រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បញ្ជាក់​ឡើងវិញ​រឿង​ហៅ​រ៉ឺម៉ក​កង់​បី​ថា​តុ​កៗ​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-10-2016, 10:19 pm         7

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បញ្ជាក់​ឡើងវិញ​រឿង​ហៅ​រ៉ឺម៉ក​កង់​បី​ថា​តុ​កៗ​​សៀមរាប​៖ ជាថ្មី​ម្តងទៀត រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន ស្នើ​ឲ្យ​មហាជន​គួរប្រើ​ពាក្យ​រ៉ឺម៉ក ជាជាង​ហៅ​តុ​កៗ ដែល​មិនមែនជា​ភាសាផ្លូវការ​។ តាម​លោក​រដ្ឋមន្ត្រី ពាក្យ​រ៉ឺម៉ក​ក៏​ក្លាយ​ចេញពី​ភាសា​បារាំង​មក​ដែរ តែ​វា​បាន​ក្លាយជា​ភាសាផ្លូវការ​របស់​ប្រជាជន​ខ្មែរ​ទៅហើយ​។

«...​ខ្ញុំ​ចេញ​សារា​ចរណ៍​មួយ​តាំងពី​ឆ្នាំ​២០១២​មក​អាតុ​កៗ​នោះ​។ តុ​កៗ​មិនមែន​ពាក្យ​យើង​ទេ ពាក្យ​យើង​រ៉ឺម៉ក​។ តាមពិត​ពាក្យ​រ៉ឺម៉ក​ក៏​មិនមែន​របស់​ខ្មែរ​ដែរ ពាក្យ​នឹង​រ៉ឺម៉ក​របស់​បារាំង​។ ខ្ញុំ​បារាំង​មួយរយ​ឆ្នាំ វា​រ៉ឺម៉កៗ​នឹង​ទៅ​។ រ៉ឺម៉កៗ វា​ក្លាយជា​ពាក្យ​ខ្មែរ​ទៅហើយ​...»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ ទាក់ទង​នឹង​ការដែល​ប្រជាជន​ខ្មែរ នៅតែ​ហៅ​រ៉ឺម៉ក​កង់​បី ថា​តុ​កៗ​។

​ជាមួយនឹង​កំណើន​ចំនួន​រ៉ឺម៉ក​នៅក្នុង​ខេត្តសៀមរាប បានធ្វើ​ឲ្យ​មាន​ភាពអនាធិបតេយ្យ​កើតឡើង ដោយសារតែ​ការដណ្តើម​ភ្ញៀវ​គ្នា​។ តាម​ការបញ្ជាក់​របស់​លោក ថោង ខុន កន្លងមក​អ្នករត់​រ៉ឺម៉ក​បាន​បង្ក​ភាព​រញ៉េរញ៉ៃ ដូចជា​ការហៅ និង​ចាប់​ភ្ញៀវ​គ្មាន​សណ្តាប់ធ្នាប់ ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ខ្លះ​មិន​ពេញ​។ លោក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្តសៀមរាប គួររៀបចំ​និង​ចងក្រង​ជា​សមាគម​រ៉ឺម៉ក ដើម្បី​បង្រៀន​ឲ្យ​អ្នកធ្វើការ​លើ​វិស័យនេះ​ឲ្យ​យល់ដឹង​ពី​ផលប៉ះពាល់​។

​ក្រៅពី​និយាយ​រឿង​បញ្ហា​រ៉ឺម៉ក​ហើយ ក្នុងនោះ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ក៏បាន​លើក​ពី​ការយក​ចិញ្ចើមផ្លូវ សម្រាប់ធ្វើ​អាជីវកម្ម​ផងដែរ​។ លោក​រដ្ឋមន្ត្រី​បាន​លើកយក​ករណី​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ផ្សារលើ​ធំថ្មី ដែល​លោក​ថា ឈ្មួញ​បាន​ប្រើប្រាស់​ជា​កន្លែង​ដាក់តាំង​លក់​ម៉ូតូ និង​ធ្វើ​ឲ្យ​បាត់បង់​ច​ញ្ចើ​ម​ផ្លូវ​សម្រាប់អ្នកទេសចរ​។ លោក ថោង ខុន ស្នើ​ឲ្យ​អាជ្ញាធរខេត្ត ត្រូវ​រៀបចំ​ទីតាំង​នោះ​ឲ្យ​បាន​ស្អាត ហើយ​ធ្វើយ៉ាងណា​ឲ្យ​ខេត្ត​និង​ក្រុង​ដទៃ រៀន​យក​គំរូ​តាម​។​

​សូម​ស្តាប់​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី ក្នុង​កិច្ចប្រជុំ​ការងារ​ទេសចរណ៍​ជាមួយ​វិស័យ​ឯកជន កាលពី​ថ្ងៃទី​៩ សីហា នៅ​សាលប្រជុំ​របស់​សាលាខេត្ត​សៀមរាប​ដូចតទៅ

​ទាក់ទង​នឹង​បញ្ហា​រ៉ឺម៉ក​នេះដែរ ក្នុង​របាយការណ៍​រប​ស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូ​វ សេង​កាក់ ធ្លាប់បាន​លើកឡើងថា អ្នករត់​រ៉ឺម៉ក​មួយចំនួន​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត មាន​កាយវិការ និង​ប្រើ​សំដី​មិន​សមរម្យ​ក្នុងការ​ហៅភ្ញៀវ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មានការ​ខឹងសម្បារ​ម្តងៗ​។ លោក​បន្ថែមថា រហូតមកដល់​ពេលនេះ គេ​ពុំទាន់​មាន​ក្រុមការងារ​ដើម្បី​គ្រប់គ្រង​រ៉ឺម៉ក​នេះ​ទេ​។

​យោងតាម​របាយការណ៍​ប៉ាន់ស្មាន​របស់​ស្នងការ​ខេត្តសៀមរាប​លោក ស៊​ត ណា​ឌី ដែល​ធ្លាប់បាន​និយាយ​ក្នុង​កិច្ចប្រជុំ​នាពេល​កន្លងមក គឺមាន​រ៉ឺម៉ក​មិន​ក្រោម​៣០០​គ្រឿង​ទេ ដែល​ចល័ត​ដឹក​ភ្ញៀវ​រៀងរាល់​យប់​ក្នុង​តំបន់​ផ្សារ​ចាស់ ឫ​ផាប់​ស្ទ្រី​ត​។ លោក​ថា កំណើន​រ៉ឺម៉ក​ទាំងនោះ បានធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់​៕