គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា ស្លាប់​ម្នាក់​របួសធ្ងន់​៣​នាក់

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត និង​មនុស្ស​៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៦  ដោយឡែក​ពី​គ្នា នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវលំ​ភូមិ​សំរោង ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ចំណុច​មុខ​តូប​ជួសជុល​ម៉ូតូ​ឈ្មោះ កឿ​យ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ដោយ​ម៉ូតូ​បើក​ទៅ​បុក​គោ​យន្ត​កន្ត្រៃ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​។

ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ឈ្មោះ​ហៃ ខ្វេ​ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ចំណែក​អ្នក​បើក​គោ​យន្ត​កន្ត្រៃ​ឈ្មោះ ឈួ​ន សៀង ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅ​ភូមិ​និគម​ន៍​ក្រៅ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ប្រភព​ដដែល​បា​នប​ព្ជា​ក់ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​គោ​យន្ត​កន្ត្រៃ​បាន​បើក​ពី​ទិស​ខាងជើង​ទៅ​ខាងត្បូង ពេល​មក​ដល់​ចំណុច​កើតហេតុ មាន​ម៉ូតូ​១​គ្រឿង​បាន​បើក​បញ្ច្រាសទិស​គ្នា​ពី​ទិស​ខាងត្បូង​ទៅ​ខាងជើង ដោយ​អ្នក​បើក​ម៉ូតូ​ស្រវឹងស្រា​បាន​រេ​ចង្កូត​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ   រយះ​សាច់​ភ្លៅ​ខាងស្តាំ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មង្គល​បូ​រី ចំណែក​ម៉ូតូ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​។

មួយ​ករណី​ផ្សេង​ទៀត នៅ​វេលា​ម៉ោង​៨​និង​៣៨​នាទី​យប់ ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​បង្គោល​ភ្លើង​លេខ​០៣៧៤-០៣៧៥ មុខ​សាលា​បឋម​សិក្សា​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​កៀរ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល និង​មនុស្ស​ម្នាក់​បាន​ខ្ទាត​ទៅ​លើ​ទ្រូងផ្លូវ​ត្រូវ​រថយន្ត​កិន​ពីលើ​ស្លាប់​។

តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា ដំបូង​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ធុន​សេ​១០០​ស៊េរី​ចាស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ស៊ុត  ណា​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ឌុ​ប​ឈ្មោះ ជាតិ វ៉ា​ន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា បើក​ពី​ទិស​ខាង​លិចទៅ​កើត ពេល​មក​ដល់​ចំណុច​កើតហេតុ មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ​1M-1951 បើកបរ​ដោយ​ឈ្មោះ សំ ប៊ុ​ន​វិបុល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ស្រេះ​កើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើក​ស្រប​ទិស​គ្នា បាន​វ៉ា​ជែង​ម៉ូតូ​ខាង​មុខ ទាក់​ដៃចង្កូត​ដួល​ម៉ូតូ​ទាំង​២​គ្រឿង.

ពេល​ឈ្មោះ សំ​ប៊ុ​ន វិបុល បាន​ខ្ទាត​ទៅ​លើ​គន្លង​ផ្លូវ​រថយន្ត ក៏​ត្រូវ​រថយន្ត​១​គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ​(​បើក​រត់គេច​ខ្លួន​) បាន​កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​ជិះ​ម៉ូតូ​ស៊េរី​ចាស់ បាន​រង​របួសធ្ងន់​ទាំង​២​នាក់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ព្រះនេត្រព្រះ​។ ចំពោះ​វត្ថុ​តាង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២​ករណី​នេះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​៕