បើក​លឿន​មិន​ប្រយ័ត្ន រេ​ចង្កូត​បុក​ម៉ូតូ​ពេញទំហឹង​ស្លាប់​៣​នាក់

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦​វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​មុន​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ចំណុច​ក្រុម​៣ ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។ តាម​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​អ្នកបើកបរ​ប្រើប្រាស់​ល្បឿន​លឿន ទំនង​បែប​ស្រវឹង​ផង​ទើប​គ្រប់គ្រង​ស្ថានការណ៍​មិន​បាន​។

ខណៈ​ផ្លូវ​ដែល​ចិន​ចាក់​ដី ខ្ពស់​ទាប​ផង​នោះ​ធ្វើ​ឲ្យ​រថយន្ដ​បង្ក​រេ​ចង្កូត​ទៅ​ខាងឆ្វេង​បណ្តាល​ឲ្យ​រថយន្ត​ជ្រុល​មក​បុក​នឹង​ម៉ូតូ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​រវាង​រថយន្ត​នឹង​ម៉ូតូ​បណ្តាល​ឲ្យ ស្លាប់​មនុស្ស​៣​នាក់ និង​របួសធ្ងន់​ស្រាល​៦​នាក់ ហើយ​រថយន្ត​បង្ក​រអិល​ក្រឡាប់​ធ្លាក់​ផ្លូវ​ចូល​ស្នាមភ្លោះ​។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​១០១២ ពណ៌​ខ្មៅ មាន​ទី​១-​ឈ្មោះ ហ៊ីង សុទី​ន ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជន​រង​គ្រោះ​ទី​២- ឈ្មោះ រស់ សុ​ឃៀ ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជន​រង​គ្រោះ ទី​៣-​ឈ្មោះ អេ​ន សុ​រ៉ា ភេទ​ស្រី អាយុ ៣​ឆ្នាំ ជា​កូនបង្កើត​របស់ រស់ សុ​ឃៀ អ្នក​ទាំង​៣​នាក់ មាន​ទីលំនៅ​រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ចំណែកឯ​ភាគី​បង្ក​ឈ្មោះ ស្នា មិន​ស្គាល់​ត្រកូល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ដ​ម៉ាក ណា​វ៉ា​រ៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ AE-0700 រស់នៅ​ស្រុក​មោង​ឬ​ស្សី ក្នុង​នោះ​ជន​រង​គ្រោះជា​អ្នក​រួម​ដំណើរ​ទាំង​៦​នាក់​បា​នប​ញ្ចូ​ន​ទៅ​មន្ទី​ពេទ្យ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​ប្រមូល​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​សំឡូត រង់ចាំ​ភាគី​ទាំង​សងខាង​ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕