្ត​កាម​រី ស៊េរី​ឆ្នាំ​១៩៩៥ មួយ​គ្រឿង​ដែល​សង្ស័យ​ថា ជា​ឡាន​ដឹកឈើ​គ្រញូង ខុសច្បាប់ ចេញពី​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ឆ្លងកាត់​តាម​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តកំពង់ធំ ឃើញ​ដូច្នេះ មន្ត្រី​រដ្ឋបាល​ព្រៃឈើ ក៏​បើករថយន្ត​ដេញ​តាម  ភ្លាម​ៗ​នោះ ខណៈ​ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ដែល​បើករថយន្ត​ឡិច​ស៊ី​ស​470 ក៏​បាន​ចេញ​មក​ពាំងមុខ​រថយន្ត​មេព្រៃ មិន​ឱ្យ​ដេញ​តាម​រថយន្ត​កាម​រី​នោះ​បាន​ទេ​។

ពេល​នោះ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​បន្ទាយស្រី​ក៏​បាន​ទូរស័ព្ទ​ហៅ​ឱ្យ​សង្កាត់​រដ្ឋបាល​ព្រៃឈើ នៅ​ផ្លូវ​ខាង​មុខ​ស្ទាក់​រថយន្ត​កាម​រី ដឹកឈើ​នោះ​ទៀត ក៏​ប៉ុន្តែ​មាន​រថយន្ត​កាម​រី​ឆ្លាម​ផ្សេង​ទៀត ឡើង​មក​បិទផ្លូវ មេព្រៃ​ដដែល​។ លោក ម៉ុង ប៊ុ​ន​លី​ម ក៏​បាន​បញ្ជាក់​ទៀត​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​បោះបង់​ចោលការ​ប្រដេញ​ចាប់​រថយន្ត​ដឹកឈើ ១​គ្រឿង​នោះ ហើយ​ក៏​ចាប់ផ្ដើម​ប្រដេញ​ចាប់​រថយន្ត មន្ត្រី​កងរាជអាវុធហត្ថ ដែល​រាំង​ពីមុខ​ផ្លូវ​នោះ​វិញ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ដេញ​ប្រមាញ់​របស់​បាល​ព្រៃឈើ​នោះ តាំងពី​វង់​មូល​ស្រុក​បន្ទាយស្រី មក​ដល់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទើប​ចាប់​បាន រួច​បញ្ជូន​មក​កាន់​តុលាការ​ទាំង​ព្រឹក​ភ្លាម​ៗ​ផង​ដែរ​៕