ស្ថានទូត​អូស្ត្រាលី​បញ្ជាក់​ជំហរ​គាំទ្រ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​លោក ហុង លីម

ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​ជំហរ​គាំទ្រ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​របស់​តំណាង​រាស្ត្រ​​ខ្មែរ-អូស្ត្រាលី លោក ហុង លីម និង​ចាត់​ទុក​សិទ្ធិ​នេះ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៃ​ដំណើរ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។

ការ​បញ្ជាក់​ជំហរ​នេះ ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ដោយ​សង្កត់​ធ្ងន់​ថា៖ «ប្រទេស​អូស្ត្រាលី មាន​ប្រពៃណី​ដ៏​ផូរផង់ និង​រឹងមាំ​មួយ​ក្នុង​ការ​គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ជា​សាធារណៈ។ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នេះ ជា​ធាតុ​ផ្សំ​ដ៏​សំខាន់មួយ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​យើង»

ឆ្លើយ​តប​ទៅ​នឹង​ការ​ភ្ជាប់​លោក ហុង លីម ទៅ​នឹង​រដ្ឋាភិបាល​អូស្ត្រាលី ឬ​ស្ថានទូត​អូស្ត្រាលី សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​គូស​បញ្ជាក់​ថា៖ «មតិ​របស់​លោក ហុង លីម មិន​តំណាង​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ឬ​ស្ថានទូត​អូស្ត្រាលី។ លោក ហុង លីម មិន​មែន​ជា​សមាជិក​របស់​រដ្ឋាភិបាល​សហព័ន្ធ ឬ​សភា​សហព័ន្ធ​អូស្ត្រាលី»

តំណាង​រាស្ត្រ​​ខ្មែរ-អូស្ត្រាលី លោក ហុង លីម បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ថា «របប​កម្ពុជា សព្វថ្ងៃ​មាន​លក្ខណៈ​តិរច្ឆាន»

ក្រោយ​ការ​ថ្លែង​បែប​នេះ ទាំង​មន្ត្រី​តំណាង​រដ្ឋាភិបាល​កម្ពុជា ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា ដែល​តំណាង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រិះគន់​លោក ហុង លីម យ៉ាង​ខ្លាំង និង​ទាមទារ​ឲ្យ​លោក ហុង លីម សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។

ស្រប​ពេល​ប្រទេស​អូស្ត្រាលី គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​លោក ហុង លីម ក្រសួង​ការ​បរទេស​កម្ពុជា បាន​ដាក់​លោក ហុង លីម ក្នុង​បញ្ជី​ខ្មៅ និង​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ស្រុក​ខ្មែរ​បាន​ឡើយ។ ក្រសួង​ការ​បរទេស​កម្ពុជា ចាត់​ទុក​លោក ហុង លីម ជា​ជន​មិន​ត្រូវ​ស្វាគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។