របប​តិរច្ឆាន​នៅ​កម្ពុជា៖ ក្រសួង​ការ​បរទេស​ចាត់ ហុង លឹម ​ទៅ​ក្នុង​បញ្ជី​ខ្មៅ

សង្គ្រាមពាក្យសំដី នៃការចាត់របបដឹកនាំ​នៅភ្នំពេញ ថាមានលក្ខណៈ​ដូច«តិរច្ឆាន» បាន​ឈាន​ដល់​​ដំណាក់​​កាល​​ថ្មី។ ក្រសួង​ការ​បរទេស​កម្ពុជា បានចាត់តំណាងរាស្ត្រអូស្ត្រាលី លោក ហុង លឹម (ឈ្មោះ​ពេញ លឹម មុយហុង) ទៅ​ក្នុង​បញ្ជី​នៃ«ជន​មិន​ត្រូវ​បាន​ស្វាគមន៍ (Persona non grata)» សម្រាប់​ប្រទេស​កម្ពុជា។ នេះ បើតាមសេចក្ដី​ប្រកាស​មួយ របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ដែល​ចេញ​​ផ្សាយ​​នៅ​​ថ្ងៃ​នេះ។
របប​តិរច្ឆាន​នៅ​កម្ពុជា៖ ក្រសួង​ការ​បរទេស​ចាត់ ហុង លឹម ​ទៅ​ក្នុង​បញ្ជី​ខ្មៅ

លោក លឹម មុយហុង សមាជិកសភាអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ មកពីរដ្ឋវិតូរៀ។ (រូបថត Paul Harris)

សេចក្ដីប្រកាសមួយ របស់អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០១៦ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន នៅមុននេះ បានសរសេរថ្កោល​ទោស ការលើកឡើងរបស់លោក លឹម មុយហុង (ដែលគេស្គាល់មកដល់ពេលនេះ ឈ្មោះ ហុង លឹម) សមាជិក​សភា​អូស្ត្រាលី ដែលមានដើមកំណើតខ្មែរមួយរូប ដែលបានប្រៀបធៀបរបបដឹកនាំ នៅកម្ពុជា ថាមាន​លក្ខណៈ​ដូច​«តិរច្ឆាន»។ សេចក្ដីប្រកាសនោះ ក៏បានអះអាងដែរ ពីការសម្រេចរបស់ក្រសួងការបរទេស ក្នុងការ​ចាត់​លោក លឹម មុយហុង ទៅ​ក្នុង​បញ្ជី​នៃ«ជនដែលមិនត្រូវបានស្វាគមន៍» របស់កម្ពុជា។

ការសម្រេចរបស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងមួយសប្ដាហ៍ ក្រោយការថ្លែងរបស់លោក លឹម មុយហុង នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ទាក់ទងនឹងឃាតកម្មបាញ់ប្រហារ លើកអ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម លោក កែម ឡី កាលពីមួយខែមុន។ លោក លីម មុយហុង បាន​ថ្លែង​នៅ​ក្នុងកិច្ចសម្ភាសនោះថា៖ «យើង​សង្ឃឹម​ថា ឃាតកម្មទៅលើគាត់ហ្នឹង (លោក កែម ឡី) នឹង​ធ្វើ​ឲ្យ​យើង មានចិត្តកាន់តែតស៊ូឡើង ព្រោះ​ជាតិ​យើង ស្រុកយើង ត្រូវថ្លៃថ្នូ ត្រូវគ្រាន់បើ ត្រូវ​សម្បូរ​សប្បាយ​ជាងនេះ ជាង​សព្វថ្ងៃ មិន​ត្រូវ​មាន​លក្ខណៈ​របៀប​ដូច​តិរច្ឆាន ដូចសព្វថ្ងៃនេះទេបាទ»។

ប៉ុន្តែការលើកឡើង របស់សមាជិកសភាអូស្ត្រាលីរូបនេះ បានទទួលប្រតិកម្មខ្លាំងៗ ពីសំណាក់រដ្ឋាភិបាល និង​អ្នកគាំទ្រ។ កាលពីម្សិលម៉ិញនេះ ញត្តិជាច្រើន រួមទាំងញត្តិពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងពី​បណ្ដាអង្គការ​សមាគម ដែលស្ថិតនឹងរដ្ឋាភិបាល​មួយចំនួនផង បានសរសេរថ្កោលទោស ពីការលើកឡើងនេះ និងសុទ្ធ​តែ​បាន​ចាត់​ទុក​សំដី របស់លោក លឹម មុយហុង ថាជាការទទួលយកមិនបាន និងមាក់ងាយដល់​ព្រះមហាក្សត្រ រួមនឹង​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះផង។

ចំពោះក្រសួងការបរទេសកម្ពុជាវិញ បានប្រកាស​​តាមរយៈ​​អ្នកនាំពាក្យ​​របស់ខ្លួន ថ្កោលទោស លើ«បុគ្គល ហុង លឹម» យ៉ាងដាច់អហង្កា ចំពោះការនិយាយ ដែលក្រសួងអះអាងថា បានបង្ខូចកិត្តិយស និងផ្ទុយ​ទាំង​ស្រុង​ពីការពិត។ នៅប្រយោគចុងក្រោយ នៃសេចក្ដីប្រកាសនោះ អ្នកនាំពាក្យបានសរសេរទៀតថា៖ «ការ​ប្រមាថ​របស់​បុគ្គល ហុង លីម ចំពោះប្រជាជាតិកម្ពុជា បានជំរុញឲ្យក្រសួងការបរទេស និងកិច្ចសហ​ប្រតិបត្តិ​ការ​អន្តរជាតិ សម្រេចចាត់ទុកបុគ្គលនេះ ជា"ជនមិនត្រូវបានស្វាគមន៍ (Persona non grata)» សម្រាប់​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។

សូមបញ្ជាក់ដែរថា ការចាត់លោក លឹម មុយហុង ទៅក្នុងបញ្ជី ដែលហាមចូលមកក្នុងទឹកដីកម្ពុជានេះ បាន​កើត​ឡើង​ស្រប​ពេល ដែលតំណាងរាស្ត្រខ្មែរ-​អូស្ត្រាលីរូបនេះ បានបដិសេធការសុំទោស ដែលមន្ត្រីរដ្ឋាភិបាល​​បាន​បើក​យុទ្ធនាការទាមទារ ពីលោក តាមរយៈស្ថានទូតអូស្ត្រាលី។ លោក លឹម មុយហុង ថែមទាំងឆ្លើយ​ចាត់​ទុក​ថា របបដឹកនាំសព្វថ្ងៃ ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មិនមានតម្លៃអ្វី​ ឬការគោរពណាមួយ ដើម្បី​ធ្វើការ​ទាមទារ​ឲ្យ​​លោក​​សុំទោស​​នោះ​ឡើយ៕