របប​តិរច្ឆាន​នៅ​កម្ពុជា៖ ស្ថានទូត​អូស្ត្រាលី ការពារ​ការ​ថ្លែង​តាម​បែប​ប្រជាធិបតេយ្យ

សម្រាប់ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានចាត់ទុកសំដីរបស់លោក លឹម មុយហុង (ដែល​គេ​ស្គាល់​ឈ្មោះ ហុង លឹម) ដែល​ហៅ​របបដឹកនាំ​នៅ​ភ្នំពេញ ថាមានលក្ខណៈ​ដូចតិរច្ឆាននោះ មិនស្ថិតក្រោមការទទួលខុសត្រូវ របស់​រដ្ឋាភិបាល​​ឬស្ថានទូត​អូស្ត្រាលី​ឡើយ តែវាឆ្លុះបញ្ចាំង​ពី​ទស្សនៈ និង​​ការ​វែកញែក​មួយ តាម​បែប​ប្រជាធិបតេយ្យ។
របប​តិរច្ឆាន​នៅ​កម្ពុជា៖ ស្ថានទូត​អូស្ត្រាលី ការពារ​ការ​ថ្លែង​តាម​បែប​ប្រជាធិបតេយ្យ

លោក លឹម មុយហុង សមាជិកសភាអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ មកពីរដ្ឋវិតូរៀ។ (រូបថតផ្តិតពីវីដេអូ)

ការដាក់ញត្តិទៅស្ថានទូតអូស្ត្រាលី ដើម្បីទាមទារការសុំទោស ពីសំណាក់សមាជិកសភាខ្មែរ-​អូស្ត្រាលី​មួយរូប​នោះ ត្រូវបានស្ថានទូតបរទេសមួយនេះ ឆ្លើយតបមកវិញហើយ។ តែចម្លើយនោះ ទំនងជាមិនមែនជាចម្លើយ ដែល​មន្ត្រី​រដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រមួយចំនួន​ រង់ចាំប៉ុន្មានឡើយ។

សេចក្ដីថ្លែងការណ៍ជាភាសាអង់គ្លេសមួយ ដែលស្ថានទូតអូស្ត្រាលី បានចេញផ្សាយ នៅក្នុងថ្ងៃទី១០ ខែសីហា​នេះ បានឲ្យដឹងថា សំដីរបស់លោក ហុង លឹម (ដែលមានឈ្មោះពេញ លឹម មុយហុង) មិនបានថ្លែងឡើង​ក្នុង​នាម​រដ្ឋាភិបាលអូស្ត្រាលី ឬក៏ស្ថានទូតអូស្ត្រាលីនោះទេ។ ហើយលោក ហុង លីម ក៏មិនមែនជា​សមាជិក​រដ្ឋាភិបាល ឬ​​សមាជិក​សភា​សហព័ន្ធ​នោះដែរ។

ស្ថានទូតបានសរសេរទៀតថា ប្រទេសអូស្ត្រាលីមានប្រពៃណីដ៏សម្បូរបែប ពីមតិយោបល់ និងការយល់ឃើញ​ខុសៗគ្នា សម្រាប់ចូលរួម នៅក្នុងការជជែកវែកញែក ជាសាធារណៈ។ សេចក្ដីថ្លែងការណ៍​បានបញ្ជាក់ថា៖ «ទាំង​នេះ គឺជាធាតុផ្សំដ៏សំខាន់ នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យរបស់យើង»។

ការប្រៀបធៀប​​របស់លោក ហុង លឹម ហៅរបបដឹកនាំនៅភ្នំពេញ ថាមានលក្ខណៈដូច«តិរច្ឆាន» នៅក្នុងកិច្ច​សម្ភាស ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ជាមួយវិទ្យុអាស៊ីសេរី បាន​បង្ក​ឲ្យ​សង្គ្រាម​ពាក្យ​សំដី​​​ផ្ទុះ​ឡើង។ លោក លីម មុយហុង បាន​ថ្លែង​នៅ​ក្នុងកិច្ចសម្ភាសនោះថា៖ «យើង ​សង្ឃឹម​ថា ឃាតកម្ម​ទៅ​លើ​គាត់​​ហ្នឹង (លោក កែម ឡី) នឹង​ធ្វើ​ឲ្យ​យើង មានចិត្តកាន់តែតស៊ូឡើង ព្រោះ​ជាតិ​យើង ស្រុកយើង ត្រូវថ្លៃថ្នូ ត្រូវគ្រាន់បើ ត្រូវ​សម្បូរ​សប្បាយ​​ជាង​នេះ ជាង​សព្វថ្ងៃ មិន​ត្រូវ​មាន​លក្ខណៈ​របៀប​ដូច​តិរច្ឆាន ដូចសព្វថ្ងៃនេះទេបាទ»។

មន្ត្រីរដ្ឋាភិបាល និងអ្នកគាំទ្របានចាត់ទុកការប្រៀបធៀប របស់លោក ហុង លឹម ថាជាការមាក់​ងាយ​ចំពោះ​រដ្ឋ​ធម្មនុញ្ញ ព្រះ​មហាក្សត្រ និងប្រជាជនកម្ពុជា។ ញត្តិជាច្រើនត្រូវបានដាក់ ចូលទៅស្ថាប័នធំៗ​នៅក្នុងប្រទេស​កម្ពុជា ជាពិសេសដាក់ជូន ទៅកាន់ស្ថាន​ទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកការថ្កោលទោស និង​ទាមទារ​ឲ្យ​សមាជិក​សភា​ខ្មែរ-អូស្ត្រាលី មកពីរដ្ឋវីតូរៀរូបនេះ ធ្វើការ«សុំទោស»ជាសាធារណៈ។

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ស្ថានទូត​អូស្ត្រាលី ការពារ​ការ​ថ្លែង​តាម​បែប​ប្រជាធិបតេយ្យ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បានប្រតិកម្មតប នឹងការអះអាងរបស់លោក ហុង លឹម ថា៖ «កម្មករ កសិករ និង​​ពាណិជ្ជករ​​ទាំងអស់ ពុំអាចទទួលយកបាន ចំពោះ​ការ​ប្រើ​ប្រាស់​​ពាក្យ​"ពាល" ប្រកប​ដោយ​ឥរិយាបថ​​ថោកទាប មិនឆ្លុះបញ្ចាំង ឫ សក្ដិសម និងសីលធម៌ គុណធម៌ ដែល​ជា​អ្នក​​តំណាង​​រាស្រ្ត នៃ​ប្រជា​ជាតិ​ស៊ីវីល័យ និង​ស្ថេរភាព ជាមួយនឹងការងារទូតនៃទំនាក់ទំនង និង​សហ​ប្រតិបត្តិ​ការ​​ល្អ រវាង​​កម្ពជា និង​អូស្រ្តាលី នោះ​ឡើយ»។

យ៉ាងណាក៏ដោយ ស្ថានទូត​របស់មហាអំណាច ប្រចាំទ្វីបអូសេអានីមួយនេះ បានសម្ដែងការខ្វល់ខ្វាយ ចំពោះ​បញ្ហា​ដែលបានកើតឡើង និងបានបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានឲ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ ចំពោះការពង្រឹក​ទំនាក់​ទំនង​ល្អ ជា​មួយ​ប្រទេស​កម្ពុជា ហើយថានឹងខិតខំធ្វើឲ្យចំណងទាក់ទងនេះ នៅតែបន្តមាន៕