ក្រុម​អ្នក​តវ៉ា​រឿង​ដីធ្លី​មក​ពី​ខេត្ត​កោះកុង​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​សន្តិសុខ​ខណ្ឌ​មានជ័យ

ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង ដែល​ឡើង​មក​តវ៉ា​រឿង​ដីធ្លី​ដល់​រាជធានី​ភ្នំពេញ បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​សន្តិសុខ​ខណ្ឌ​មានជ័យ មួយ​ប្រាវ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ សីហា។ ពួក​គាត់​ទទួល​បាន​ការ​សន្យា​ដោះស្រាយ​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា។

ការ​ប៉ះ​ទង្គិច​ដោយ​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អ្នក​ភូមិ ជាមួយ​កង​សន្តិសុខ​ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ទេ។

«សំឡេង​រុញ​ច្រាន​គ្នា»

ការ​ប៉ះ​ទង្គិច​នេះ គឺ​ដោយសារ​តែ​អាជ្ញាធរ​ខណ្ឌ​មានជ័យ រារាំង​ប្រជាពលរដ្ឋ​ដែល​ចង់​លើក​គ្នា​ទៅ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​សន្យា​កាល​ពី​ថ្ងៃ​ទី​៤ សីហា ថា​នឹង​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គាត់។

ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ អភិបាល​រង​ខណ្ឌ​មានជ័យ លោក ឌី រ័ត្នខេមរុណ បាន​មក​ធ្វើ​អន្តរាគមន៍ និង​សុំ​កុំ​ឲ្យ​មាន​ការ​ហែ​ក្បួន ឬ​ធ្វើ​ដំណើរ​ទៅ​ក្រសួង​ដែនដី ដោយ​លោក​សម្របសម្រួល​ឲ្យ​មន្ត្រី​តំណាង​ក្រសួង​ដែនដី មក​ជួប​ចរចា​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​តវ៉ា​វិញ។

នៅ​ក្នុង​អន្តរាគមន៍​នេះ មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន សន្យា​ជា​ថ្មី​ថា នឹង​ដោះស្រាយ​ជម្លោះ​របស់​អ្នក​ភូមិ​នៅ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ថា បញ្ហា​នេះ​នឹង​អាច​ដោះស្រាយ​ចេញ​ឆាប់ៗ ឬ​យ៉ាង​ណា​នោះ​ទេ៖ «តាម​សាច់​រឿង។ រឿង​ខ្លះ​យឺត រឿង​ខ្លះ​ជួប​បញ្ហា​តិចតួច​ទៅ​លឿន យើង​ដោះស្រាយ​បាន​ច្រើន​ហើយ។ អ៊ីចឹង​យើង​ទទួល​សំណូមពរ​នេះ ហើយ​នឹង​ចុះ​ដោះស្រាយ​ប្រហែល​ជា​សប្ដាហ៍​ក្រោយ អាច​ទៅ​ដល់​ហើយ។ ខ្ញុំ​នឹង​មើល​ឯកសារ​នេះ​ថា នឹង​ទៅ​ដល់​កន្លែង​ណា​មុន ហើយ​ពេល​យើង​ទៅ​ដល់ ប្រហែល​ជួប​តំណាង​សិន ជួប​តំណាង​របស់​ប្អូន។ ឧទាហរណ៍ ភូមិ​មួយ​អ៊ីចឹង ជួប​តំណាង​ម្នាក់ ឬ​ពីរ​នាក់ ភូមិ​មួយ​ទៀត ជួប​តំណាង​ម្នាក់ ឬ​ពីរ​នាក់ ដើម្បី​ជួប​បញ្ហា​ទាំងអស់ ភ្ជាប់​ជាមួយ​ឯកសារ​ដែល​បង​ប្អូន​ផ្ញើ​មក​នេះ ហើយ​ការ​ពិត​រឿង​ទាំងអស់ យើង​ក៏​បាន​ដឹង​ខ្លះ​ដែរ។ ប៉ុន្តែ​វា​អត់​ច្បាស់។ អ៊ីចឹង​ថ្ងៃ​នេះ យើង​បាន​ជួប​បង​ប្អូន​ច្បាស់​ហើយ»

ក្រោយ​ទទួល​បាន​ការ​សន្យា​ពី​តំណាង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រុម​អ្នក​តវ៉ា​សម្រេច​ថា នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​ទី​១១ សីហា ហើយ​ក្រសួង​បាន​ផ្ដល់​ថវិកា​ចំនួន ២០០​ដុល្លារ​សម្រាប់​ជា​សោហ៊ុយ​ធ្វើ​ដំណើរ​របស់​ពួក​គាត់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី តំណាង​អ្នក​ភូមិ​ជីខ គឺ​លោកស្រី ផាវ ញ៉ើង ថ្លែង​ថា លោកស្រី​នៅ​ជឿ​ការ​សន្យា​របស់​មន្ត្រី​ក្រសួង​ដែនដី ត្រឹម​ពាក់​កណ្ដាល​សិន៖ «គាត់​សន្យា​ដោយ​មាត់​គាត់​ផ្ទាល់​ថា ថ្ងៃ​ទី​១៨ (សីហា) គាត់​នឹង​ចុះ​ទៅ​សិក្សា និង​រក​ដំណោះស្រាយ​ឲ្យ​ពួក​យើង​ជា​បន្តបន្ទាប់។ មិន​អាច​ថា​ដោះ​ថ្ងៃ​ទី​១៨ ហ្នឹង​រួច​ទាំងអស់​ទេ។ ប៉ុន្តែ​អ្វី​ដែល​យើង​មិន​ទាន់​ជឿ គឺ​មាន​ការ​សិក្សា​ជា​ញឹកញាប់ ប៉ុន្តែ​យើង​ជឿ​លើ​ឯកឧត្ដម ជា សុផារ៉ា ដែល​លោក​ដាក់​ចំណាត់ការ​ថ្មី។ អ៊ីចឹង​យើង​ជឿ ៥០% ទុក ៥០%។ នៅ​ថ្ងៃ​ទី​១៨ (សីហា) យើង​នឹង​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ខ្ញុំ​ឈ្មោះ ផាវ ញ៉ើង នៅ​ភូមិ​ព្រែកជីក ឃុំ​ជីខលើ រង់ចាំ​ឯកឧត្ដម​ដែល​លោក ទេព ធន បាន​សន្យា​ថា គាត់​នឹង​ទាក់ទង​យើង ហើយ​ធ្វើ​ការ​បន្តបន្ទាប់។ ប្រសិន​បើ​ករណី​មិន​មាន​ដូច​ការ​សន្យា​នោះ​ទេ ថ្ងៃ​ទី​១៩ យើង​នឹង​ត្រឡប់​មក​វិញ»

ក្រុម​អ្នក​តវ៉ា​ប្រមាណ ៥០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ ១៤៧​គ្រួសារ​មក​ពី​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង មាន​បញ្ហា​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ឈ្មោះ កោះកុង ស៊ូហ្គើរ (Kohkong Sugar) និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន (Kohkong Plantation) រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ។ កាល​ពី​ថ្ងៃ​ទី​៤ សីហា អ្នក​ភូមិ​បាន​លើក​បដា និង​ដាក់​ញត្តិ​ដល់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ម្ដង​ហើយ ប៉ុន្តែ​ដោយសារ​តែ​មិន​មាន​ដំណឹង ទើប​ពួក​គាត់​នាំ​គ្នា​ទៅ​ក្រសួង​ម្ដង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។